អានតួអត្ថបទ
កម្ពុជា

បក្ស​សង្រ្គោះ​ជាតិ នឹង​ចូល​រួម​ប្រជុំ​សភា​វិញ

ផ្ទុយ​ពី ជំហរ​របស់ ប្រធាន​គណបក្ស​ប្រឆាំង​លោក ​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា ដែល​បានប្រកាស​ថា លោក​រក្សា​ជំហរ​ធ្វើ​ពហិការ​មិន​ចូល​សភា​ ទោះ​បី​សភា​មាន​ផែន​ការណ៍​អ្វី​ក៏​ដោយ។ នៅ​ថ្ងៃអង្គារ​នេះ ប្រធាន​គណៈ​កម្មការ​ទី​បី នៃ​រដ្ឋ​សភា លោក ប៉ុល ហំម បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក នឹង​ចូលរួម​កិច្ច​ប្រជុំ គណៈ​កម្មាធិការ​អចិន្រ្តៃយ៍ នៃ​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ២០១៦ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋបាល​សភា​។​

តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណៈ​កម្មការ​ទី​បី ​នៃ​រដ្ឋ​សភា​ (គណៈ​កម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក) ​លោក ​ប៉ុល ហំម បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​អង្គារ​នេះ​ (ថ្ងៃទី២៧ កញ្ញា) ថា លោក​នឹង​ចូល​រួម​ កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍ នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ លោក​បន្ថែម​ថា ការ​ត្រឡប់​មក​ពី​ខេត្ត ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ធម្មតា​នេះ គឺ​តប​តាមការ​អញ្ជើញ​របស់ គណៈ​កម្មាធិការ​អចិន្រ្តៃយ៍ នៃ​រដ្ឋ​សភា។

លោក ឡេង ប៉េង​ឡុង អគ្គ​លេខា​ធិការ និង​ជា អ្នក​នាំ​ពាក្យ​នៃ​រដ្ឋ​សភា បាន​បញ្ជាក់​ថា សមាជិក​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍ ទាំង ៥ រូប របស់ បក្ស​សង្រ្គោះជាតិ បាន​បញ្ជាក់​ប្រាប់ មន្រ្តី​រដ្ឋបាល តាម​ខ្សែទូរស័ព្ទ បន្ទាប់​ពី​ទទួល​បាន​លិខិត​អញ្ជើញ​តាម​បែបបទ​រដ្ឋបាល​ថា នឹង​ចូលរួម​ប្រជុំ​ទាំងអស់​គ្នា​។ បើតាម អ្នក​នាំ​ពាក្យ​នៃ​រដ្ឋ​សភា រូប​នេះ កិច្ច​ប្រជុំ​នឹង​ថ្ងៃ​ពុធ នឹង ផ្តោត​លើ​ការ​ដាក់​របៀប​វារៈ​ជាក់​លាក់​សម្រាប់​ គណៈ​កម្មាធិការ​អចិន្រ្តៃយ៍ រៀបចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​មួយ​ទៀត មុន​នឹង​ឈាន​ដល់ ថ្ងៃ​កំណត់បើក​បវេសន​កាល នៃ​រដ្ឋ​សភា​។

គួរ​ជម្រាប ថា លោក ​សម រង្ស៊ី បាន​ប្រាប់ កាសែត​ខេមបូឌា​ដេលី កាល​ពី ​ថ្ងៃ​ទី​២២ កញ្ញា ថា លោក​រក្សា​ជំហរ​ធ្វើ​ពហិការ​មិន​ចូល​សភា​ ទោះ​បីជា សភា​មាន​ផែនការណ៍​អ្វី​ក៏​ដោយ។ ការ​ត្រឡប់​មក​កាន់​រដ្ឋ​សភា​របស់​បក្ស​សង្រ្គោះ​ជាតិ គឺ​នៅ​ពេល​ស្ថានការណ៍​នយោបាយ​ត្រឡប់ ​ទៅ​រក​សភាព​ធម្មតា​វិញ​។ ចំណែក​លោក ​សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​ថ្លែង ​ក្នុង​វេទិកា​នយោបាយ​មួយ កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ​ ថា ​ពី​ដើម​សង្រ្គោះ​ជាតិ​មិន​ដែល​ប្រកាស​ពហិការ​អ្វី​ទេ ! សង្រ្គោះ​ជាតិ ​គ្រាន់​តែ​បាន​ បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ​របស់​គណបក្ស​ថា ​មិន​អាច​ទៅ​បំពេញ​ការងារ​ពេញ​លេញ​នៅ​រដ្ឋ​សភា​ប៉ុណ្ណោះ​។ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ មិន​បាន​ចូល​ប្រជុំ​សភា​ពេញ​អង្គ រយៈពេល​ជាង ៤​ខែ មក​ហើយ ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ២០១៦ បន្ទាប់​ពី​តុលាការ​មាន​ចំណាត់​ការ លើ​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ ជុំវិញ​ករណី​មិន​ចូល​ខ្លួន ធ្វើ​ជា​សាក្សី នៅ​តុលាការ ទាំង​មាន​អភ័យ​ឯក​សិទ្ធិ​រដ្ឋសភា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ