អានតួអត្ថបទ
កម្ពុជា

មនុស្ស​​ជាង​៤​ពាន់​​នាក់​ នាំ​គ្នា​​ជិះ​​កង់​​ដើម្បី​​ចូលរួម​​ប្រឆាំង​នឹង​​បំរែ​បំរួល​​អាកាស​ធាតុ​

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី១០ ឧសភា​នេះ ក្រុម​ប្រជាពលរដ្ឋ យុវជន មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង៤ពាន់​នាក់ បាននាំគ្នា​ជិះ​កង់ ដើម្បី​ជា​បង្ហាញ​ពី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​បំរែបំរួល​អាកាសធាតុ។ បំរែបំរួល​អាកាសធាតុ​ដែល​កំពុង​ក្លាយជា​បញ្ហា​រសើប​មួយ​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ និង យកចិត្តទុកដាក់​យ៉ាងខ្លាំង។ ការ​ជិះ​កង់​នៅ​ព្រឹក​នេះ​បានរៀបចំ និង​ដឹកនាំ​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

ការ​ជិះកង់​ ដើម្បី​អាកាស​ធាតុ ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១០ ​ខែ​ឧសភា​ ឆ្នាំ​២០១៥​
ការ​ជិះកង់​ ដើម្បី​អាកាស​ធាតុ ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១០ ​ខែ​ឧសភា​ ឆ្នាំ​២០១៥​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

គឺ​តាំងពីព្រឹក​ព្រលឹម ក្រុម​អ្នកជិះ​កង់​ទាំងនេះ បានចាប់ផ្តើម​ជិះ​កង់​ជា​ក្រុម​ចេញពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ទៅតាម​ដង​មហាវិថី​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ។ វា​គឺជា​ការ​ជិះ​កង់​ជា​ក្រុម​ទ្រង់ទ្រាយ​ធំ​លើក​ទី៣ហើយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​រៀបចំឡើង​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ ការ​ជិះ​កង់​នៅ​ឆ្នាំនេះ​ដែលមាន​ការចូលរួម​ពី​មន្ត្រី​ទូត​នានា មន្ត្រី​រដ្ឋាភិបាល ក្រុមយុវជន និង ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផង​នោះ បានធ្វើ​ឡើង​ក្រោម​ប្រធានបទ “ ជិៈ​កង់ ដើម្បី​អាកាសធាតុ” ។

លោកស្រី​ប៉ុក ពួន មន្ត្រី​ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា មូលហេតុ​ដែល​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា រៀបចំ​ឲ្យ​មានការ​ជិះ​កង់​ក្រោម​ប្រធានបទ “ជិះ​កង់ ដើម្បី​អាកាសធាតុ”នេះ គឺ ដើម្បី​ចង់​បង្ហាញថា បញ្ហា​បំរែបំរួល​អាកាសធាតុ កំពុង​ត្រូវបាន​ពិភពលោក​ព្រួយបារម្ភ និង យកចិត្ត​យក​ទុកដាក់​យ៉ាងខ្លាំង​នៅពេលនេះ។ ជាក់ស្តែង​នៅ​ខែធ្នូ ចុងឆ្នាំ២០១៥នេះ បណ្តាល​មេដឹកនាំ​នៅលើ​ពិភពលោក​នឹង​រៀបចំ​ឲ្យ​មាន​សន្និសីទ​មួយ​ស្តីពី ការប្រយុទ្ធ​ប្រឆាំងនឹង​បំរែបំរួល​អាកាសធាតុ ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង​បារី​ស ប្រទេស​បារាំង។ ក្រៅពីនេះ បើតាម​លោកស្រី ប៉ុក ពួន ការ​ជិះ​កង់​នេះ គឺ​ចង់បង្ហាញ​ផងដែរ​ថា ការ​ជិះ​កង់ គឺជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ​ក្នុង​ចូលរួម​ទប់​ស្តា​ត់​បំរែបំរួល​អាកាសធាតុ។

ការ​ជិះ​កង់​ជា​ក្រុម ក្នុងន័យ​ដើម្បី​អាកាសធាតុ​នេះ បាន​ធ្វើឡើង​តែមួយព្រឹក​ប៉ុណ្ណោះ ដោយបាន​បញ្ចប់​នៅ​ម៉ោង​ប្រមាណ​ជិត១១ព្រឹក។ គួរ​ជំរាបជូន​ថា ការ​ជិះ​កង់​នេះ គឺជា​ផ្នែក​មួយ​នៅក្នុង​ព្រឹត្តិការ​សប្តាហ៍​សហភាព​អឺរ៉ុប​ឆ្នាំ២០១។ ព្រឹត្តិការ​សប្តាហ៍​សហភាព​អឺរ៉ុប​ឆ្នាំ២០១៥ ត្រូវបាន​រៀបចំឡើង​ពេញ​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃទី៤ ដល់ទី១០ឧសភា ដើម្បី​អបអរ​ទិវា​អឺរ៉ុប​ឆ្នាំ២០១។ ព្រឹត្តិការណ៍​នេះ ប្រតិភូ​សហភាព​អឺរ៉ុប បានរៀបចំ​ឲ្យ​មាន​កម្មវិធី​កម្សាន្ត និង អប់រំ​ជាច្រើន​នៅ​កម្ពុជា ដូចជា​ការប្រគុំ​តន្ដ្រី​និង​ការតាំងពិព័រណ៍​អឺរ៉ុប​នៅ​សួនច្បារ​មុខ វត្ត​បទុម​វ​ត្តី ដំណើរ​ទស្ស​កិច្ច​របស់​ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ទៅកាន់​សាកលវិទ្យាល័យ​មួយចំនួន​ក្នុង​ក្រុងភ្នំពេញ និង​វេទិកា​ឧ​ត្ត​ម​សិក្សា​លើក​ទី២នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ជាដើម៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ