អានតួអត្ថបទ
កម្ពុជា

ការបោះឆ្នោត​ឆ្នាំ​២០១៨ នឹង​ក្លាយ​ជា​ការ​ប្រជែង​គ្នា​ដ៏​ស្រួចស្រាល់​រវាង​គណបក្ស​ធំ​ៗ​ពីរ​នៅ​កម្ពុជា

ក្លឹប​អ្នកកាសែត​កម្ពុជា នៅ​ព្រឹក​មិញ​នេះ បាន​បើក​កិច្ច​ពិភាក្សា​ដ៏​កម្រ​មួយ ស្តី​ពី “អនាគត​នយោបាយ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការបោះ​ឆ្នោត”។ នៅ​ក្នុង​កិច្ច​ពិភាក្សា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគា​មួយ​ក្នុង​ក្រុង​ភ្នំពេញ ក្រុម​អ្នក​កាសែត​ជើង​ចាស់​នៅ​កម្ពុជា បាន​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ នឹង​ក្លាយ​ជា​ការ​ប្រជែង​គ្នា​ដ៏​ស្រួច​ស្រាល់​រវាង​គណបក្ស​នយោបាយ​ធំ​ពីរ​នៅ​កម្ពុជា គឺ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​គណបក្ស​សង្រ្គោះ​ជាតិ។

ក្លឹប​អ្នក​កាសែត​កម្ពុជា​ នៅព្រឹកថ្ងៃទី២២ ខែមេសា​នេះ ​បាន​បើក​កិច្ច​ពិភាក្សា​​ដ៏​កម្រ​មួយ ​ស្តី​ពី​ “អនាគត​នយោបាយ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត”។​
ក្លឹប​អ្នក​កាសែត​កម្ពុជា​ នៅព្រឹកថ្ងៃទី២២ ខែមេសា​នេះ ​បាន​បើក​កិច្ច​ពិភាក្សា​​ដ៏​កម្រ​មួយ ​ស្តី​ពី​ “អនាគត​នយោបាយ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត”។​ សហការី
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ស្ថិត​នៅ​ក្នុង​ក្រសែភ្នែក​របស់​អ្នកកាសែត​ជើង​ចាស់​នៅ​កម្ពុជា​នា​ពេល​នេះ គឺ​កម្តៅ​នយោបាយ​នៅ​កម្ពុជា​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់។ មាន​ការ​កត់​សម្គាល់​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មាន​ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់។ ជា​ការ​ពិត កម្តៅ​នយោបាយ​នេះ នឹង​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​អ្នក​កាសែត។ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​លោក​ ប៉ែន បូណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា។ លោក ប៉ែន បូណា បាន​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​ពេល​នេះ យើង​មិន​អាច​ទស្សន៍ទាយ​ពី​អនាគត​នយោបាយ​កម្ពុជា​នឹង​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ តែ​សម្រាប់​អ្នក​កាសែត ថា​តើ ត្រូវ​ធ្វើ​សេចក្តី​រាយការណ៍​បែប​ណា ក្នុង​កាលៈទេសៈ​បែប​នោះ។

ចំណែក​លោក ពុយ គា អគ្គលេខា​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​កត់​សម្គាល់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ នឹង​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​គ្នា​ដ៏​ស្រួចស្រាល់​រវាង​គណបក្ស​នយោបាយ​ធំ​ៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ។ នោះ​បើ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣ ដែល​គេ​ដឹងជា​ទូទៅ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​អាសនៈ​ដល់​ទៅ​២២​កៅអី​ទៅ​ឲ្យ​គណបក្ស​ប្រឆាំង។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​បន្ថែម​របស់​អ្នក​រាយការណ៍​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ​នេះ​ ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ក៏​ទំនង​ជា​ការ​បោះឆ្នោត​ចុង​ក្រោយ​នៃ​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ផង​ដែរ នោះ​បើ​គេ​ផ្អែក​លើ​អាយុ និង​ប្រជាប្រិយភាព​របស់​លោក​សម រង្ស៊ី។ បើ​តាម​ការ​កត់​សម្គាល់​របស់​លោក ពុយ គា គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ហាក់​កំពុង​ចាញ់​ប្រៀប​ខ្លាំង បើ​ធៀប​នឹង​គណបក្ស​កាន់​អំណាច ហើយ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ក៏​កំពុង​សំងំ​ស្ងៀម ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ឆេះ​ម៉ាស៊ីន​របស់​ខ្លួន​តាំង​ពី​ដើម​ទី​មក​ម្ល៉េះ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ទឹក​ល្អក់​គេ​នៅ​មិន​ទាន់​មើល​ឃើញ​ត្រី​ច្បាស់​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ពេល​នេះ កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​នៅ​មិន​ទាន់​មាន​ការ​កំណត់​ច្បាស់លាស់​នៅ​ឡើយ​ទេ ពោល​គឺ​គេគ្រាន់​តែ​ដឹង​ថា ការ​បោះឆ្នោត​ឃុំ​សង្កាត់​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​មិថុនា​ឆ្នាំ​២០១៧ ហើយ​ការ​បោះឆ្នោត​ជាតិ​នឹង​ធ្វើ​ឡើង​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨។

សូម​បញ្ជាក់​ដែរ​ថា កិច្ច​ពិភាក្សា​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគា​ស៊ាន់វេ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​អនាគត​នយោបាយ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ​អាឡឺម៉ង់ Konrad Adenauer។ កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​នេះ ក៏​បាន​លើក​ឡើង​ពី​កម្លាំង​ចលករ​របស់​យុវជន​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ