អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គ្រោះ​ថ្នាក់​​នៃ​​ប្រព័ន្ធ​​ពាណិជ្ជកម្ម​​ដែល​​ខ្វះ​​ការ​ទទួល​ខុស​ត្រូវ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ចំណោម​​បញ្ហា​​ជា​ច្រើន​​ក្នុង​​វិស័យ​​ឧស្សាហកម្ម​វាយ​​ន​ភណ្ឌ​កម្ពុជា ​​ការ​​បិទ​​ទ្វារ​​ឬ​​ប្តូរ​​ឈ្មោះ​​រោងចក្រ​​ដោយ​​មិន​​ទទួលខុសត្រូវ​​ចំពោះ​​ជោគ​វាសនា​​កម្មករ​​គឺ​ជា​​ព្រឹត្តិការណ៍​​ដែល​​នៅ​តែ​​បន្ត​​កើត​មាន​​ជា​​បន្ត​​បន្ទាប់​។​ ​ថៅកែ​​ខ្លះ​​បាន​​វេច​បង្វេច​​ត្រឡប់​​ទៅ​​ស្រុក​​វិញ​​ដោយ​​ស្ងាត់​ៗ ​និង​​ខ្លះ​ទៀត​​ប្តូរ​​ឈ្មោះ​​រោងចក្រ​​ដោយ​​ទុក​​ឲ្យ​​កម្មករ​​នាំ​គ្នា​​តវ៉ា​​ពី​មុខ​​រោងចក្រ​​ដែល​​គ្មាន​​ម្ចាស់​​និង​​គ្មាន​​អ្នក​ទទួល​ខុសត្រូវ​។ ​ប្រព័ន្ធ​​ពាណិជ្ជកម្ម​​ដែល​​ខ្វះ​​ការ​ទទួល​ខុស​ត្រូវ​​បែប​នេះ​​គឺ​ជា​​គ្រោះ​ថ្នាក់​​ធំ​ធេង​​សម្រាប់​កម្មករ ​និង​​សម្រាប់​​សេដ្ឋកិច្ច​ជាតិ​​ទាំង​មូល​។​

កម្មករ​​រោង​ចក្រ​ប្រមូល​ផ្តុំ​គ្នា​​តវ៉ា​​ ព្រោះ​តែ​ថៅកែ​មួយ​ចំនួន​គ្មាន​ការ​ទទួល​ខុស​ត្រូវ​
កម្មករ​​រោង​ចក្រ​ប្រមូល​ផ្តុំ​គ្នា​​តវ៉ា​​ ព្រោះ​តែ​ថៅកែ​មួយ​ចំនួន​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ ​RFI/Ly Menghour
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា​ពិតជា​សម្បូរ​រឿងចម្លែកៗជាច្រើន។ រឿង​ចម្លែក​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ គឺ​ខណៈដែល​កម្មករ​កំពុង​ធ្វើការសុខៗស្រាប់តែ​ពួកគេ​ទទួលដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា ថៅកែ​បាន​ប្តូរ​ឈ្មោះ​រោងចក្រ ឬ​ថៅកែ​ខ្លះ​បាន​វេច​បង្វេចរ​ត់ទៅ​ស្រុក​វិញ​បាត់ទៅហើយ។

ក្នុងករណីនេះ ជួនកាល​កម្មករ​មិន​ត្រឹមតែ​មិន​ទទួលបាន​ប្រាក់ខែ​តិចតួច​របស់ខ្លួន​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ថែមទាំង​បាត់បង់​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗជាពិសេស​គឺ​ប្រាក់​អតីតភាព​ការងារ​តែម្តង។ ជម្រើស​ចុងក្រោយ គឺ​ការប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ទាមទារ​រក​អន្តរាគមន៍​ដែល​ជួន​ក៏បាន​លទ្ធផល​ខ្លះ ជួន​ទៀត​ក៏​គ្មាន​លទ្ធផល​អ្វី​ទាំងអស់។ ករណី​រោងចក្រ ហ៊ុយ ចៀន ដែល​កម្មករ​កំពុងត​វ៉ា​យ៉ាង​ក្តៅគគុក​ពេលនេះ​គឺជា​ឧទាហរណ៍​ស្រាប់។

គេ​នៅ​ចាំបាន​ថា រឿង​ថៅកែ​រត់ចោល​កម្មករ​ដែ​ល​កើតឡើង​កាលពី​ឆ្នាំ​កន្លងទៅ​មានដូចជា ករណី​រោងចក្រ​ឃី​ង​ឡែ​ន ក្នុង​សង្កាត់​ចាក់អង្រែ​ក្រុងភ្នំពេញ​ដែលមាន​ថៅកែ​ជា​ជន​ជាតិចិន និង​រោងចក្រ​យ៉ុង​វ៉ា​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលមាន​ថៅកែ​ជា​ជនជាតិ​សិង្ហបូរី​ជាដើម។ ជួនកាល​ដើម្បី​ទប់​កំហឹង​កម្មករ រដ្ឋាភិបាល​បាន​សុខចិត្ត​ចេញ​ប្រាក់ខែ​និង​ប្រាក់​សំណងផ្សេងៗជំនួស​ថៅកែ​ក៏មាន។ វា​ជា​ការល្អ​ដែល​រដ្ឋាភិបាល​បង្ហាញ​ការទទួលខុសត្រូវ ប៉ុន្តែ ករណីបែបនេះ​មិនបាន​កើតមាន​ជាទូទៅ​ទេ។ ម្យ៉ាងទៀត បញ្ហា​ចោទ​នៅត្រង់ថា តើ​ហេតុអ្វី​បានជា​រដ្ឋាភិបាល​ទុក​ឲ្យ​ថៅកែ​រួចខ្លួន ហើយ​សុខចិត្ត​ចេញ​ប្រាក់​សំណង​ជំនួស​ទៅវិញ?

ពិត​ហើយ ការបិទ​រោងចក្រ​ដោយ​មូលហេតុ​ខ្ស័យ​ធន់​ជា​រឿង​មួយ ប៉ុន្តែ ការបិទ​រោងចក្រ​ចាស់​ហើយ​បើក​រោងចក្រ​ថ្មី​ដើម្បី​គេចវេស​ពី​ទំនួល​ខុសត្រូវ​ចំពោះ​ប្រាក់​សំណង​អតីតភាព​ការងារ​របស់​កម្មករ​គឺជា​វិធីសាស្ត្រ​ពេញនិយម​មួយទៀត​របស់​ថៅកែ​ខិលខូច​មួយចំនួន។ ក្រៅពីនោះ​នៅមាន​រូបភាព​ជាច្រើន​ទៀត​ដែល​ថៅកែ​មួយចំនួន​តែង​ប្រើប្រាស់​ដើម្បី​គេចវេស​ពី​កាតព្វកិច្ច​ទទួលខុសត្រូវ​ចំពោះ​កម្មករ។ ជាក់ស្តែង រោងចក្រ​ខ្លះ​បាន​បំបែក​ខ្លួន​ជា​សិប្បកម្មតូចៗនៅតាម​ផ្ទះ​ដើម្បី​រម្លែក​ការងារ​ពី​រោងចក្រធំៗពីព្រោះ​ការបង្កើត​សិប្បកម្មតូចៗទាំងនោះ និយោជក​គ្មាន​ទំនួល​ខុសត្រូវ​អ្វី​ទាំងអស់​ចំពោះ​កម្មករ​ក្រៅពី​ការផ្តល់​ប្រាក់ខែ។

ចំណែកឯ​កិច្ចសន្យា​រយៈពេល​ខ្លី​ដែល​ពួក​ថៅកែ​និយម​ប្រើ​នោះ​ក៏មាន​គោលដៅ​គេចវេស​ពី​កាតព្វកិច្ច​ទទួលខុសត្រូវ​ចំពោះ​អតីតភាព​ការងារ​របស់​កម្មករ​ដែរ។ ទាំងនេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​បង្ហាញ​ពី​ការមិន​ទទួលខុសត្រូវ​របស់​ម្ចាស់​រោងចក្រ​ចំពោះ​កម្មករ​របស់ខ្លួន។ វិធីសាស្ត្រ​រក​ចំណេញ​របស់​ថៅកែ​ប្រហែលជា​មិនមែនជា​រឿង​ចម្លែក​ទេ​ក្នុង​ពិភព​ជំនួញ។ ប៉ុន្តែ អ្វីដែល​ចម្លែក​នោះ​គឺ​ភាព​ធូររលុង​របស់​ក្រសួង​មាន​សមត្ថកិច្ច​កម្ពុជា​ឯណោះ​ទៅវិញ​ទេ។

ជាគោលការណ៍ មុននឹង​អនុញ្ញាត​ឲ្យ​បើក​រោងចក្រ​សហគ្រាស​ណា​មួយ ច្បាប់​បាន​តម្រូវ​ឲ្យ​និយោជក​តម្កល់​ប្រាក់​មួយចំនួន​នៅក្នុង​ធនាគារ​សម្រាប់​ទូទាត់​ពេល​មាន​បញ្ហា​ជាយថាហេតុផ្សេងៗដែល​អាច​កើតឡើង។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ឆ្ងល់​នោះ​គឺ​រាល់ពេល​មាន​ករណី​ថៅកែ​រត់ចោល​កម្មករម្តងៗ ឬ​ករណី​ប្តូរ​ឈ្មោះ​រោងចក្រ​នេះ​ជាដើម គេ​កម្រ​ឃើញ​មាន​ដំណោះស្រាយ​សមស្រប​ណាស់ ហើយ​ជាទូទៅ កម្មករ​គឺជា​ជនរងគ្រោះ​ដោយសារ​ព្រឹត្តិការណ៍​ទាំងនេះ។

ក៏ដូចជា​ក្នុង​វិស័យផ្សេងៗទៀត​ដែរ ការឃុបឃិត​ដើម្បី​ផលប្រយោជន៍​ត្រូវគេ​មើលឃើញថា គឺជា​ប្រភព​សំខាន់បំផុត​មួយ​ដែល​បង្កើត​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ក្នុង​ឧស្សាហកម្ម​កាត់ដេរ។ ដូច្នេះ មានតែ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​និង​ប្រកបដោយ​ការទទួលខុសត្រូវ​ទេ​ដែល​អាច​បញ្ចៀស​កម្មករ​ខ្មែរ​ចេញពី​ស្ថានភាព​ដ៏​រងារ​នេះ​បាន។ និយាយ​ពី​ការទទួលខុសត្រូវ មិនមែន​មានតែ​ថៅកែ​និង​រដ្ឋាភិបាល​ទេ តែ​សហជីព​កម្មករ ក៏មាន​ចំណែក​សំខាន់​ណាស់ដែរ។

នៅ​កម្ពុជា បញ្ហា​ដែល​កើតចេញពី​ការមិន​ទទួលខុស​ត្រូវមាន​ស្ទើរតែ​គ្រប់​មជ្ឈដ្ឋាន​ជាពិសេស​នៅក្នុង​ពិភព​ការងារ។ យ៉ាងណាមិញ បញ្ហា​ចាក់ស្រេះ​ក្នុង​ពិភព​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​ក៏មាន​ប្រភព​ចេញពី​ការមិន​ទទួលខុសត្រូវ​នេះដែរ។ ដូច្នេះ ដល់ពេល​ហើយ​ដែល​ត្រូវ​បញ្ចប់​វប្បធម៌​មិន​ទទួលខុសត្រូវ​ចេញពី​សង្គម​ខ្មែរ​ដោយ​ផ្តើម​ពី​ការកែទម្រង់​ប្រព័ន្ធ​ពាណិជ្ជកម្ម​និង​ប្រព័ន្ធ​ច្បាប់​ឲ្យ​មាន​គណនេយ្យភាព​និង​តម្លាភាព។ ការ​បណ្តែតបណ្តោយ​ឲ្យ​ស្ថានភាព​គ្រប់គ្រង​មិន​ច្បាស់លាស់​បន្ត​មាន​អត្ថិភាព​គឺជា​គ្រោះថ្នាក់​ធំធេង​ណាស់​សម្រាប់​កម្មករ​ខ្មែរ​និយាយ​ដោយឡែក និង​សម្រាប់​សេដ្ឋកិច្ចជាតិ​ទាំងមូល​និយាយ​ជារួម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ