អានតួអត្ថបទ
កម្ពុជា

ប៉ុស្តិ៍ «ព្រះ​អាទិត្យ​» ត្រូវ​ការ​ទុន​វិនិយោគជិត​៤​លាន​ដុល្លារ

ស្ថានីយ៍​ទូរទស្សន៍​ថ្មី​ ដែល​មាន​សមានចិត្ត​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ដែល​អាច​មាន​ឈ្មោះ​ថា​ ប៉ុស្តិ៍ទូរទស្សន៍​ព្រះអាទិត្យ​ នឹង​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​។ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ព្រឹក​នេះ​ថា​ ប៉ុស្តិ៍​ទូរទស្សន៍​ព្រះ​អាទិត្យ​នេះ ​ត្រូវ​ការ​ទុន​វិនិយោគ​ជិត​៤​លាន​ដុល្លារ​។ ប្រាក់​ជិត​៤​លាន​ដុល្លារ ដែល​នឹង​បាន​មក​ពី​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។

ទូរទស្សន៍​«ព្រះអាទិត្យ​» ដែល​ជារូបថតក្នុង​ហ្វេសបុកលោក សម រង្ស៊ី
ទូរទស្សន៍​«ព្រះអាទិត្យ​» ដែល​ជារូបថតក្នុង​ហ្វេសបុកលោក សម រង្ស៊ី រូបថត៖ហ្វេសបុកលោក សម រង្ស៊ី
ផ្សាយពាណិជ្ជកម្ម

ប៉ុស្តិ៍​ទូរទស្សន៍​ដែល​អាច​មាន​ឈ្មោះ​ថា​ ព្រះ​អាទិត្យ​ កំពុង​តែ​ស្វែង​រក​ការ​វិនិយោគ​ ទាំង​ផ្នែក​បច្ចេកទេស​ និង​ផ្នែក​ហិរញ្ញវត្ថុ​។ ដោយ​ក្នុង​នោះ​ ដើម្បី​ចាប់​ផ្ដើម​ ប៉ុស្តិ៍​ព្រះអាទិត្យ​នេះ​ ត្រូវ​ការ​ទុន​វិនិយោគ​ជិត​៤​លាន​ដុល្លារ​ ដែល​ជា​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ យ៉ែម បុញ្ញាឫទ្ធិ​ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ចន្ទ ទី​២០​ ខែ​មេសា​នេះ។ ​បើ​តាម​មន្ដ្រី​ជាន់​ខ្ពស់​រូប​នេះ ស្ថានីយ៍​ទូរទស្សន៍​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ទស្សនៈ​ឯករាជ្យ​ ត្រូវ​បាន​កំណត់​ជា​គោលការណ៍​ ឲ្យ​ដំណើរ​ការ​​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៥​នេះ​តែ​ម្ដង​។

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មេសា បាន​លើក​ឡើង​តាម​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ស្ថានីយ៍​ទូរទស្សន៍​ថ្មី​នេះ គឺ​ជា​លទ្ធផល​មួយ​ទៀត​នៃ​វប្បធម៌​សន្ទនា បន្ទាប់ពី​ការ​បង្កើត គជប ថ្មី​មួយ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន និង​បន្ទាប់​ពី​ការ​ដោះ​លែង​ពី​ពន្ធនាគារ​នូវ​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដី​ធ្លី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​។ 

ស្ថានីយ៍​ទូរទស្សន៍​ថ្មីនេះ ​ថ្វី​ត្បិត​តែ​មាន​សមានចិត្ត​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ ក៏​លោក​យ៉ែម បុញ្ញាឫទ្ធិ គូស​បញ្ជាក់​ច្បាស់​ៗ​ថា កម្មវិធី​ផ្សាយ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ នឹង​ដើរ​តួ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​សង្គម និង​ការ​អប់រំ​ល្អ​ៗ​​។ ជាង​នេះ​​ទៅ​ទៀត បើ​តាម​លោក យ៉ែម បុញ្ញាឫទ្ធិ កម្មវិធី​ផ្សាយ​នៅ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ នឹង​គោរព​ឲ្យ​ខាង​តែ​បាន​នូវ​ក្រម​សីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​។ 

សូម​រំលឹក​ថា ក្រសួង​ព័ត៌មាន​បានសម្រេច​កាល​ពីថ្ងៃ​ទី២៧​ខែវិច្ឆិកា​ ឆ្នាំ២០១៤​ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ​Cambodian​ Independent​ Media Co, Ltd ​ដំណើរការ​ស្ថានីយទូរទស្សន៍​តាម​ប្រព័ន្ធ​ Analog ​នៅ​រាជធានី​ភ្នំពេញ​ ដែលមាន​កំលាំង​ផ្សាយ ​១០​ គីឡូវ៉ាត់ ​កម្ពស់​បង្គោល​អង់តែន ​១២០ម៉ែត្រ ​ដោយ​​ប្រើ Channel UHF-E41​ និង​ស្ថានីយទូរទស្សន៍​ប្រព័ន្ធ​ Analog ​ផ្សាយ​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​ដែលមាន​កម្លាំង​ផ្សាយ​ ១គីឡូវ៉ាត់​ កម្ពស់​បង្គោល​​អង់តែន​ ១០០ម៉ែត្រ​និង​ប្រើ​ Channel​ ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ