អានតួអត្ថបទ
កម្ពុជា

កម្មករ​រោងចក្រ​នៅ​បាវិត​ផ្ទុះ​កូដកម្ម​ជា​ថ្មី​នៅ​ព្រឹក​នេះ មាន​ទាំង​ការ​គប់​ដុំថ្ម និង​បំផ្លាញ​រថយន្ត​ពន្លត់​អគ្គីភ័យ​១​គ្រឿង

កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ផ្ទុះ​កូដកម្ម​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ធ្នូ​នេះ។ ប៉ុន្តែ​កូដកម្ម​នោះ​ក៏​ត្រូវ​បាន​បំបែក​ភ្លាម​ៗ ដោយ​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​តំបន់ ប្រើ​កង​កម្លាំង​រាជ​អាវុធ​ហត្ថ ធ្វើការបង្រ្កាប និង​ការ​បាញ់​ទឹក​ដាក់​ក្រុម​បាតុករ។ កូដកម្ម​នៅ​ព្រឹក​មិញ​នេះ បាន​កើត​ឡើង​ដោយ​ក្រុម​បាតុករ​បាន​គប់​ដុំ​ថ្ម​ដាក់​កង​កម្លាំង​ និង​អគារ​រោងចក្រ ហើយ​កង​កម្លាំង​ក៏​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គីភ័យ​ ដើម្បី​បាញ់​ទឹក​បំបែក​ហ្វូង​កូដករ​វិញ។

កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន ​ក្នុង​ក្រុង​បាវិត ​ខេត្ត​ស្វាយ​រៀង ​បាន​ផ្ទុះ​កូដកម្ម​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃអង្គារ ទី២២ ធ្នូ​នេះ។
កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន ​ក្នុង​ក្រុង​បាវិត ​ខេត្ត​ស្វាយ​រៀង ​បាន​ផ្ទុះ​កូដកម្ម​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃអង្គារ ទី២២ ធ្នូ​នេះ។ Facebook
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត កម្មករ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង​ បាន​ផ្តុំ​ក្រុម​កូដកម្ម​គប់​ដុំ​ថ្ម ទៅ​លើ​អគារ​រោងចក្រ និង​កង​កម្លាំង​រាជអាវុធហត្ថ​ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​ការពារ​នៅ​ក្នុង​តំបន់​នោះ និង​បំផ្លាញ​កញ្ចក់​រថយន្ត​បន្លត់​អគ្គីភ័យ​មួយ​គ្រឿង នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២២ ធ្នូ​នេះ។ ប៉ុន្តែ​កូដកម្ម​នេះ​ត្រូវ​បាន​រំសាយ​វិញ​ភ្លាម​ៗ បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​កង​កម្លាំង ដោយ​មាន​ការ​បាញ់​ទឹក ដើម្បី​បំបែក​ក្រុម​កូដករ​ទាំង​អស់​នោះ។

លោកអ៊ូ សាខឿន អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយ​រៀង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​នេះ​ថា មាន​កម្មករ​មួយ​ក្រុម​បាន​នាំ​គ្នា​ផ្ទុះ​កូដកម្ម​ ដោយ​យក​ដុំ​ថ្ម​គប់​អគារ​រោងចក្រ និង​កង​កម្លាំង​មាន​សមត្ថកិច្ច ប៉ុន្តែ​ក៏​ត្រូវ​បាន​រំសាយ​វិញ​ភ្លាម​ផង​ដែរ។ ហើយ​កម្មករ​រាប់ពាន់​នាក់​ ដែល​បាន​មក​ធ្វើការងារ​តាំង​ពី​ព្រលឹម​នោះ​ក៏​បាន​វិល​ត្រលប់​ទៅ​ផ្ទះ ផ្អាក​ចង្វាក់​ផលិត​កម្ម​នៅ​ថ្ងៃ​នេះ​ផង​ដែរ​ ដោយសារ​តែ​មាន​បញ្ហា​កូដកម្ម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន​នោះ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​នេះ​ដែរ ក្រុម​គណៈកម្មការ​ ដែល​គ្រប់គ្រង​លើ​ការងារ និង​ដោះស្រាយ​បញ្ហា​កូដកម្ម​របស់​កម្មករ នឹង​ប្រជុំ​គ្នា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​នេះ។

ដោយ​ឡែក​លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​ជា​តំណាង​សហជីព​ជួយ​កម្មករ​ លោក​នឹង​រង់ចាំ​ការ​ស្នើ​សុំ​នានា​ពី​ខាង​កម្មករ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់។ ព្រោះ​ថា​កូដកម្ម​កន្លង​ទៅ​ថ្មី​នេះ​ៗ មិនមែន​សហជីព​ណាមួយ ជា​អ្នក​ដឹកនាំ​នោះ​ទេ គឺ​ដឹកនាំ​ដោយ​ក្រុម​កម្មករ​ខ្លួន​ឯង​ផ្ទាល់។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកប៉ាវ ស៊ីណា។ ហើយ​បញ្ហា​ដែល​ត្រូវ​តែ​ដោះស្រាយ​នោះ​មាន​ការ​ដោះ​លែង​កម្មករ​ទាំង​៤​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ១៨ ធ្នូ និង​ការ​ស្វែង​រក​ថា​តើ​និយោជក​របស់​ក្រុមហ៊ុន​ណា​ខ្លះ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត​បាន​សន្យា​ថា​ផ្តល់​ប្រាក់​ឈ្នួល​បន្ថែម​ចំនួន​២០​ដុល្លារ​ជូន​ដល់​កម្មករ ដើម្បី​យក​ទៅ​ជជែក​ និង​ពិភាក្សា​រក​ដំណោះ​ស្រាយ​បញ្ចប់​បញ្ហា។

សូម​រំលឹក​ជូន​ថា កូដកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន និង​តាយសេង​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង ដែល​មាន​កម្មករ​និយោជិត​ជាង ៣ម៉ឺន បាន​ផ្ទុះ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៦ ធ្នូ​មក​ម្ល៉េះ។ មូលហេតុ​គឺ​ដោយ​សារ​តែ​ថៅកែ​រោងចក្រ​មិន​ព្រម​តម្លើង​ប្រាក់​ឈ្នួល​២០ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ​២០១៦ ដូច​អ្វី​ដែល​ធ្លាប់​បាន​សន្យា ព្រោះ​ថា​រោងចក្រ​ចង់​តម្លើង​ត្រឹម​តែ​១២ដុល្លារ​វិញ​តាម​គោលការណ៍​ ដែល​រដ្ឋាភិបាល​បាន​ប្រជុំ​សម្រេច​ជាមួយ​នឹង​ភាគី​សហជីព​ និង​សមាគម​ថៅកែ​រោងចក្រ​កាត់​ដេរ​កម្ពុជា។ ហើយ​កូដកម្ម​នេះ បាន​បណ្តាល​ឲ្យ​កម្មករ​៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​ដើម្បី​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ