អានតួអត្ថបទ
កម្ពុជា

ថ្ងៃ​១៧​មេសា​១៩៧៥​៖ ​ឥស្សរជន​នយោបាយ​ខ្មែរ​បន្ត​រំលឹក​ពី​ការ​ឈឺចាប់ ​ដោយ​ភ្ជាប់​ជា​មួយ​សារ​នយោបាយ​

​ថ្ងៃទី​១៧​មេសា​​នេះ ​គឺ​ជា​​ខួប​៤២​ឆ្នាំ​​នៃ​​ការ​ឡើង​​កាន់​អំណាច​​នៃ​រ​បប​​ខ្មែរ​ក្រហម​។ ​នៅថ្ងៃ​នេះ ​គណបក្ស​​​សង្គ្រោះ​​ជាតិ ​បាន​រៀប​ចំ​​ពិធី​​បង្សុកូល ​ឧ​ទ្ធិ​ស​​កុសល​ផល​​បុណ្យ​​ជូន​​ដល់​​វិញ្ញាណក្ខន្ធ​​ជន​​រង​គ្រោះ​​នៃ​​របប​​ខ្មែរ​ក្រហម ​នៅ​ឯ​​សារមន្ទី​​ជើងឯក ​ស្ថិត​នៅ​ក្នុង​​ខណ្ឌ​ដង្កោ ​រាជ​​ធានី​​ភ្នំពេញ​។ ​អតីត​​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ ​លោក ​សម ​រង្ស៊ី ​បាន​​លើក​ឡើង​ថា ​ក្នុង​​​រយៈពេល​២០​ឆ្នាំ​​ចុង​​ក្រោយ​នេះ ​មាន​តែ​​គណបក្ស ​សម ​រង្ស៊ី ​និង ​គណបក្ស​​សង្គ្រោះ​​ជាតិ​​ទេ ​ដែល​​តែង​តែ​​ប្រារព្ធ​​ពិធី​​ស្មឹង​​ស្មា​ធ​​នេះ​។ ​ប៉ុន្តែ ​អ្នក​នាំ​ពាក្យ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​បាន​​ហៅ​​​សកម្មភាព​​របស់​​គណបក្ស​​ប្រឆាំង​​នេះ​​ថា ​គ្រាន់​តែ​​ដើម្បី​​កេង​ចំណេញ​​នយោបាយ​​តែ​​ប៉ុណ្ណោះ។

ទាហាន​ខ្មែរ​ក្រហម​​ប្រដាប់​ដោយ​អាវុធ​​ បាន​ចូល​មក​ទី​ក្រុង​ភ្នំពេញ ​ថ្ងៃទី ​១៧ ​មេសា ​ឆ្នាំ​១៩៧៩​។​
ទាហាន​ខ្មែរ​ក្រហម​​ប្រដាប់​ដោយ​អាវុធ​​ បាន​ចូល​មក​ទី​ក្រុង​ភ្នំពេញ ​ថ្ងៃទី ​១៧ ​មេសា ​ឆ្នាំ​១៩៧៩​។​ @Facebook
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី១៧មេសា​ឆ្នាំ២០១៧នេះ គឺជា​ខួប៤២ឆ្នាំ​គត់ នៃ​ការឡើង​កាន់អំណាច​នៃរ​បប​ខ្មែរក្រហម​នៅ​កម្ពុជា។ នៅថ្ងៃនេះ ឥស្សរជន​ជា​អ្នកនយោបាយ​ខ្មែរ​មួយចំនួន បាន​បន្ត​រំលឹក​ឡើងវិញ​នូវ​ការឈឺចាប់ ដែល​កើតចេញពី​របប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះ។

 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​គណនេយ្យ​ហ្វេ​ស​បុក​របស់លោក​ថា ដោយ​សារ​ចង់​ទុកពេល​សម្រាប់​ការរីករាយ​នៃ​ថ្ងៃ​ចូលឆ្នាំ​ចុងក្រោយ លោក​បាន​ពន្យា​ពេល​រំលឹក​នូវ​រឿង​ឈឺចាប់​ដែល​លោក​បាន​ជួបប្រទះ​កាលពី៤២ឆ្នាំមុន។ កាលពី៤២ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃ១៦មេសា​នោះ​ហើយ ដែល​លោក​ត្រូវរបួស​នឹង​ធ្លាក់ខ្លួន​ពិការភ្នែក​ឆ្វេង​រហូត​សព្វថ្ងៃ។ លោកនាយក​រដ្ឋមន្ត្រី បាន​បន្ត​រៀបរាបថា យុវជន​ដែល​ទើប​មាន​វ័យ២៣ឆ្នាំ ការបាត់បង់​កែវភ្នែក ហើយ​ធ្លាក់ខ្លួន​ពិការ បានធ្វើ​ឲ្យ​លោក​ឈឺចាប់ ទាំង​រូប​កាយ និង​ទាំង​ផ្លូវចិត្ត ប៉ុន្តែ​លោក​បាន​ខិតខំ​ងើបឈរ​ឡើង​ដើម្បី​ការរស់រាន និង​សន្តិភាព​ជូន​ជាតិ និង​ប្រជាជន។ ក្រៅពី​រំលឹក​ពី​ការឈឺចាប់​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា សូម​ឲ្យ​ចូលរួម​រក្សា​សន្តិភាព និង​រារាំង​សង្គ្រាម កុំឱ្យ​កើតឡើង​វិញ​នៅលើ​ទឹកដី​កម្ពុជា។

ក្រៅពី​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន, លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​រំលឹក​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះដែរ។ ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​គណនេយ្យ​ហ្វេ​ស​បុក​របស់លោក​ថា ក្នុង​រយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ មានតែ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​តែងតែ​ប្រារព្ធ​ពិធី​ស្មឹង​ស្មា​ធ និង​ឧទ្ទិស​បុណ្យ​កុសល ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​រាប់លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​របប​នេះ។
សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី១៧មេសា​នេះ បានរៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧ​ទ្ធិ​ស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម នៅឯ​សារមន្ទី​ជើងឯក ស្ថិតនៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ទន្ទឹមគ្នានេះ អតីត​ប្រធាន​គណបក្ស​ប្រឆាំង ​លោក សម រង្ស៊ី បាន​បន្ត​វាយប្រហារ​ទៅលើ​របប​ថ្មី​ដឹកនាំ​ដោយ​លោក ហេង សំរិន ពី​ឆ្នាំ​១៩៧៩​ ដល់​ឆ្នាំ១៩៨៥​ថា​ កើតចេញ​មកពី​ប្រភព​កុម្មុយនីស្ត​ដូចគ្នា​នៅក្នុង​ឆ្នាំ១៩៥១។ ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការលើកឡើង​របស់​លោក សម រង្ស៊ី ថា គឺ​ដើម្បី​កេងចំណេញ​នយោបាយ និង​មិន​យល់​ពី​ប្រវត្តិសាស្ត្រ។

ក្រៅពី​ឥស្សរជន​ជា​អ្នកនយោបាយ ដែល​បាន​រំលឹក​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៅថ្ងៃនេះ នៅមាន​ប្រជាពលរដ្ឋ​កម្ពុជា, បណ្ឌិត​បញ្ញា​វ័​ន្ត និង​រហូតដល់​ស្ថាប័ន​មួយចំនួនទៀត ក៏បាន​រំលឹក​​ឡើងវិញ ពីថ្ងៃ​ឡើងកាន់​អំណាច​នៃ​របប​ខ្មែរក្រហម​នេះដែរ។

គេ​​ជឿជាក់​ថា ពលរដ្ឋ​កម្ពុ​ជាជាង១.៧លាន​នាក់ ទៅ២.២លាន​នាក់ ត្រូវបាន​បាត់បង់​ជីវិត​ដោយ​​ការ​សម្លាប់ ការ​បង្អត់អាហារ និង​អំពើ​អមនុស្សធម៌ផ្សេងៗទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ