អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ជន​ពិការ ​មិនមែន​ជា​បន្ទុក​របស់​សង្គម​ តែ​គួរ​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៧​ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣។ ​ជា​ច្រើន​ឆ្នាំ​មក​នេះ ​រដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​ច្បាប់​ និង​អនុក្រឹត្យ​​ជា​​ច្រើ​ន ​​សំដៅ​លើ​ក​កម្ពស់​សិទ្ធិ​ជន​ពិការ ​ជា​ពិសេស​គឺ​ការ​ធ្វើ​សមាហរណកម្ម​របស់​ជន​ពិការ​ទៅ​ក្នុង​សង្គម​កម្ពុជា។​ ក៏​ប៉ុន្តែ ​៦​ឆ្នាំ​ក្រោយ​ពី​ការ​ដាក់​ចេញ​ច្បាប់ ស្តីពី ​កិច្ចការ​ពារ​និង​លើក​កម្ពស់​ជន​ពិការ ​និង​៣​ឆ្នាំ​ក្រោយ​នៃ​ការ​ចេញ​អនុក្រឹត្យ ​ស្តីពី ​ការ​កំណត់​ជន​ពិការ​ឲ្យ​ចូល​បំរើ​ការងារ​ក្នុង​វិស័យ​រដ្ឋ​និង​ឯកជន​នោះ​មក​ ជន​ពិការ​កម្ពុជា​ នៅ​តែ​ទទួល​រង​នូវ​ការ​រើសអើង​នៅ​ឡើយ។ ​ជនពិការ ​មិន​គួរ​ត្រូវ​បាន​ផាត់​ចេញ​ពី​សង្គ​ម ​ដោយសារ​តែ​ពិការ​ភាព​របស់​ខ្លួន​នោះទេ​។​

រថយន្តសម្រាប់ជនពិការ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង ដោយអង្គការជនពិការកម្ពុជា។
រថយន្តសម្រាប់ជនពិការ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង ដោយអង្គការជនពិការកម្ពុជា។ RFI/mesa
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រទេស​កម្ពុជា ​ការ​ប្រារព្ធ​ទិវា​ជន​ពិការ​កម្ពុជា​ខួប​លើក​ទី​១៧ ​និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៣ ​ថ្ងៃ​ទី​៣​ ខែធ្នូ ឆ្នាំ​២០១៥​នេះ ​មិនមែន​គ្រាន់​តែ​ជា​ថ្ងៃ​អបអរ​សាទរ​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ ក៏​ជា​ថ្ងៃ​ដែល​ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ឱកាស​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​របស់​ពួកគេ ​និង​ក៏​ជា​ឱកាស​ក្នុង​ការ​ត្រៀម​ទទួល​យក​នូវ​បញ្ហា​ទាំង​អស់​នោះ​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។​

ជាក់​ស្តែង​ជន​ពិការ​ប្រមាណ​ជា​៣០០​នាក់ ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស ​ទើប​តែ​បាន​ជួបជុំ​គ្នា​​កាល​ពី​ថ្ងៃ​ទី​៣​ធ្នូ ​ដើម្បី​រៀបរាប់​ពី​ទុក្ខ​លំបាក និង​បញ្ហា​ប្រឈម​របស់​ពួកគេ​ផ្សេង​ៗ​គ្នា។ ​ប៉ុន្តែ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ប្រមាណ​ជា​៣០​ មាន​បញ្ហា​ធំ​ពីរ​ដែល​ជន​ពិការ​កំពុង​តែ​ប្រឈម ​នោះ​គឺ​ការ​រើស​អើង​ពី​សង្គម​ និង​ការ​ធ្វើ​សមាហរណកម្ម​របស់​ជន​ពិការ​ទៅ​ក្នុង​សង្គម។​

យោង​តាម​ច្បាប់​ ស្តីពី​ កិច្ចការពារ​និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​កាល​ពី​ឆ្នាំ​២០០៩ ​បាន​ឲ្យ​និយម​ន័យ​ថា ​ជនពិការ ​គឺ​សំដៅ​ទៅ​លើ​ជន​ទាំង​ឡាយ​ណា ​ដែល​បាត់បង់​កាយ​សម្បទា​ណា​មួយ​ដែល​រំខាន​ដល់​ការ​រស់នៅ​របស់​គាត់ ​ប៉ុន្តែ​បើ​យោង​តាម​អនុ​សញ្ញា​ស្តីពី​ សិទ្ធិ​ជន​​ពិការ ​គឺ​សំដៅ​ទៅ​លើ​ឧបសគ្គ​ទាំង​ឡាយ​ណា​ដែល​រារាំង​ការ​ចូលរួម​របស់​សាធារណៈជន រឺ​ជន​ណា​មួយ​ចូលរួម​នៅ​ក្នុង​សង្គម​មិន​ស្មើ​ភាពគ្នា។

ជា​ច្រើ​នឆ្នាំ​មក​នេះ ​រដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​រួច​មក​ហើយ​នូវ​គោលការណ៍​ច្បាប់​ និង​អនុក្រឹត្យ​ជា​ច្រើន​ សំដៅ​លើក​កម្ពស់​សិទ្ធិជន​ពិការ ​ជា​ពិសេស ​គឺ​ការ​ធ្វើ​សមាហរណកម្ម​របស់​ជន​ពិការ​ទៅ​ក្នុង​សង្គម​ តាម​រ​យៈ​ការ​ទទួល​បា​នការងារ​ធ្វើ​ដោយ​មិនមាន​ការ​រើស​អើង ​និង​ការ​ទទួល​បាន​សិទ្ធិ​អាទិភាព​នានា។ ក៏​ប៉ុន្តែ ​៦ឆ្នាំ​ក្រោយ​ពី​ការ​ចេញ​ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើក​កម្ពស់​ជន​ពិការ​នៅ​ខែ​កក្កដា ឆ្នាំ​២០០៩ ​​និង​៣ឆ្នាំ​ក្រោយ​នៃ​អនុក្រឹត្យ ស្តីពី ​ការ​កំណត់​ជន​ពិការ​ឲ្យ​ចូល​បំរើ​ការងារ​ក្នុង​វិស័យ​រដ្ឋ​និង​ឯកជន​កាល​ពី​ឆ្នាំ​២០១៣​នោះ​មក​ ជន​ពិការ​កម្ពុជា​ នៅ​តែ​ទទួល​រង​នូវ​​ការ​រើសអើង​នៅ​ឡើយ។​

ជាក់ស្តែងជនពិការ​មួយ​ចំនួន​ ត្រូវ​ខិតខំ​ត្រដរ​រស់ដោយ​ខ្លួនឯង​ តាម​រយៈ​សកម្មភាព​ការងារ​ផ្សេ​ងៗ ​ដូច​ដែល​គេ​បាន​​ឃើញ​រួច​មក​ហើយ ​ពីការ​បង្កើត​ក្រុម​តន្រ្តី​ច្រៀង​នៅ​តាម​ទីផ្សារ​ រឺទី​ប្រជុំ​ជននានា ​ដើម្បី​ទទួល​បាន​ឱកាស​រស់​ដូច​មនុស្ស​ទូទៅ។

​បើ​គិត​ត្រឹម​ឆ្នាំ​២០១៤​កន្លង​ទៅ ​មាន​ជន​ពិការ​តែ​២៣២០នាក់ ​ឬ ​១,១៧ភាគរយប៉ុ​ណ្ណោះ ​ដែល​បាន​ទទួល​កា​រងារ​ធ្វើ​នៅ​ក្នុង​ស្ថាប័ន​របស់​រដ្ឋ​ ខណៈ​ជន​ពិការ​ជា​ច្រើន​ទៀត​ត្រូវ​បាន​ទទួល​រង​ការ​រើសអើង​​ ពិសេស​នៅ​ក្នុង​វិស័យ​ឯកជន​តែ​ម្តង ​ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ ​នៅ​មិន​ទាន់​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ថា ​មាន​​ជនពិការ​ប៉ុន្មាន​ភាគរយ​បាន​ទទួល​ការងារ​ធ្វើ​នៅ​តាម​ក្រុមហ៊ុន​ឯក​ជន​នោះ​ទេ។ ​ការណ៍​នេះ ​គឺ​ផ្ទុយ​ទៅ​នឹង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១៣ ​ដែល​បាន​កំណត់​ឲ្យ​វិស័យ​ឯកជន​ទទួល​យក​ជន​ពិការ​ធ្វើ​ការងារ​ប្រមាណ​ជា​១%​ ខណៈ​ស្ថាប័ន​រដ្ឋ​ទទួលយ​ក​ជន​ពិការ​ឲ្យ​បាន​២%។ ​តាម​ពិត ​វា​មាន​មូលហេតុ​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​វិស័យ​ឯកជន ​រា​រែក​ក្នុង​ការ​ទទួល​យក​ជន​ពិការ​ធ្វើ​ការងារ ​ក៏​ប៉ុន្តែ ​ជន​ពិការ​មិន​គួរ​ត្រូវ​បាន​រើសអើង​នៅក្នុង​សង្គម​ទៀត​នោះ​ទេ។

​យោងតាម​តួលេខ​មិន​ផ្លូវ​ការ​មួយ​ចំនួន​បាន​បង្ហាញ​ថា ​នៅ​ត្រឹម​ឆ្នាំ​២០១៥​នេះ ​ជនពិការ​កម្ពុជា​មាន​ចំនួនជា​ង ៩.៦% ឬ ​១​លាន​៣​សែន​នាក់​នៃ​ចំនួន​ប្រជាជន​សរុប​ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​តួលេខ​ត្រឹមតែ​២.៦%។

​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​១៧ ទិវា​ជន​ពិការ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៣​ធ្នូ ​ម្សិលមិញ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក៏​បាន​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​រដ្ឋ​និង​ឯកជន​បន្ត​លើក​កម្ពស់​សិទ្ធិ​របស់​ជន​ពិការ ​និង​ផ្តល់​ភាព​ងាយ​ស្រួល​កាន់​តែ​ច្រើន​ថែម​ទៀត​ទៅ​ដល់​ជនពិការ។​

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​ជន​ពិការ​មិន​គួរ​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​សង្គម​ ដោយ​សារ​តែ​ពិការ​ភាព​របស់​ខ្លួន​នោះ​ទេ ​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា ​ដែល​ជន​ពិការ​ភាគ​ច្រើន​ គឺ​ជា​អតីត​យុទ្ធជន។​ វា​រិតតែ​សំខាន់​ទៅ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​របស់​ជន​ពិការ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​សម្រាប់​ជន​ពិការ​កម្ពុជា ​ក្រៅ​ពី​ពិការភាព​ដោយសារ​គ្រាប់មីន​នៅ​ក្នុង​សម័យ​សង្គ្រាម​ និង​ពិការ​ភាព​ពីកំណើត​មក​នោះ ​កម្ពុជា​បច្ចុប្បន្ន​ក៏​​មាន​ជនពិការ​កាន់​តែ​ច្រើន​ថែម​ទៀត​ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ ​និង​ចុង​ក្រោយ​នេះ ​​​គឺពិ​ការ​ដោយសារ​តែ​ជម្ងឺ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ