អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុ​អ្វី​អភិបាល​កិច្ច​ថ្នាក់​ក្រោម​ជាតិ នៅ​តែ​មាន​កម្រិត​ទាប?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ ក្រសួង​មហា​ផ្ទៃ បាន​ត្រួត​ពិនិត្យ និង​ វាយ​តម្លៃ ពី​ស្ថានភាព​អភិបាល​កិច្ច​មូល​ដ្ឋាន​នៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ពី​ឆ្នាំ​ ២០១៣ ដល់​ឆ្នាំ ​២០១៦ គឺ​មាន​ការ​កើត​ឡើង​តែ ​៦​ភាគ​រយ​តែ​ប៉ុណ្ណោះ។ ហើយ​ក្នុង​នោះ ​ផ្នែក​ខ្លះ​មាន​ការ​ធ្លាក់​ចុះ​ថែម​ទៅ​ទៀត​។ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ ​អភិបាល​កិច្ច​ថ្នាក់​ក្រោម​ជាតិ​ នៅ​តែ​មាន​កម្រិត​ទាប?

ហេតុ​អ្វី​អភិបាល​កិច្ច​ថ្នាក់​ក្រោម​ជាតិ​ នៅ​តែ​មាន​កម្រិត​ទាប​?
ហេតុ​អ្វី​អភិបាល​កិច្ច​ថ្នាក់​ក្រោម​ជាតិ​ នៅ​តែ​មាន​កម្រិត​ទាប​?
ផ្សាយពាណិជ្ជកម្ម

ការ​វាស់​វែង​អំពី​ស្ថាន​ភាព​នៃ​អភិបាល​កិច្ច​មូល​ដ្ឋាន នៅ​រដ្ឋ​បាល​ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ គឺ​ធ្វើ​ឡើង​បី​ឆ្នាំ​ម្តង​។ ការ​វាយ​តម្លៃ​ការ​អង្កេត​នេះ គឺ​ផ្អែក​លើ​ ៨​ចំណុច​ ៖ ១. ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​ ២. តម្លាភាព និង​ការ​រាយការណ៍ ៣. គណនេយ្យភាព ៤. អន្តរ​រដ្ឋបាល ៥. ការ​បន្ស៊ី​ផ្នែក​គោល​នយោបាយ ៦. ការ​ឆ្លើយ​តប ៧.ការ​គាំទ្រ​ក្រុម​ជន​ងាយ​រង​គ្រោះ និង ៨. ការ​ផ្តល់​សេវា។

ជាក់​ស្តែង ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៦ គឺ​ស្រប​ពេល​នឹង​ការ​ផ្តើម​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋា​ភិបាល​ដែរ គឺ​សន្ទស្សន៍​អភិបាល​កិច្ច​មូល​ដ្ឋាន ក្នុង​រយៈ​ពេល​នេះ កើន​ឡើង​បាន​តិច​តួច​តែ​ប៉ុណ្ណោះ​ គឺ​ត្រឹម​ ៦​ភាគ​រយ។​  ហើយ​តាម​ការ​អង្កេត​របស់​ស្ថាប័ន​រដ្ឋ​ខ្លួន​ឯងដដែល​ គឺ​បាន​ទទួល​ស្គាល់​ថា ការ​បន្ស៊ី​ផ្នែក​គោល​នយោបាយ, ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ និង​គណនេយ្យភាព ​មាន​ការ​ធ្លាក់​ចុះ។

ចំពោះ​សន្ទស្សន៍​អភិបាល​កិច្ច​មូល​ដ្ឋាន មាន​ការ​កើត​ឡើង​តិច​តួច និង​មាន​ផ្នែក​ខ្លះ​ក៏​ធ្លាក់​ចុះ​ ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​ត្រូវ​អ្នក​វិភាគ​ខាង​អភិបាល​កិច្ច​ល្អ មើល​ឃើញ​ពី​មូល​ហេតុ គឺ​ដោយ​សារ​តែ​ឧបសគ្គ​រាំង​ស្ទះ​ ​ភាព​សកម្ម​ និង​ភាព​ចន្លោះ​ប្រហោង​មួយ​ចំនួន។

បញ្ហា​នាំ​មុខ​គេ​ ​គឺ​អំពើ​ពុក​រលួយ​តែ​ម្តង​ ដែល​នៅ​តែ​បន្ត​ស៊ី​រូង​ក្នុង​ប្រព័ន្ធ​រដ្ឋបាល និង​ស្ថាប័ន​សាធារណៈ​របស់​ជាតិ ពិសេស​គឺ​នៅ​តែ​បន្ត​មាន​អំពើ​ពុក​រលួយ​ ទោះ​តិច​ឬ​ច្រើន​ក្តី នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅឡើយ។ តាម​របាយការណ៍​របស់​អង្គការ​តម្លា​ភាព​អន្តរជាតិ ដែល​ចេញ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ គឺ​ជា​អំណះ​អំណាង​ស្រាប់។ គឺ​កម្ពុជា​ជាប់​លេខ​ ១៥៦ ក្នុង​ចំណោម​ប្រទេស​ ១៧៦​លើ​ពិភព​លោក​ ហើយ​កម្ពុជា​គឺ​ពុក​រលួយ​ខ្លាំង​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ាន​។

ទន្ទឹម​នេះ ចំពោះ​អំពើ​ពុក​រលួយ​ក្នុង​ថ្នាក់​មូល​ដ្ឋាន​នៅ​ស្រុក​ខ្មែរ គឺ​មាន​កត្តា​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​គ្នា បើ​ទោះ​បី​ជា​មាន​យន្ត​ការ​កំណែ​ទម្រង់​ជា​ច្រើន​មក​ហើយ​ក្តី។ បញ្ហា​នេះ គឺ​ជា​ជំងឺ​ដុះ​ស្លែ ជា​មួយ​នឹង​ប្រព័ន្ធ​រដ្ឋបាល​ដែល​ចាស់​គំរឹល​ ប្រព័ន្ធ​ការ​ងារ​ថ្នាក់​ក្រោម​ជាតិ​យូរ​ឆ្នាំ​ រួម​ទាំង​មន្ត្រី​បម្រើ​សេវា​កម្ម​នោះ​ទៀត​សោត សុទ្ធ​តែ​អ្នក​កាន់​ការ​ងារ​ចាស់​វស្សា​ថែម​ទៀត។ មន្ត្រី​ថ្នាក់​ក្រោម​ ដែល​ចាស់​ៗ​ គឺ​ធ្លាប់​មាន​ទម្លាប់​ចាស់​ដែរ​ រឿង​យក​ថ្លៃ​ទឹក​តែ ឬ​ថ្លៃ​ទឹក​ប៊ិច ជា​ដើម​។

បញ្ហ​រាំង​ស្ទះ​ក្នុង​ការ​ធ្វើ​ឲ្យ​អភិបាល​កិច្ច​ថ្នាក់​ក្រោម​ដើរ​លឿន ទៅ​មិន​រួច​នោះ​ គឺ​ទំនង​ជា​អាច មក​ពី​ខ្វះ​ខាត​ធនធាន​មនុស្ស​ ដែល​សម្បូរ​ចំណេះ​ដឹង​និង​សមត្ថភាព ព្រម​ទាំង​ភាព​ច្នៃ​ប្រឌិត​បង្កើត​ថ្មី​ ក្នុង​ការ​ផ្តល់​សេវា​នៅ​មូល​ដ្ឋាន។ ផ្ទុយ​ទៅ​វិញ យុវជន​និង​ធនធាន​មនុស្ស​ដែល​ចេះ​ដឹង​ជាន់​ថ្មី​ ហាក់​គិត​តែ​ចង់​សម្រុក​មក​ថ្នាក់​ជាតិ គឺ​មិន​ចង់​ធ្វើ​ការ​នៅ​ថ្នាក់​មូល​ដ្ឋាន​ប៉ុន្មាន​ឡើយ​។

បញ្ហា​នេះ ក៏​ជាប់​ព័ន្ធ​នឹង​ធន​ធាន​ថវិកា​ផង​ដែរ រាប់​ទាំង​ថវិកា​សម្រាប់​អភិវឌ្ឍ​សេវា​អភិបាល​កិច្ច​ថ្នាក់​ក្រោម​ជាតិ​ រួម​ទាំង​ថវិកា​សម្រាប់​ប្រាក់​បៀវត្ស​របស់​ពួក​គេ នៅ​មាន​កម្រិត​ទាបនៅ​ឡើយ​។ ដូច្នេះ គឺ​លំបាក​នឹង​យក​អ្នក​ចេះ​ដឹង​ខ្លាំង ​ទៅ​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​ណាស់។

ឧបសគ្គ​ចម្បង​មួយ​ទៀត គឺ​ប្រព័ន្ធ​ការ​ងារ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​រង់​ចាំ​ស្តាប់​បញ្ជា​ទាំង​ស្រុង​ពី​ថ្នាក់​លើ ថ្នាក់​ជាតិ​ដែល​ចាំ​តែ​ចេញ​បញ្ជា គឺ​ធ្វើ​ឲ្យ​រដ្ឋបាល​ថ្នាក់​មូល​ដ្ឋាន គ្មាន​ស្វ័យ​ភាព​នៃការ​សម្រេច​ចិត្ត​ បើ​ទោះបី​ជា​ថ្នាក់​ក្រោម​នោះ គិត​ថា​ល្អ​ឬ​ត្រឹម​ត្រូវ​ក៏​ដោយ ក៏​មិន​ហ៊ាន​ធ្វើ​ដែរ​។​ ដូច្នេះ​ដំណើរ​ការ​នៃការ​ស្នើ​យោបល់ និង​ការ​សម្រេច​ចេញ​បញ្ជា​ គឺ​ត្រូវ​ស៊ី​ពេល​ និង​ធ្វើ​ឲ្យ​យឺត​យ៉ាវ​ការ​ងារ​យ៉ាង​ប្រាកដ។

លើស​ពី​នេះ គឺ​មាន​ការ​ចែក​អំណាច​នៃ​ការ​សម្រេច​ចិត្ត​និង​អំណាច​ក្នុង​ការ​ងារ​ មិន​ទាន់​ត្រឹមត្រូវ។ អ្នក​ជំនាញ​អភិបាល​កិច្ច​ កត់​សម្គាល់​ឃើញ​ថា​ រដ្ឋបាល​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រសួង​ក្តី​ ច្រើន​តែ​ទម្លាក់​ការងារ​និង​ការ​ទទួល​ខុស​ត្រូវ ទៅ​ថ្នាក់​មូលដ្ឋាន​ ប៉ុន្តែ​មិន​ទម្លាក់​អំណាច​និង​ទម្លាប់​កញ្ចប់​ថវិកា​សមរម្យ​សម្រាប់​អនុវត្ត​នោះទេ។ ហើយ​ពេល​ខ្លះ គឺ​រង់​ចាំ​តែ​បន្ទោស​ថ្នាក់​ក្រោម​ទៀត​ផង។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​រួម​ចំណែក​កែ​ទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ។​ នេះ​គឺ​ជា​ផ្នែក​សំខាន់​នៃ​វិមជ្ឈការ​អំណាច​ ឲ្យ​ការ​ផ្តល់​សេវា​កាន់​តែ​ខិត​ជិត​ប្រជាពលរដ្ឋ។ ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ គឺ​ជា​មាន​ក្រសួង​ចំនួន ១១ ដែល​បាន​ធ្វើ​ប្រតិភូកម្ម​មុខ​ងារ។ បាន​ន័យ​ថា ផ្ទេរ​ភារៈ​កិច្ច​ក្នុង​ការ​ផ្តល់​សេវា​រដ្ឋបាល ដល់​ថ្នាក់​រដ្ឋបាល​ក្រុង ស្រុក និង​ខណ្ឌ។

ជាមួយ​គ្នា​នេះ ​អង្គការ​មូល​និធិ​អាស៊ី តាម​រយៈ​គម្រោង​គំនិត​ផ្តួច​ផ្តើម​ចង​ក្រង​បញ្ជី​កំណែ​ទម្រង់ កាល​ពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំ​ ២០១៦ បាន​រក​ឃើញ​ថា ​កម្ពុជា​មាន​កំណែ​ទម្រង់ ​៣​សំខាន់​​នៅ​ក្នុង​ចំណោម​ក្រសួង​ទាំង​ ១៧ នៅ​ឆ្នាំ ២០១៦ គឺ​វិស័យ​អប់រំ ការ​ប្រមូល​ពន្ធដារ​ និង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត។​ ក៏​ប៉ុន្តែ ​ការ​ស្ទង់​មតិ​មក ​គេ​រក​ឃើញ​ថា​ ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន ​មិន​ទទួល​​បាន​ព័ត៌មាន​ពី​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​នោះ​ទេ។

ដូច្នេះ នៅ​ក្នុង​ដំណើរ​ការ​កែ​ទម្រង់​ថ្នាក់​ក្រោម​ជាតិ ជួប​បញ្ហា​រាំង​ស្ទះ​រៀប​រាប់​ទាំង​នេះ​ និង​គឺ​នៅ​តែ​ជា​ឧបសគ្គ​ដដែល។ រឿង​នេះ នឹង​អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​អភិបាល​កិច្ច​មូល​ដ្ឋាន ឡើង​បន្តិច​ ឬ​ធ្លាក់​ជា​គំហុក​ ក៏អាច​ថា​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ