អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ធ្វើ​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ ​នៅ​​សប្ដាហ៍​ទី​៣ខែ​មីនា​ ដោយ​មិន​មាន​វត្តមាន​លោក​ សម រង្ស៊ី​

គណបក្ស​សង្រ្គោះជាតិ ​នឹង​ធ្វើ​សន្និបាត​គណបក្ស ​នៅ​ក្នុង​សប្តាហ៍​ទី៣​នៃ​ខែ​មីនា ​ឆ្នាំ​២០១៦​ខាង​មុខនេះ ​ដើម្បី​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ចំនួន​ ពិសេស​ពង្រាង​ផែនការ​សកម្មភាព​របស់​​គណបក្ស​សម្រាប់​ឆ្នាំ​២០១៦​ និង​គោល​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​នៅ​ឆ្នាំ​២០១៧។​ សន្និបាត​របស់​គណបក្ស​សង្រ្គោះជាតិ​២​ឆ្នាំ​ម្តង​នេះ ​នឹង​មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ ​ប្រមាណ​៣​ពាន់​នាក់​ចូលរួម។

គណបក្សសង្រ្គោះជាតិ ធ្វើសន្និបាតនៅថ្ងៃ ទី ២៧ កក្កដា ឆ្នាំ ២០១៤។
គណបក្សសង្រ្គោះជាតិ ធ្វើសន្និបាតនៅថ្ងៃ ទី ២៧ កក្កដា ឆ្នាំ ២០១៤។ RFI
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​នេះ ​បាន​ធ្វើ​ឡើង ​ក្រោយ​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្រ្តៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ ​នៅ​ព្រឹក​ថ្ងៃទី​៣០​ធ្នូ​ឆ្នាំ២០១៥ ​ក្រោម​ការ​ចូលរួម​របស់​លោក ​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ។ ​កិច្ច​ប្រជុំ​បាន​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការ​គណបក្ស ​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ក្រុង​ភ្នំពេញ។​

លោក​ កឹម សុខា​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គមហ្វេសបុក​របស់​លោក​នៅក្រោយ​កិច្ច​ប្រជុំ​នេះ​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​សម្រេច​ថា ​នឹង​ធ្វើ​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​ នៅ​សប្ដាហ៍​ទី​៣​នៃ​ខែមីនា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ ​ដើម្បី​អនុម័ត​ទៅ​លើ​សេចក្តី​សម្រេច​មួយ​ចំនួន ​ពិសេស​ពង្រាង​ផែនការ​សកម្មភាព​របស់​គណបក្ស​សម្រាប់​ឆ្នាំ​២០១៦​ និង​ការ​កំណត់​គោល​នយោបាយ​ថ្មី​សម្រាប់​ការ​ចូល​រួម​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​។ ​

មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​បាន​ថ្លែង​ថា ​សន្និបាត​គណបក្ស​សង្រ្គោះជាតិ​ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​រាល់​២​ឆ្នាំ​ម្តង​នេះ ​នឹង​មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រមាណ​៣​ពាន់​នាក់​ចូលរួម ​រាប់​ចាប់​តាំង​ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​សមាជិក​ក្រុម​ប្រឹក្សា​និង​ប្រតិបត្តិ​ស្រុក ​និង​ខេត្ត ​ផង​ដែរ​។

សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ចុង​ខែមិនា​ឆ្នាំ​ក្រោយ​នេះ ​មាន​ន័យ​ថា ​នឹង​ធ្វើ​ឡើង​ដោយ​មិន​មាន​វត្តមាន​របស់​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​នោះទេ​ ព្រោះ​ថា ​លោក ​សម រង្ស៊ី ​បច្ចុប្បន្ន​ដែល​កំពុង​ប្រឈម​នឹង​ដីការ​ចាប់ខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ ​ក្នុង​បណ្តឹង​បរិហាកេរ្តិ៍​លោក​ឧបនាយករដ្ឋមន្រ្តី​ ហោ ណាំហុង​ និង​ដីការ​កោះ​ហៅ​ចំនួន​ពីរ​ទៀត​នោះ ​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ ចាប់​តាំង​ពី​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​មក​ម្លេះ។ ​ប៉ុន្តែ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បញ្ជាក់ថា​ លោក សម រង្ស៊ី ​ទំនង​ជា​អាច​ថ្លែង​បើក​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិនេះ ​តាម​រយៈវីដេអូ​ខនហ្វឺរ៉ែន ​(Video Conference) ​ដូច​ដែល​លោក ​សម រង្ស៊ី ​ធ្លាប់​បាន​ធ្វើ ​នៅ​ក្នុង​អំឡុង​ពេល​លោក​អវត្តមាន​ពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១២​។

គួរកត់​សំគាល់ដែ​រ​ថា ​សន្និបាត​គណបក្ស​សង្រ្គោះ​ជាតិ ​នឹង​ធ្វើឡើង​ ក្រោយ​ពី​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​កាន់​អំណាច។ ​គណបក្សប្រជាជនកម្ពុជា ដែល​កំពុងកាន់អំណាច​បាន​ប្រកាស​ថា ​នឹង​ធ្វើមហាសន្និបាត​វិសាមញ្ញបក្ស​ទូទាំង​ប្រទេស​នៅក្រោយ​ថ្ងៃទី​៧ ​មករា​ ឆ្នាំ ២០១៦ ​ខាងមុខនេះ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ