អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​ប្រជាជន​កម្ពុជា៖​ការ​លុប​ចោល​ឬ​មិន​ប្រើ​ប្រាស់​ពាក្យ​ស្លោក​បក្ស​សង្រ្គោះ​ជាតិ គួរ​ធ្វើ​ឡើង​ជា​លាយ​លក្ខណ៍​អក្សរ​ទើប​អាច​ទុក​ចិត្ត​បាន​

ថ្នាក់​ដឹក​នាំ​បក្ស​សង្រ្គោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​មិន​ផ្លាស់​ប្តូរ​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្រ្ត» ឡើយ ក្រោម​ហេតុ​ផល​ថា ពាក្យ​ស្លោក​នេះ​មិន​មែន​ជា គោល​នយោបាយ​បក្ស ហើយ​ថ្នាក់​ដឹក​នាំ​បក្ស​ក៏​មិន​បាន​ប្រើ​ប្រាស់​ទៀត​ដែរ ក្រោយ​បក្ស​ប្រជាជន​កម្ពុជា​គំរាម​ប្តឹង​។ យ៉ាង​ណា​ក៏​ដោយ បក្ស​ប្រជាជន​កម្ពុជា ដែល​យល់​ថា ពាក្យ​ស្លោក​នេះ មាន​ន័យ​ញុះ​ញង់ និង​ប្រមាថ​មេឃុំ ចៅ​សង្កាត់​ ចង់​ឃើញ​បក្ស​ប្រឆាំង​ប្រកាស​ហាម​ប្រើ​ប្រាស់​ជា​លាយ​លក្ខណ៍​អក្សរ ​ទើប​អាច​ទុក​ចិត្ត​បាន ឬ​នឹង​ប្តឹង​ទៅ​តុលាការ​មុន​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់ ខែ​ឧសភា។

ការ​ចុះ​ផ្សព្វ​ផ្សាយ​គោល​ការណ៍ ៥​ចំណុច​របស់​បក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​ស្វាយ​រៀង។
ការ​ចុះ​ផ្សព្វ​ផ្សាយ​គោល​ការណ៍ ៥​ចំណុច​របស់​បក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​ស្វាយ​រៀង។
ផ្សាយពាណិជ្ជកម្ម

អនុប្រធាន​បក្ស​សង្រ្គោះ​ជាតិ លោក​ស្រី មូរ សុខហួរ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃ​អង្គារ​នេះ ជា​ថ្មី​ម្តង​ទៀត​ថា បក្ស​សង្រ្គោះ​ជាតិ គ្មាន​ហេតុផល​គ្រប់​គ្រាន់​ដើម្បី ផ្លាស់​ប្តូរ​ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្រ្ត» តាម​ការ​គំរាម​ប្តឹង​របស់ បក្ស​កាន់​អំណាច​ឡើយ។ ក្រៅ​តែ​ពី​សួរ​រក គោលការណ៍ និង​ច្បាប់​ជាក់​លាក់​ ដែល​បក្ស​ប្រជាជន​កម្ពុជា បង្ខំ​ឲ្យ​ប្តូរ​ពាក្យ​ស្លោក លោក​ស្រី មូរ សុខហួរ ឆ្លៀត​បក​ស្រាយ​ថា ពាក្យ​ស្លោក​នេះ មិន​ពាក់​ព័ន្ធ​នឹង​គោលការណ៍​បក្ស ទាំង ៥ចំណុច​របស់​បក្ស​សង្រ្គោះ​ជាតិ​ទេ ហើយ​អំឡុង​ពេល​ចុះ​ពង្រឹង​ផ្ទៃ​ក្នុង​បក្ស​ក្រោយ​សមាជ​ ក៏​ថ្នាក់​ដឹក​នាំ​បក្ស មិន​បាន​ប្រើ​ពាក្យ​ស្លោក​នេះ​ទៀត​ដែរ។

បើ​យោង​សេចក្តី​សម្រេច ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​ ០២ មីនា គណបក្ស​សង្រ្គោះ​ជាតិ បាន​អនុម័ត​ដោយ សំឡេង​ភាគ​ច្រើន​ដាច់​ខាត (៥០%+១) នៃ​សមាជិក​វត្តមាន ដែល​មាន​សិទ្ធិ​សម្រេច ​គាំទ្រ​គោល​នយោបាយ​អាទិភាព ៥ ចំណុច «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្រ្ត» ដើម្បី (១). ពង្រឹង​សិទ្ធិ​អំណាច​ប្រជាពលរដ្ឋ (២). លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ និង​អភិវឌ្ឍន៍ (៣). សេវា​សាធារណៈ (៤). សន្តិសុខ និង (៥). វិមជ្ឈការ គោលនយោបាយ​ថ្នាក់​ជាតិ​សម្រាប់​ឃុំ​សង្កាត់។

អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​យល់​ថា ទោះ​បី​ជា ថ្នាក់​ដឹក​នាំ បក្ស​ប្រឆាំង បាន​ប្រកាស​ផ្ទាល់​ម៉ាត់​ញយ​ដង​ថា នឹង​មិន​យក​ពាក្យ​ស្លោក​ទៅ​ប្រើ​ប្រាស់​ឃោសនា​បោះ​ឆ្នោត ក៏​មិន​អាច​ជឿ​ជាក់​បាន​ឡើយ​។ បក្ស​កាន់​អំណាច​ចង់​ឃើញ លិខិត​ជា​លាយ​អក្សរ​ជាក់​លាក់​ ដែល​ហាម​ប្រាម​អ្នក​គាំទ្រ​ប្រើ​ប្រាស់​ពាក្យ​ស្លោក​ដ៏​ចម្រូង​ចម្រាស់​នេះ ទើប​អាច​ទុក​ចិត្ត​បាន។ យ៉ាង​ណា​ក៏​ដោយ បក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ប្តឹង​បក្ស​សង្រ្គោះ​ជាតិ ទៅ​កាន់​តុលាការ រឿង​ពាក្យ​ស្លោក​នេះ ឲ្យ​បាន​មុន​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់ ខែ​ឧសភា ប្រសិន​បើ​បក្ស​ប្រឆាំង​មិន​ផ្លាស់​ប្តូរ​ជំហរ។

គួរ​រំលឹក​ថា តាម​ប្រតិទិន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​ ៤ ឆ្នាំ​ ២០១៧ ការ​ឃោសនា​បោះ​ឆ្នោត រយៈ​ពេល ១៤​ថ្ងៃ នឹង​ចាប់​ផ្តើម​រាប់​ពី​ថ្ងៃ​ទី ២០ ឧសភា រហូត​ដល់ ថ្ងៃ​ទី ០២ ខែ​មិថុនា។ អំឡុង​ពេល ស្ថានភាព​នយោបាយ​កំពុង​តែ​តាន​តឹង ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី ២០ កុម្ភៈ បាន​អំពាវនាវ​ឲ្យ ពលរដ្ឋ​ខ្មែរ​ អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដោយ​ប្រើ​សិទ្ធិ​សេរីភាព បោះ​ឆ្នោត​ទៅ​តាម​សតិ​សម្បជញ្ញៈ​របស់​ខ្លួន ដែល​មាន​ទំនុក​ចិត្ត​លើ​បេក្ខជន​ណា​ម្នាក់ ឬ​បក្ស​នយោបាយ​ណា​មួយ។ បើ​តាម​ព្រះរាជ​លិខិត​ព្រះ​មហាក្សត្រ ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ០៤ មិថុនា ២០១៧ គឺ​ជា​ការ​បោះ​ឆ្នោត​ទូទៅ​ជា​សកល ដោយ​សម្ងាត់ តាម​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​ ដូច​នេះ សូម​អ្នក​បោះ​ឆ្នោត​ទាំង​អស់​កុំ​ឲ្យ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ ការ​គម្រាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់​ ឬ​បក្ស​ណា​មួយ​ឲ្យ​សោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ