អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ញឹក ប៊ុនឆៃ ​ចង​សម្ព័ន្ធ​នឹង​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ​នៅ​មុន​ការ​បោះ​ឆ្នោត​

គណបក្ស​​ខ្មែរ​​រួបរួម​ជាតិ​​របស់​លោក ​ញឹក ប៊ុនឆៃ ​បាន​ប្រកាស​​ចង​សម្ព័ន្ធ​ភាព​​ជា​មួយ​នឹង​​គណបក្ស​​យុត្តិធម៌​​ជាតិ​ខ្មែរ​​របស់​លោក ហ៊ាង រិទ្ធី ​ដែល​​ទើប​តែ​​បែក​ចេញ ​មក​ពី​​គណបក្ស​​សំបុក​​ឃ្មុំ​​សង្គម​​ប្រជាធិបតេយ្យ​​របស់​លោក ​ម៉ម សូណង់ដូ​។ ​បើ​​យោង​តាម​​កិច្ច​ព្រម​ព្រៀង​​នៅ​ថ្ងៃ​នេះ ​គណបក្ស​​ទាំង​ពីរ​​នៅ​​មិន​ទាន់​​ឈាន​ដល់​​ការ​ច្របាច់​បញ្ចូល​គ្នា​​ជា​​គណបក្ស​​តែ​មួយ​​នៅ​ឡើយ​​ទេ ​តែ​​សម្ព័ន្ធភាព​​ដែល​​មើល​ទៅ​​មាន​ការ​​ប្រយ័ត្ន​ប្រយែង​រៀងៗ​ខ្លួន​​នេះ ​នឹង​​ចាប់​ដៃ​គ្នា​​ពង្រឹង​​ខ្លួន​​ត្រៀម​​ចូលរួម​​ការ​បោះឆ្នោត​​ក្រុម​ប្រឹក្សា​​ឃុំ​​សង្កាត់​​ឆ្នាំ​២០១៧។ ​សម្រាប់​​អ្នក​វិភាគ​​នយោបាយ​​នៅ​​កម្ពុជា​​ចាត់​ទុក​ថា ​សម្ព័ន្ធភាព​​នេះ ​គ្មាន​​ឥទ្ធិពល​​ទាញ​​ការ​គាំទ្រ​​នោះ​ទេ​។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ចងសម្ព័ន្ធភាពជាមួយនឹងគណបក្សយុត្តិធម៌ជាតិខ្មែររបស់លោក ហ៊ាង រិទ្ធី នៅ​ឯ​សណ្ឋាគា ​សាន់វេ ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​កាល​ពីថ្ងៃទី ​១៨ ​មករា ​ឆ្នាំ ​២០១៧ ​។​
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ចងសម្ព័ន្ធភាពជាមួយនឹងគណបក្សយុត្តិធម៌ជាតិខ្មែររបស់លោក ហ៊ាង រិទ្ធី នៅ​ឯ​សណ្ឋាគា ​សាន់វេ ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​កាល​ពីថ្ងៃទី ​១៨ ​មករា ​ឆ្នាំ ​២០១៧ ​។​ @Seng thai
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធភាព​របស់​គណ​បក្ស​ទាំងពីរ​នេះ គឺធ្វើឡើង​ក្នុង​ស្មារតី​សាមគ្គីភាព ឯកភាព និង​ផ្អែកលើ​ទស្សនវិស័យ​នយោបាយ​ស្របគ្នា ដើម្បី​ផលប្រយោជន៍​ជាតិ​និង​ប្រជារាស្ត្រ​ខ្មែរ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​រួម​របស់​គណបក្ស​ទាំងពីរ​នៅ​ព្រឹក​ថ្ងៃទី ១៨ មករា​នេះ។ សេចក្តីប្រកាស​រួម​នេះ ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា តាមរយៈ​អនុស្សារណៈ ស្តីពី កិច្ចសហប្រតិ​បត្តិការ​​ជា​​សម្ព័ន្ធភាព​ជាមួយគ្នា ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​លោក ហ៊ាង រិទ្ធី ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ​នេះ គឺជា​លិខិត​​តូ​បក​រណ៍​មួយ​ដើម្បី​បើកផ្លូវ​ឲ្យ​គណបក្ស​ទាំងពីរ បង្កើតឡើង​នូវ​ក្រុមការងារ​បច្ចេកទេស​​ច​ម្រុះ​មួយ ដើម្បី​រៀបចំ​យន្តការ​និង​ឯកសារ​គតិយុត្ត​នានា ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក សំដៅ​ដល់​ការប្រមូលផ្តុំ​សំឡេង​អ្នកគាំទ្រ​របស់​គណបក្ស​ទាំងពីរ។ គណបក្ស​ខ្មែរ​រូប​រួម​ជាតិ និង​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ ក៏​រំពឹង​ដែរ​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដែល​ចុះហត្ថលេខា​នៅថ្ងៃនេះ ក៏​នឹង​នាំមក​នូវ​លទ្ធផល​ល្អប្រសើរ សម្រាប់​គណបក្ស​ទាំងពីរ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ពិសេស​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ។

 
លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ ដែល​ទើបតែ​បែកចេញ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ ដែរនោះ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ក្រោយពី​ពិធី​ចុះ​អនុស្សារណៈ​នោះ​ថា ដំបូង​ឡើយ​មាន​គណបក្សតូចៗប្រមាណ​ជា៦ ដែល​បាន​ទាក់ទង​គ្នា ដើម្បី​ចងសម្ព័ន្ធភាព​គ្នា​នេះ ក៏ប៉ុន្តែ​នៅ​ទីបំផុត​ទៅ មានតែ​គណបក្ស​របស់​លោក ហ៊ាង រិទ្ធី មួយ​ប៉ុណ្ណោះ ដែល​សម្រេច​ចងសម្ព័ន្ធភាព​គ្នា​នៅថ្ងៃនេះ។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​​ក្តី អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​ប្រធានស្តីទី​រដ្ឋសភាជាតិ​រូបនេះ បាន​គូស​បញ្ជាក់​ថា នៅមាន​គណបក្ស​មួយទៀត ដែល​ត្រៀម​ចងសម្ព័ន្ធភាព​ជាមួយនឹង​គណបក្ស​របស់លោក ហើយ​ពិធី​ដូចគ្នានេះ នឹងធ្វើ​ឡើង​នៅពេល​ខាងមុខ។

សូមបញ្ជាក់ថា សម្ព័ន្ធភាព​រវាង​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក​ញឹក ប៊ុនឆៃ នឹង​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ​របស់លោក ហ៊ាង រិទ្ធី ដែល​ទើបតែ​បែកចេញ​មកពី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់លោក ម៉ម សូណង់ដូ នៅថ្ងៃនេះ មិនទាន់មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ច្បាស់​លាស់​​នៅឡើយ​ទេ ដោយ​ភាគី​ទាំងពីរ​រងចាំ​ការធ្វើការ​រួមគ្នា​រវាង​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​​ជា​មុនសិន។ ប៉ុន្តែ​ជា​ជំហាន​ដំបូង​នេះ គណបក្ស​ទាំងពីរ​នឹង​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​រៀបចំ​ធនធានមនុស្ស សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅ​ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ មេដឹកនាំ​សម្ព័ន្ធ​មកពី​គណបក្ស​ទាំងពីរ បាន​គូស​បញ្ជាក់ដែរថា ការ​ចងសម្ព័ន្ធភាព​គ្នា​នៅថ្ងៃនេះ មិនមាន​ការជួយ​រៀបចំ​ពី​គណបក្ស ឬ អ្នក​នយោបាយ​ណាមួយ​នោះទេ។ ហើយ​គណបក្ស​ទាំងពីរ ក៏​មិនមែនជា​គណបក្សប្រឆាំង​រដ្ឋាភិបាល ហើយក៏​មិន​ស្រប​ជាមួយ​រដ្ឋាភិបាល​​ទាំងអស់​​នោះ​ដែរ​ តែ​​ជា​​គណបក្ស​​ដែល​​ប្រកាន់​​​យក​​​ការ​ដឹកនាំ​​តាម​ផ្លូវ​​កណ្តាល​ ឬ អ​ព្យា​ក្រឹ​ត្រ​និយម។

សម្រាប់​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា បាន​កត់សំគាល់ថា សម្ព័ន្ធភាព​រវាង​គណ​បក្ស​នយោបាយ​​ទាំងពីរ​នេះ នឹង​មិនមាន​ឥទ្ធិពល​ខ្លាំង ទៅដល់រ​ច​ន្ត​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ