អានតួអត្ថបទ
កម្ពុជា

រយៈពេល​២២​ឆ្នាំ ច្បាប់​កំពូល​របស់​កម្ពុជា បាន​ឆ្លង​កាត់​វិសោធនកម្ម​៨​លើក

រដ្ឋធម្មនុញ្ញា​គឺ​ជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣។ ប៉ុន្តែ​ក្នុង​រយៈពេល​២២​ឆ្នាំ​មក​នេះ ច្បាប់​កំពូល​របស់​កម្ពុជា​នៅ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ។ ជាង​នេះ​ទៅ​ទៀត ច្បាប់​កំពូល​នេះ ត្រូវ​បាន​ឆ្លងកាត់​វិសោធនកម្ម​ដល់​ទៅ​៨​លើក គិត​ទាំង​វិសោធនកម្ម​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០១៤។

រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ google
ផ្សាយពាណិជ្ជកម្ម

២៤​កញ្ញ១៩៩៣-២៤កញ្ញា២០១៥នេះ គឺ​ជា​ខួប​២២​ឆ្នាំ​គត់ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រយៈពេល​២២​ឆ្នាំ​មក​នេះ ច្បាប់​កំពូល​របស់​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ទាន់​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ ខណៈ​ដែល​ច្បាប់​កំពូល​នេះ បាន​ឆ្លង​កាត់​វិសោធនកម្ម​ដល់​ទៅ​៨​លើក។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក អេង ឆៃអ៊ាង សមាជិក​សភា​គណបក្ស​សង្រ្គោះជាតិ។

ចំណែក​ឯ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នក​តាមដាន​សង្គម​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​២២​ឆ្នាំ​នេះ ការ​អនុវត្ត​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នោះ គឺ​មិន​ ត្រឹមត្រូវ និង​ល្អ​ប្រសើរ​នោះ​ទេ ខណៈ​ដែល​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​មាន​ខ្លឹមសារ​យ៉ាង​ល្អ​ប្រសើរ​។ លោក​បាន​បន្ថែម​ថា ច្បាប់​ធម្មនុញ្ញ​ត្រូវ​បាន​កែប្រែ​ជា​ញឹកញាប់​ដោយ​សម្លេង ២/៣ ដែល​សំឡេង​នេះ ងាយ​នឹង​រក​បាន​ពី​គណបក្ស​នយោបាយ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ វីរៈ បាន​លើក​ឡើង​ថា ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​មួយ​ចំនួន ក៏​សមស្រប​ផង​ដែរ។

ដូចគ្នា​នេះ​ដែរ លោក សុខ សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​មើល​ឃើញ​ថា មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​កំពូល​នេះ មិន​ទាន់​ត្រូវ​បាន​អនុវត្ត តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ។ តួយ៉ាង​ដូច​ជា ការ​បង្កើត​សមាជជាតិ​ប្រចាំ​ឆ្នាំ​ជា​ដើម។

យ៉ាងណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ពន្យល់​ថា ក្នុង​រយៈ​ពេល​២២​ឆ្នាំ​មក​នេះ កម្ពុជា​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​ទៅ​តាម​ក្រឹត្យក្រម​របស់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា រដ្ឋាភិបាល​បាន​ធានា​ឲ្យ​មាន​សុខ​សន្តិភាព និង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ពេញ​លេញ។

យោង​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​រដ្ឋសភា ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឆ្លង​កាត់​ការ​ធ្វើ​វិសោធនកម្ម​ចំនួន​៧​លើក ដោយ​គិត​ត្រឹម​ការ​ឡាយ​ព្រះហស្តលេខា​ចុង​ក្រោយ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០០៨។ ក៏​ប៉ុន្តែ បើ​គិត​ទាំង​ការ​ធ្វើ​វិសោធន​កម្ម​ចុងក្រោយ កាល​ពី​ឆ្នាំ​២០១៤ ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឆ្លង​កាត់​វិសោធនកម្ម​ចំនួន​៨​លើក​រួច​ទៅ​ហើយ។

លោក សុខ សំអឿន បាន​បញ្ជាក់​ថា បើ​កាល​ណា​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​មួយ បាន​ធ្វើការ​កែប្រែ​ជា​ច្រើន​ដង​ក្នុង​រយៈពេល​៥​ឆ្នាំ ឬ​១០​ឆ្នាំ នោះ​មាន​ន័យ​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​នោះ មិន​រឹងម៉ាំ​នោះ​ទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ