អានតួអត្ថបទ
កម្ពុជា

កម្ពុជា​-​វៀតណាម ​សម្ពោធ​ស្តូប​មិត្តភាព​រួម​គ្នា​នៅ​ខេត្ត​ព្រះសីហនុ ​ក្រោយ​ការ​ជុស​ជុលកែ​លំអរ​​ជា​ថ្មី​

អគ្គលេខាធិការ​​បក្ស​កុ​ម្មុយ​នី​ស​​វៀតណាម​​លោក ​ង្វៀន ហ្វ៊ូ​ជុង ​(Nguyen Phu Trong) ​នៅ​​ថ្ងៃទី ​២២ ​កក្កដា​​នេះ ​បាន​​ចូលរួម​​សម្ពោធ​​ដាក់​​ឲ្យ​​ប្រើប្រាស់​​នូវ​​ស្តូប​​មិត្តភាព ​កម្ពុជា​-​វៀតណាម ​ស្ថិត​នៅ​លើ​​ទឹកដី​​ខេត្ត​​ព្រះសីហនុ​។ ​នេះ​​គឺ​ជា​​ស្តូប​​មិត្តភាព​​ទី​៧​ក្នុង​ចំណោម​​ស្តូប​​មិត្ត​ភាព​​កម្ពុជា​-​វៀតណាម ​ចំនួន​១៧ ​ដែល​​ត្រូវ​បាន​​សម្ពោធ​​ដាក់​​ឲ្យ​​ប្រើប្រាស់​​ឡើង​វិញ ​ក្រោយ​ពី​​ការ​​ជុស​ជុល ​និង​​កែ​លំអរ​​ជា​ថ្មី​។ ​ការ​ចូលរួម​​សម្ពោធ​​ស្តូប​​មិត្តភាព​​កម្ពុជា​-​វៀតណាម ​នៅ​​ខេត្ត​​ព្រះសីហនុ ​គឺ​ធ្វើឡើង​​ខណៈ​ដែល​​លោក​ ង្វៀន ហ្វ៊ូ​ជុង ​កំពុង​​បំពេញ​​ទស្សនកិច្ច​​រយៈពេល​៣​ថ្ងៃ​​នៅ​​កម្ពុជា​។   

លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ស្វាគមន៍​អគ្គលេខាធិការ​បក្សកុម្មុយនីស្ត​វៀតណាម ​លោក ង្វៀន​ ហ៊្វូជុង ​នៅ​សណ្ឋាគាសុខា ​ខេត្ត ​ព្រះសីហនុ ​ថ្ងៃទី ​២១​ កក្កដា​ ឆ្នាំ​ ២០១៧។​
លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ស្វាគមន៍​អគ្គលេខាធិការ​បក្សកុម្មុយនីស្ត​វៀតណាម ​លោក ង្វៀន​ ហ៊្វូជុង ​នៅ​សណ្ឋាគាសុខា ​ខេត្ត ​ព្រះសីហនុ ​ថ្ងៃទី ​២១​ កក្កដា​ ឆ្នាំ​ ២០១៧។​ @facebook
ផ្សាយពាណិជ្ជកម្ម

ពិធី​សម្ពោធន៍​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម ប្រចាំខេត្ត​ព្រះសីហនុ ត្រូវ​បាន​​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ង្វៀន ហ្វ៊ូ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម និង​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។ ពិធី​ដែល​ធ្វើឡើង​យ៉ាង​អ​ធឹ​ក​អធម និង​ក្រោម​តំណក់ទឹកភ្លៀង​នេះ​ ក៏មាន​ការចូលរួម​ពី​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរមរាជវាំង និង​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា ​និង​​អធិការកិច្ច រួមទាំង​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​ សិស្ស ​និស្សិត​​រាប់រយ​​នាក់​។ ​នេះ​​គឺជា​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម​ទី៧ហើយ ដែល​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាថ្មី ក្រោយពី​ការ​ជុស​ជុល និង​កែរ​លំអរ​ឡើងវិញ។

 

សូមបញ្ជាក់ថា នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ទាំងអស់​ចំនួន១៧ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន១៦ ដែល​ត្រូវបាន​កសាងឡើង ដើម្បី​ជាការ​រំលឹក​គុណូបការៈ​ដល់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​ក្នុងពេល​ពួកគេ​បាន​ចូលមក​ជួយ​វាយ​រំដោះ​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧។ ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម​ទី៨ ស្ថិតនៅក្នុង​ខេត្តបាត់ដំបង គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី ២៧ កក្កដា សប្តាហ៍​ក្រោយ។

 

គួរ​ជំរាបជូន​ដែរ​ថា លោក ង្វៀន ហ្វ៊ូ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ​គណៈ​កម្មាធិ​កា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី២០ កក្កដា ដល់​ថ្ងៃទី ២២ កក្កដា ឆ្នាំ ២០១៧នេះ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៣ថ្ងៃ ដែល​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា​នេះ លោក ង្វៀន ហ្វ៊ូ​ជុង បាន​ចូលគាល់​ព្រះករុណា​ព្រះមហាក្សត្រ និង​បាន​ចូលជួប​សំដែង​ការគួរសម​ជាមួយ ប្រធានព្រឹទ្ធសភា​កម្ពុជា លោក សាយ ឈុំ, ប្រធានរដ្ឋសភា លោក ហេង សំរិន, និង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ផងដែរ។

 

តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ មាន​ឯកសារ​និង​កិច្ចព្រមព្រៀង​យ៉ាងតិច​ចំនួន៥ ត្រូវ​បាន​​ចុះហត្ថលេខា ហើយ​ក្នុងនោះ ភាគី​វៀតណាម​ក៏បាន​សម្រេច​ផ្តល់ជំនួយ​ជា​ថវិការ​២៥​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារ​រដ្ឋបាល​នៅ​វិមាន​រដ្ឋសភា​ផងដែរ។ បន្ថែម​​លើ​នេះ ភាគី​វៀតណាម​មិន​ភ្លេច​នោះទេ ក្នុងការ​លើកសំណើ​រដ​ល់​សម​ភាគី​កម្ពុជា ឲ្យ​​ជួយ​​ថែរក្សា​និង​ការពារ​ចំពោះ​សហគមន៍​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា​។

តាម​គម្រោង លោក ង្វៀន ហ្វ៊ូ​ជុង (Nguyen Phu Trong) និង​គណៈប្រតិភូ​វៀតណាម នឹង​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល៣ថ្ងៃ​នៅ​កម្ពុជា នា​ថ្ងៃទី ២២ កក្កដា នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ