អានតួអត្ថបទ
កម្ពុជា

គណបក្សសង្គ្រោះ​ជាតិ​នឹង​បួង​សួង​នៅ​ខេត្តពោធិ៍សាត់​បន្តទៀត​!

នៅព្រឹក​ថ្ងៃអាទិត្យ​​នេះ គណបក្ស​សង្គ្រោះជាតិ បាន​​រៀប​ចំពិធី​បួង​សួង​បែប​​សាសនា​​ នៅ​បរិវេណ​ខាង​មុខ​ប្រាសាទ​អង្គរ​វត្ត ដូច​​តាម​​ការ​​គ្រោង​​ទុក​​របស់​​ខ្លួន។ មន្ត្រីជាន់​​ខ្ពស់​​បក្ស​​ប្រឆាំង ​លោក​ សុន ឆ័យ ប្រាប់វិទ្យុ​​បារាំង​ថា គណបក្ស​​របស់​លោក​​នឹងទៅ​បួង​សួង​​បន្ថែម​​ទៀត​ នៅខេត្ត​​ពោធិ៍​សាត់ ក្នុង​​ពេល​ដ៏ខ្លី​​ខាង​​មុខ​​នេះ។​ ជាការ​​កត់​​សម្គាល់ មុ​ន​នឹង​​រៀប​ចំ​​​ការ​​ជួប​​ជុំនេះ គឺមាន​​ការ​លើក​ឡើង​​​តឹង​​សរសៃ-​ក​​តែ​​រៀង​ៗ​ខ្លួន​​ជុំវិញ​​ការ​​សុំ​ក្តីអនុញ្ញាត​​រៀប​​ចំ​​ពិធី​​ពី​​សំណាក់​​អា​ជ្ញាធរ​​ជាតិ​​អប្សរា។​ ប៉ុន្តែ​​សម្រេច​​សម្រួល​ទៅ ពិធី​​បាន​​រៀប​ចំ​​ឡើង​​ដោយ​​រលូន​ គ្មាន​​ការ​​ប៉ះ​ទង្គិច​​អ្វីឡើយ។​​

ពិធីបួងសួងបែបសាសនារបស់គណបក្សសង្គ្រោះជាតិ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត
ពិធីបួងសួងបែបសាសនារបស់គណបក្សសង្គ្រោះជាតិ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត @Sam-Rainsy-facebookpage
ផ្សាយពាណិជ្ជកម្ម

 

ទី​បំផុត​ទៅ សមា​ជិក​បក្ស​ប្រឆាំងធំ​ជាង​គេ​នៅកម្ពុជា​​ បាន​ប្រមូល​អ្នក​គាំទ្រ​គ្នា​ប្រហែល​ជាង​៤,​ ​៥រយនាក់ នៅ​ខេត្ត​សៀម​រាប ដើម្បី​ធ្វើ​ពិធី​សាសនា​បួង​សួង​ សុំ​ក្តីចម្រុង​ចម្រើន សុខ​សន្តិ​ភាព សុំ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ​ រក្សា​ការ​ពារបូរណភាព​ទឹក​ដី និង​ការពារ​ប្រជាធិបតេយ្យ​​សេរី​ពហុ​បក្ស​។

លើស​ពីនេះ ពួក​គេ​ក៏​បាន​​បួង​សួង​សុំ​ឲ្យ​​មាន​ការ​ផ្សះផ្សាជាតិ, សុំ​បញ្ចប់​ការ​ធ្វើ​ទុក្ខបុកម្និញ​លើ កឹម សុខា, ព្រម​ទាំង​សុំ​ឲ្យ​មានការ​ដោះលែង​សកម្មជន អ្នក​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធ​សភា​​ដែល​កំពុង​ជាប់​ពន្ធនាគារ។ នេះបើ​តាម​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិ​ លោក សុន ឆ័យ​។ ​តាមមន្ត្រីជាន់​ខ្ពស់​បក្ស​ប្រឆាំងរូបនេះ នៅ​ពេល​ដែល​មិន​អាច​ដោះ​ស្រាយ​តាមយន្តការ​​ស្ថាប័ន​ជាតិ ហើយ​នៅពេល​ដែល​គេ​ទាល់​មែន​ទែន ឬ​អស់​សង្ឃឹម ឬ​ក៏​គ្មាន​មធ្យោបាយ​ផ្សេង​យ៉ាងណា​នោះ គេ​​អាច​​​ទៅ​រក​ការ​បួង​បួង​ ក៏​អាច​ជា​ការ​សក្តិសិទ្ធ​មួយ​បែប​ដែរ ហើយ​នេះ​ក៏​ជា​ប្រពៃណី​ទំនៀ​មទម្លាប់​ខ្មែរ​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ ទើប​លោក សុន ឆ័យ ប្រាប់​ថា នឹង​ជជែក​​គ្នា​ក្នុង​គណអចិន្ត្រៃយ៍​របស់​គណបក្ស ដើម្បី​សម្រេច​កំណត់​​ពេល​ទៅ​បួងសួង​​អ្នក​តាឃ្លាំង​មឿង​ ​ នៅខេត្ត​ពោធិ៍​សាត់ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ជា​បន្ត​ទៀត​។​

ការ​ប្រមូល​ផ្តុំ​រៀប​ពិធីនៅ​ថ្ងៃ​សីល​ពេញ​បរណី​​ ១៥កើត​នេះ បា​ន​ចាប់​ផ្តើម ជា​ដំបូង​​នៅ​ទី​សក្ការៈ​ព្រះ​អង្គ​ចេក​ព្រះអង្គ​ចម នាពេល​ប្រហែល​ម៉ោង​៨កន្លះ​ព្រឹក រួច​មក ពួក​គេ​​​ទៅ​ជួប​ជុំ​គ្នា​ ធ្វើ​ពិធី​​បន្ត ប្រហែល​ជា​១ម៉ោង​​ទៀត ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត  ដោយ​មាន​ការ​ហែហមអម​ដំណើរ​​ដោយ​​សកម្មជន ក្រុម​ដឹកនាំបក្ស​ និង​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្តមួយ​ចំនួន ដូច​ជាខេត្ត​បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ ព្រះវិហារ សៀមរាប និង​ ឧត្ដរមានជ័យ​។​

សូម​រម្លឹក​ដែរថា មុន​នឹង​សម្រេច​ធ្វើ​ការ​ប្រមូល​ផ្តុំ​រៀប​ពិធីនេះ​ គណបក្សសង្គ្រោះជាតិ បាន​បញ្ជាក់ម្តង​ជា​ពីរ​ដង​ហើយ​ថា ការជួបជុំធ្វើពិធីសាសនារបស់​ខ្លួន​ គឺមិនមែន​ជា​ការ​ប្រមូល​ផ្តុំធ្វើបាតុកម្មអ្វី​នោះឡើយ។ ទោះបី​ជាអះអាង​ដូច្នេះ​ក្តី អាជ្ញាធរ​ជាតិ​អប្សរា​ នៅតែ​ទាមទារ​ស្នើ​សុំ​ឲ្យ​គណបក្សប្រឆាំង​មួយ​នេះ​ ​ដាក់​លិខិត​សុំ​ការអនុញ្ញាត​ជាមុន​សិន មុននឹង​​រៀបចំ​ពិធី​បួង​សួង​តាមបែប​សាសនាណាមួយ នៅ​បរិវេណសម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​។  ទើបតែ​ជិត​ដល់​​នាទី​ចុង​ក្រោយ​ទើបភាគីអាជ្ញាធរ​ជាតិ​អប្សរា​ បាន​ទទួល​លិខិត​ជូន​ដំណឹង​​របស់​បក្ស​ប្រឆាំង​។​ ហើយពិធី​បែប​សាសនានៅ​ថ្ងៃ១៩មិថុនា ក៏ត្រូវ​បាន​រៀបចំ​ឡើង​ ដោយ​រលូល ​គ្មាន​ការ​ប៉ះ​ទង្គិច​អ្វីឡើយ ខណៈ​ដែល​សមត្ថកិច្ច​ មិន​មាន​ដាក់​ពង្រាយ​ចាំបង្រ្កាប​ទេ គឺគ្រាន់តែ​ចាំ​ជួយ​សម្រួល​ចរាចរណ៍តែប៉ុណ្ណោះ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ