អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​សង្រ្គោះ​ជាតិ​បន្ត​រំលឹក​ព្រឹត្តិការណ៍​ថ្ងៃ ៥-៦ កក្កដា ១៩៩៧ ដើម្បី​កុំ​ឲ្យ​កម្ពុជា​ជាន់​ដាន​ចាស់

គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង គ្រោង​រៀប​ចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី ៥-៦ ​កក្កដា ឆ្នាំ​១៩៩៧​នៅ​ថ្ងៃ​ស្អែក​នេះ។ គឺ​ជា​ព្រឹត្តិការណ៍​បាញ់​ប្រហារ​គ្នា​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ រវាង​កម្លាំង​យោធា​ដែល​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង កង​កម្លាំង​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ព្រឹត្តិការណ៍​មួយ​ចំអិន​កំពិស​នេះ បាន​បណ្តាល​ឲ្យ​យោធា​និង​ឧត្តមសេនីយ៍​ហ្វ៊ុនស៊ិនប៉ិច​ជាង​៦០​នាក់​បាន​ពលី​ជីវិត។

ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦​កក្កដា​ឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​បាញ់​ប្រហារ​គ្នា​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ
ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦​កក្កដា​ឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​បាញ់​ប្រហារ​គ្នា​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦​កក្កដា​ឆ្នាំ​១៩៩៧ នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​អ្នក​នយោបាយ​ជា​ទូទៅ។ ប៉ុន្តែ​អត្ថន័យ​នៃ​ព្រឹត្តិការណ៍​ខាង​លើ​នេះ នៅ​តែ​មាន​ការ​បកស្រាយ​ខុសៗ​គ្នា​ដដែល។ អ្នក​ខ្លះ​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា គឺ​ជា​អំពើ​រដ្ឋ​ប្រហារ​យោធា ដើម្បី​ដណ្តើម​អំណាច​គ្នា​រវាង​នាយក​រដ្ឋមន្រ្តី​ទី​១​សម្តេច​ក្រុម​ព្រះ នរោត្តម រណឬទ្ធិ និង​នាយក​រដ្ឋមន្រ្តី​ទី​២​លោក ហ៊ុន សែន។ ប៉ុន្តែ​អ្នក​ខ្លះ​បាន​ត្រឹម​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ថា គឺ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​តែ​ប៉ុណ្ណោះ។

លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង និង​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ថា ការ​ពិត គឺ​ជា​ការ​បង្ហូរ​ឈាម​គ្នា ដើម្បី​អំណាច។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ នៅ​ថ្ងៃ​នេះ បាន​បន្ត​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​ ៥-៦ កក្កដា ឆ្នាំ​១៩៩៧ គឺ​ជា​អំពើ​រដ្ឋ​ប្រហារ។ លោក​ឧត្តមសេនីយ៍​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នោះ​ថា​ គឺ​ជា​ការ​បង្រ្កាប​ចលនា​បះបោរ ដែល​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឬទ្ធិ បាន​ទិញ​អាវុធ​ទំនើប ហើយ​នាំ​កង​កម្លាំង​ខ្មែរ​ក្រហម​ចូល​មក​រាជធានី​ភ្នំពេញ​ដោយ​ខុស​ច្បាប់ ដើម្បី​បង្ក​សង្រ្គាម​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​នាយ​ឧត្តមសេនីយ៍​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក Fresh News នៅ​ថ្ងៃ​នេះ​ដោយ​ចាត់​ទុក​ការ​នាំ​ទាហាន​ខ្មែរ​ក្រហម​ចូល​ទី​ក្រុង​ភ្នំពេញ​កាល​ណោះ ថា​ជា​ទង្វើ​មួយ​ដែល​មិន​អាច​អត់​ឳន​ឲ្យ​បាន​ឡើយ ហើយ​កម្លាំង​ទ័ព​ដែល​ស្មោះ​ត្រង់​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​តែ​ចេញ​អន្តរគមន៍​ដោះ​ស្រាយ​ឲ្យ​ទាន់​ពេល​វេលា។

គួរ​ជំរាប​ជូន​ថា ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​ ៥-៦ កក្កដា ឆ្នាំ​១៩៩៧ រវាង​កង​កម្លាំង​គាំទ្រ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​កង​កម្លាំង​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឬទ្ធិ កាល​ណោះ បាន​បណ្តាល​ឲ្យ​ឧត្តមសេនីយ៍​យោធា និង​កង​យោធា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាង​៦០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ក្នុង​នោះ​ក៏​មាន លោក​ឧត្តមសេនីយ៍ ហូ សុខ, ក្រូច យឿម, ជា ឫទ្ធី​ឈុត, លោក​ឧត្តមសេនីយ៏ លី សេងហុង និង​លោក​ឧត្តមសេនីយ៏ ចៅ សម្បត្តិ ជា​ដើម។

នៅ​ថ្ងៃ​ទី​៦​កក្កដា​ស្អែក​នេះ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប្រកាស​ថា ខ្លួន​នឹង​រៀប​ចំ​ប្រារព្ធ​ពិធី​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​បាត់​បង់​ជីវិត​ដែល​ត្រូវ​នឹង​ខួប​លើក​ទី​២០ នៅ​ឯ​ទី​ស្នាក់ការ​របស់​ខ្លួន ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ក្រុង​ភ្នំពេញ ចាប់​ពី​វេលា​ម៉ោង​៨​ព្រឹក​ត​ទៅ។

បើ​តាម​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​នេះ​បាន​អះអាង​ថា គណបក្ស​ប្រឆាំង​តែង​តែ​ប្រារព្ធ​ពិធី​នេះ​តាំង​ពី​ឆ្នាំ​១៩៩៨​មក ដើម្បី​ជា​ការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​បាត់​បង់​ជីវិត និង​ដើម្បី​រំលឹក​ដល់​អ្នក​នយោបាយ​ខ្មែរ​ទាំង​អស់ កុំ​ឲ្យ​នាំ​ប្រទេស​កម្ពុជា ធ្លាក់​ទៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​ ៥-៦ កក្កដា ១៩៩៧ បន្ត​ទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ