អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

មាន​ការ​រិះគន់​បែប​ចំអក​ខ្លាំងៗ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​របស់​បក្ស​ប្រឆាំង!​

អ្នក​ប្រើ​បណ្តាញ​សង្គម​ចំនួន​ ដែល​ទំនង​ជា​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​ បាន​ប្រើ​ពាក្យ​ពេចន៍​រិះគន់​ធ្ងន់ៗ​បែប​ចំអក​យ៉ាង​ច្រើន​ចំពោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​របស់​បក្ស​សង្គ្រោះ​ជាតិ។ ខ្លឹម​សារ​នៃ​ពាក្យ​មាក់​ងាយ​ទាំង​នោះ គឺ​ផ្តោត​ទៅ​លើ​កម្រិត​ចំណេះ​ដឹង ទ្រព្យ​សម្បត្តិ​ និង​បុគ្គលិក​លក្ខណៈ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​របស់​បក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះជាតិ​​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត
គណបក្ស​សង្គ្រោះជាតិ​​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ខ្លឹម​សារ​នៃ​ពាក្យ​រិះគន់​មាក់​ងាយ​ទាំង​នោះ មាន​ដូច​ជា​សម្តី​បែប​ចំអក​ថា​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​របស់​បក្ស​ប្រឆាំង ជា​អតីត​អ្នក​សុំ​ទាន ជា​ជន​ពិការ​ បេក្ខជន​ខ្លះ​ជា​អ្នក​ធាក់​ស៊ី​ក្លូ រត់​ម៉ូតូ​ឌុប។​ ចំណែក​បុគ្គល​មួយ​ចំនួន​ទៀត ​ ជា​ក្មេង​ស្ទាវ​ កាប់​ដាវ ​បង្ហោះ​ម៉ូតូ និង ​មិន​បាន​រៀន​សូត្រ​ខ្ពស់ អ្នក​ខ្លះ​ត្រឹម​ថ្នាក់​ទី​២ ដូច្នេះ​តើ​ឲ្យ​ទៅ​ដឹក​នាំ​បណ្ឌិត​ៗ​មក​ពី​បរទេស​ម្តេច​កើត?

ភ្លាមៗ ​លោក កឹម សុខា ប្រមុខ​បក្ស​សង្គ្រោះ​ជាតិ ដែល​ចុះ​ទៅ​ថ្លែង​អំណរ​គុណ​ម្ចាស់​ឆ្នោត​ នៅ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល បាន​ឆ្លើយ​តប​ចំពោះ​ពាក្យ​ប្រមាថ​ទាំង​នោះ ទៅ​លើ​ពីរ​ចំណុច។ ទី១ ជុំវិញ​ការ​មើល​ងាយ​អ្នក​ក្រ ហើយ​ទី​២ គឺ​រឿង​សញ្ញាបត្រ។​
លោក កឹម សុខា ៖​

ជា​ការ​ឆ្លើយ​តប​ទៅ​វិញ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច ថា​សុំ​ឲ្យ​បែង​ចែក​ជា​ពីរ​ករណី។​ ទី​១ ​គឺ​អាច​មក​ពី​បក្ស​ប្រឆាំង​ខ្លួន​ឯង ជា​អ្នក​ប្រឌិត ឬ​បន្លំ​ខ្លួន​ ហើយ​រិះគន់​ទម្លាក់​កំហុស​ដាក់​បក្ស​ប្រជាជន​កម្ពុជា។ ទី​២ បើ​ទោះ​បី​បេក្ខជន​របស់​បក្ស​សង្គ្រោះ​ជាតិ ជា​នរណា​ក៏​ដោយ ក៏​ជា​សិទ្ធិ​សម្រេច​របស់​បក្ស​របស់​គេ​តែ​ប៉ុណ្ណោះ។

តំណាង​បក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា គេ​ពិត​ជា​មិន​អាច​វាយ​តម្លៃ​ទៅ​លើ​តែ​កម្រិត​ចំណេះ​ដឹង​សញ្ញាបត្រ​ ទាំង​ដែល​មេឃុំ​ចៅ​សង្កាត់​ថ្មី​មិន​ទាន់​ចូល​កាន់​ការងារ​ផង​នោះ​ទេ។​ យ៉ាង​ណា​ក៏​ដោយ លោក សុខ ឥសាន អះអាង​ថា ពាក្យ​ពេចន៍​ទិតៀន​ដែល​លើក​ឡើង​ខាង​ដើម គឺ​មិន​ត្រឹម​ត្រូវ​ទេ និង​ជា​ការ​រើស​អើង​ ហើយ​បក្ស​កាន់​អំណាច​គ្មាន​គោលការណ៍​ណែនាំ​អ្នក​ទ្រ​ឲ្យ​ធ្វើ​អំពើ​មិន​ថ្លៃ​ថ្នូរ​ដូច្នេះ​ឡើយ។

គួរ​បញ្ជាក់​ថា ក្រៅ​ពី​ការ​រិះគន់​ទាំង​ឡាយ​នេះ ក៏​មាន​ការ​ទម្លាយ​ឯកសារ​ថា មាន​បេក្ខនារី​ចៅ​សង្កាត់​ម្នាក់​របស់​បក្ស​សង្គ្រោះ​ជាតិ គឺ​មាន​ដើម​ដំណើត​វៀតណាម​ម្នាក់ ដែល​បាន​ទទួល​សញ្ជាតិ​ខ្មែរ​។ ក៏​ប៉ុន្តែ​ បើ​គេ​ពិនិត្យ​ឈ្មោះ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត គឺ​ខុស​គ្នា​ស្រឡះ​។

លើស​ពី​នេះ ក៏​មាន​ការ​តែង​ចម្រៀង​ចំអក​ផង​ដែរ ដោយ​ខ្លឹមសារ​ថា កាល​ពី​ការ​សន្យា​ផ្តល់​ឲ្យ​មនុស្ស​ចាស់ៗ​ម្នាក់​៤​ម៉ឺន​រៀល​ មិន​បាន​ផង ឥឡូវ​នេះ មក​ឲ្យ​៥០​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឃុំ​ទៀត គឺ​ជា​ការ​បោក​លុះ​ក្ស័យ។ ត្រង់​ចំណុច​នេះ បក្ស​ប្រឆាំង​បាន​ពន្យល់​ច្រើន​ដង​មក​ហើយ​ថា​ទាល់​តែ​បក្ស​នេះ ឈ្នះ​ឆ្នោត​ជាតិ ទើប​អាច​អនុវត្ត​ទៅ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ