អានតួអត្ថបទ
កម្ពុជា

បណ្ដាញ​សហគមន៍​ ស្នើ​សុំ​​សិទ្ធិ​អំណាច​ពី​រដ្ឋាភិបាល ដើម្បី​ការពារ​ព្រៃឡង់

សហគមន៍​ព្រៃ​ឡង់​បាន​សម្ដែង​ពី​ក្ដី​ព្រួយ​បារម្ភ​របស់​ខ្លួន ចំពោះ​វិនាសកម្ម​នៅ​តំបន់​ព្រៃឡង់ ព្រម​ទាំង​​ស្នើ​ឲ្យ​រដ្ឋាភិបាលពន្លឿន​ការ​បង្កើត​គោលការណ៍​ច្បាប់​ការពារ​តំបន់​ជីវៈចម្រុះ​មួយ​នេះ​ឲ្យ​បាន​ឆាប់​។ សំណើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ប្រជា​សហគមន៍​​រក​ឃើញ​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ ក្រៅ​ពី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គោលការណ៍​ច្បាប់​ដើម្បីការពារ​ព្រៃឡង់ ប្រជាសហគមន៍​ក៏​បាន​ទាមទារ​ឲ្យ​​​ដាក់​បញ្ចូល​សិទ្ធិ​អំណាច​និង​តួនាទី​របស់​សហគមន៍​ព្រៃឡង់ ទៅ​ក្នុង​គោលការណ៍​ច្បាប់​នោះ​ផងដែរ​​។

សន្និសីទ​កាសែត​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់ នៅ​ផ្ទះ​មេត្តា ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥
សន្និសីទ​កាសែត​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់ នៅ​ផ្ទះ​មេត្តា ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បទ​ល្មើសព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​ក្នុង​រយៈ​ពេល​៨​ខែ​ដើម​ឆ្នាំ​២០១៥​នេះ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ នេះ​បើ​តាម​របាយការណ៍​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់ ក្នុង​ខេត្ត​ចំនួន​រួម​មាន​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ​។ បើ​តាម​របាយការណ៍ ប្រជាសហគមន៍​បាន​ដក​ហូត​ម៉ាស៊ីន​អារ​ឈើ និង​រណា​យន្ត​សរុប​ទាំង​អស់​៤៩​គ្រឿង និង​បាន​រក​ឃើញ​បទ​ល្មើស​កាប់​បំផ្លាញ​​​ចំនួន​២​ពាន់១៤៥​​ករណី ព្រម​ទាំង​​ការ​កាប់​រាន​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ចំនួន​៨០​ករណី។ ​ចំនួន​នេះ កើន​ឡើង​ប្រមាណ​១០​ភាគ​រយ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​។ 

ប្រឈម​ទៅ​នឹង​ការ​កើន​ឡើង​នៃ​បទ​ល្មើស​ព្រៃឈើ​នេះ លោក សេង សុខហេង អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ព្រៃឡង់ ​បាន​សម្ដែង​ពី​ក្ដី​ព្រួយ​បារម្ភ​របស់​ខ្លួន ចំពោះ​វិនាសកម្ម​នៅ​តំបន់​ព្រៃឡង់​។ បណ្ដាញ​សហគមន៍​ព្រៃឡង់ ​​ស្នើ​ឲ្យ​រដ្ឋាភិបាលពន្លឿន​ការ​បង្កើត​គោលការណ៍​ច្បាប់​ការពារ​តំបន់​ជីវៈចម្រុះ​មួយ​នេះ​ឲ្យ​បាន​ឆាប់​ និង​ត្រូវ​ដាក់​បញ្ចូល​សិទ្ធិ​អំណាច​និង​តួនាទី​របស់​សហគមន៍​ព្រៃឡង់ ទៅ​ក្នុង​គោលការណ៍​ច្បាប់​នោះ​ផងដែរ។ ការ​ផ្ដល់​សិទ្ធិ​អំណាច​និង​តួនាទី​នេះ គឺជា​មធ្យោបាយ​ដែល​ធ្វើ​ឲ្យ​បណ្ដាញ​សហគមន៍ អាច​ជួយ​បំពេញ​កាតព្វកិច្ច​ការពារ​ព្រៃឡង់​ដោយ​ស្រប​ច្បាប់​។

ក្រៅ​ពី​នេះ លោក សេង សុខហេង អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ព្រៃឡង់ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​​ចាត់​វិធានការ​ដក​ហូត​រណា​យន្ត​អារឈើ​ជុំ​វិញ​តំបន់​ព្រៃឡង់​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​គ្រប់​រូប​ភាព​។ លោក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​​​ដាក់​ទោស​ទណ្ឌ​ដល់មន្ដ្រីព្រម​ទាំង​​អ្នក​ពាក់​ព័ន្ធក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​អស់​​ផង​ដែរ​។

គួរ​ជម្រាប​ជូន​ថា បណ្ដាញ​សហគមន៍​ព្រៃឡង់ បាន​ផ្ដល់​អនុសាសន៍ សំណើ និង​បាន​ធ្វើ​យុទ្ធនាការ​ល្បាត​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ព្រៃឡង់ ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​។ នៅ​ក្នុង​យុទ្ធនាការ​នីមួយ​ៗ បណ្ដាញ​សហគមន៍​​តែង​តែ​ចាក​ចេញ​ពី​ព្រៃឡង់​ដោយ​ភស្តុតាង​និង​របាយការណ៍​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ច្រើន​ករណី​។ យុទ្ធនាការ​ល្បាត​នៅ​ព្រៃឡង់​ចុង​ក្រោយ​បំផុត ធ្វើ​ឡើង​ក្នុង​អំឡុង​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤​ខែ​សីហា ដោយ​មាន​អ្នក​ចូលរួម​ជាង​៣០០​នាក់​។ អ្នក​ចូល​រួម​ទាំង​ជាង​៣០០​នាក់ ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ ដោយ​ម៉ូតូ​ប្រមាណ​២០០​គ្រឿង​ ឆ្ពោះ​ទៅ​កាន់​តំបន់​ស្នូល​នៃ​​ព្រៃឡង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ