អានតួអត្ថបទ
កម្ពុជា

អាមេរិក​បន្ត​ជួយ​សហការ​បោស​សម្អាត​មីន តែ​មិន​បញ្ជាក់ថាត្រូវ​​លុប​បំណុល​ចោល​នោះទេ!

ពីម្សិលមិញនេះ ឯកអគ្គរដ្ឋទូតអាមេរិក ​ បាន​ឲ្យ​ដឹងថា​អាមេរិក​នឹង​បន្ត​ជួយ​សហ​ការ​​បោស​សម្អាត​មីន​នៅ​កម្ពុជា​ បន្តទៅទៀត​ ប៉ុន្តែលោក William A. Heidt ​​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​​​ថាត្រូវ​​លុប​បំណុល​ចោលឬយ៉ាង​ណា​​​នោះទេ! ទោះ​យ៉ាង​នេះក្តី ឯក​អគ្គ​រដ្ឋទូតអាមេរិ​ក​ លើកឡើងថា លោក​បាន​ជួប​ជជែក​គ្នាទល់​មុខ​គ្នា​​ជា​មួយ​​ក្រសួង​សេដ្ឋកិច្ច​របស់​​ខ្មែរ រួច​ហើយ។  

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជានិយាយចំពោះមុខអ្នកកាសែតជាច្រើននាក់ និងអគ្គនាយកអាជ្ញាធរ CMAC
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជានិយាយចំពោះមុខអ្នកកាសែតជាច្រើននាក់ និងអគ្គនាយកអាជ្ញាធរ CMAC @Freshnews
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ឱកាសបិទ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​កម្ទេច​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​​ខេត្ត​កំពង់​ឆ្នាំង, ឯក​អគ្គ​រដ្ឋ​ទូតអាមេរិក​ប្រចាំ​​នៅកម្ពុជា បាននិយាយ​ចំពោះ​មុខ​អ្នក​កាសែត​ជាច្រើន​នាក់ និងអគ្គនាយក​អាជ្ញាធរ ​CMAC ផង​ថា ​អាមេរិក​នឹងនៅ​​បន្ត​ជួយកិច្ច​​សហ​ការគម្រោង​​​បោស​សម្អាត​មីនបន្តទៅទៀត​។ ក្នុង​កិច្ច​ជួយ​គាំពារ​នេះ គឺ​ដោយសារ​មើល​ឃើញ​​មូលហេតុ​៣ជា​ចំបង គឺ​ទី១ ដើម្បី​សកម្មភាព​មនុស្សធម៌ ទី២ ការបោលសម្អាត​គ្រាប់​មីន គឺជួយ​ឲ្យ​រីកចម្រើនផ្នែក​​សេដ្ឋកិច្ចដល់​កម្ពុជា ហើយ​ទី៣ កម្ពុជា​មាន​កំណត់​ត្រា​ល្អ​ខាង​បោសសម្អាត​មីន ពោល​គឺមាន​ភាព​ជា​អ្នក​ដឹក​នាំ​ល្អ​ខាង​កម្ទាត់​មីន​។ ហើយ​សំខាន់ជាង​នេះទៅទៀត លោក William A. Heidt បាន​គូស​បញ្ជាក់ថា អាមេរិក​នៅតែ​ចង​ចាំ​និង​មាន​ទំនួល​ខុសត្រូវ​ចំពោះ​តួនាទីជា​​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ក្នុង​សង្គ្រាម​វៀតណាម​ និង​ដែល​​បាន​កើត​ឡើង​រាល​ដា​ល​​ផ្តល់​ផល​ប៉ះពាល់​​នៅ​កម្ពុជា។​

គួរ​បញ្ជាក់ថា ក្នុង​សង្គ្រាមអាមេរិក-​វៀតណាម​ នៅ​អំលុង​ទសវត្សរ៍​១៩៦០ សហរដ្ឋអាមេរិក​ បាន​ទម្លាក់​គ្រាប់​បែក​ ប្រមាណ​ជិត​៣លាន​តោន នៅ​តាម​ព្រំដែន​ខ្មែរ​ភាគ​ខាងកើត​ ដែល​បណ្តាល​ឲ្យ​ស្លាប់​ពលរដ្ឋ​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិអស់​​ជាច្រើន។ គ្រាប់​បែក​ទាំងនោះ ខ្លះនៅ​​មិន​ទាន់​ផ្ទុះ និង​កំពុង​បង្កគ្រោះថ្នាក់យាយី​​​ដល់​ប្រជាជន​ខ្មែរមកទល់​​សព្វ​ថ្ងៃ។ ហេតុដូច្នេះ​ហើយ ទើប​លោក William A. Heidt បាន​រម្លឹក​ជាថ្មីថា គម្រោង​ជំនួយរបស់​អាមេរិក​សម្រាប់​ការ​កម្ចាត់​និង​បោស​សម្អាត​មីន​នៅកម្ពុជា​ គឺ​ចាប់​ផ្តើម​កិច្ច​សហការ​ តាំង​ពី​​ឆ្នាំ​​១៩៩៣មក​ម្ល៉េះ។

ឆ្លើយ​តប​នឹង​សំណួរ​អ្នក​កាសែត​ជុំវិញ​បំណុល​ដែល​ខ្មែរជំពាក់​អាមេរិក​ដោយសារតែការ​​ទិញ​អាវុធ​ក្នុង​ជំនាន់​ លន់ នល់វិញ, លោក​ឯកអគ្គរដ្ឋទូត​ ហាក់​បាន​និយាយ​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ដោយបញ្ជាក់ថាក្នុង​ដំណើរ​ទស្សនកិច្ចរបស់​លោក ​នៅ​វិទ្យាស្ថានបច្ចេកទេស​សកម្មភាព​មីន​របស់​CMACលើក​នេះ គឺ​ដើម្បី​និយាយ​ពី​រឿង​​កិច្ច​សហការ​គ្នា​ដោះនិង​កម្ចាត់​មីន មិនមែនមក​និយាយពី​​រឿង​បំណុ​លនោះឡើយ​។ តែ​ទោះ​យ៉ាងណា​ក្តី ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ឲ្យ​ដឹងថា លោក​បាន​ឆ្លង​កាត់​ផ្លូវ​ពីស្ថាន​ទូត​អាមេរិក​ទៅ​ក្រសួង​ហរិញ្ញវត្ថុ​ ព្រោះទល់​មុខ​គ្នាស្រាប់​ ដើម្បី​ជជែក​គ្នា​ពី​រឿង​បំណុល​នេះ រួច​ហើយ។ ក៏ប៉ុន្តែ លោកពុំ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ដាច់​ណាត់​ថា អាមេរិក​ព្រម​លុប​ឬ​យ៉ាងណា​ទេ។​

គួរ​បញ្ជាក់ថា តាម​ផ្លូវការ បំណុលខ្មែរ​ជំពាក់​អាមេរិក​ មាន​ចំនួន​ប្រហែល​៥ពាន់​លានដុល្លារ និងដែល​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ធ្លាប់​បាន​ចាត់ទុក​ថា ជា​បំណុល​កខ្វក់ ព្រោះដោយសារតែ​គ្រាប់​មីន​-គ្រាប់បែកនោះ​ បាន​សម្លាប់​ខ្មែរ​ហើយ នៅ​ទារ​លុយ​ពី​ខ្មែរ​ថែម​ទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ