អានតួអត្ថបទ
កម្ពុជា

ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់៖ បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​បើក​ឆាក​ធំ​ជាង​គេ!

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បាន​ចាប់​ផ្ដើម​ហើយ​នា​ថ្ងៃ​សៅរ៍​នេះ​។ គណបក្ស​នយោបាយ​ចំនួន​១២ ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ សុទ្ធ​តែ​បាន​ចេញ​ឃោសនា​តាម​មធ្យោបាយ​រៀង​ៗ​ខ្លួន​។ ជា​ការ​កត់​សម្គាល់​ក្នុង​ថ្ងៃ​ទី​១​នេះ មាន​តែ​គណបក្ស​២​ប៉ុណ្ណោះ​ដែល​ធ្វើ​សកម្មភាព​ឃោសនា​ហ៊ឹកហ៊ាក់​ជាង​គេ​។ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​គូ​បដិបក្ខ​ទាំង​ពីរ​នេះ សុទ្ធ​តែ​ជ្រើស​យក​រាជធានី​ភ្នំពេញ ជា​ទីតាំង​បើក​ឆាក​ការ​ឃោសនា​ដ៏​ធំ​របស់​ខ្លួន​។

គណបក្ស​សង្រ្គោះ​ជាតិ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​​ឃោសនា​បោះ​ឆ្នោត​
គណបក្ស​សង្រ្គោះ​ជាតិ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​​ឃោសនា​បោះ​ឆ្នោត​ RFI
ផ្សាយពាណិជ្ជកម្ម

ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្សប្រជាជន​កម្ពុជា ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​វត្តមាន​ដ៏​កុះ​ករ​ពី​សំណាក់​សមាជិក​ សមាជិកា មក​ពី១០៥​សង្កាត់ ក្នុង​​ខណ្ឌទាំង​១២ នៅ​រាជធានី​ភ្នំពេញ​។ លោក ប៉ា សុជាតិវង្ស ​ប្រធាន​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ បាន​អាន​សារ​លិខិត​របស់​លោក ហ៊ុន សែន ដោយ​លើក​ឡើង​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​រំដោះ​ប្រទេស​ជាតិឲ្យ​រួច​ផុត​ពីរបប​ប្រល័យ​ពូជ​សាសន៍ និង​ការ​កសាង​សមិទ្ធផល​នានា​សម្រាប់​ប្រទេស​ជាតិ​។

សមិទ្ធផល​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​នៅ​ក្នុង​សារ​លិខិត​នោះមាន​ជា​អាថិ៍ កំណែ​ទម្រង់​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​បាន​ផ្ដល់​សេវាសាធារណៈ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ ទូទាំង​ប្រទេស​រាប់​ពាន់​គម្រោង​ក្នុង​មួយ​ឆ្នាំ​ៗ។ ជា​គម្រោង​ផ្លូវ ស្ពាន អណ្ដូង​ទឹក ស្រះ​ទឹក សាលា​រៀន ប៉ុស្តិ៍​សុខភាព និង​សេវា​សង្គម​ផ្សេង​ៗ ដែល​ឆ្លើយ​តប​ទៅនឹង​សេចក្ដីត្រូវ​ការចាំ​បាច់​របស់​មូលដ្ឋាន និង​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជាជន​។

តាម​រយៈ​លិខិត​ដដែល ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​ថា គណបក្ស​នឹង​ប្រឹង​ប្រែង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​រក្សា​ស្ថិរភាព សន្តិសុខ សណ្ដាប់​ធ្នាប់ សុវត្ថិភាព​សង្គម លើក​កម្ពស់​ការ​ផ្ដល់​សេវា​សាធារណៈ បង្កើន​កិច្ច​គាំពារសង្គម​ជួយ​ជន​ក្រី​ក្រ និង​អភិវឌ្ឍ​ឃុំ​សង្កាត់​ឲ្យ​កាន់​តែ​រីក​ចម្រើន​ខ្លាំង​ក្លា​ឡើង​ថែម​ទៀត​។

ដោយ​ឡែក គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​វិញ​។ នៅ​ថ្ងៃ​បើក​ឆាក​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ថ្ងៃ​ទី​២០​ឧសភា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ជុំ​អ្នក​គាំទ្រ​នៅ​មហាវិថី​សម្ដេច​តេជោ​ហ៊ុនសែន ឬ ផ្លូវ​៦០​ម៉ែត្រ ក្បែរ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​លោក កឹម សុខា ប្រធាន​បក្ស ជា​អ្នក​ថ្លែង​សារដោយ​ផ្ទាល់​​ទៅ​កាន់​អ្នក​គាំទ្រ​។ ​

នៅ​ក្នុង​សុន្ទរកថា លោក កឹម សុខា បាន​ផ្ដោត​សំខាន់​លើ​គោលនយោបាយ​ទាំង​៥​ចំណុច​របស់​ខ្លួន និង​ការ​ផ្លាស់​ប្ដូរ​។ ផ្លាស់​ប្ដូរ​មេឃុំ ចៅ​សង្កាត់​ចាស់ ដែល​មិន​បម្រើ​ពលរដ្ឋ ដាក់​មេឃុំ​ចៅ​សង្កាត់​ថ្មី​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ ជា​មេឃុំ​និង​ចៅ​សង្កាត់ ដែល លោក កឹម សុខា អះអាង​ថា គ្មាន​ការ​រើស​អើង ហើយ​មាន​ការ​​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ ក្នុង​ការអភិវឌ្ឍ​ឃុំ​សង្កាត់ ផ្ដល់​សេវា​សាធារណៈ​ល្អ​ដល់​ប្រជាពលរដ្ឋ​ ដោយ​ផ្ដល់​ថវិកា​៥០​ម៉ឺន​ដុល្លារ ក្នុង​១​ឃុំ​សង្កាត់​។

ក្រៅ​ពី​ឃោសនា ស្វែង​រក​ការ​គាំទ្រ​សម្រាប់​គណបក្ស​ខ្លួន លោក កឹម សុខា ក៏​បាន​សំណូមពរ​ដល់​គ្រប់​គណបក្ស​នយោបាយ ឲ្យឃោសនា​បោះ​ឆ្នោត​ដោយ​អហិង្សា ប្រកាន់​យក​គោលការណ៍ យុត្តិធម៌ ស្មើ​ភាព​គ្នា ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ​។

សូម​រំលឹក​ជូន​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត មាន​រយៈ​ពេល​១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០​ឧសភា ដល់​ថ្ងៃ​ទី​២​មិថុនា​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​ឲ្យ​ប្រកាន់​ក្រម​សីលធម៌ និង​គោលការណ៍នានា​ ដែល​គជប បាន​កំណត់ ដើម្បី​ឲ្យ​ការ​ឃោសនា​ទាំង​អស់ ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី អហិង្សា សន្តិសុខ និង​សុវត្ថិភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ