អានតួអត្ថបទ
កម្ពុជា

កំណែ​ប្រឡង​បាក់ឌុប ធ្វើ​ឡើង​ក្រោម​ការ​ឃ្លាំ​មើល​ពី​កាមេរ៉ា​សុវត្ថិភាព និង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

កំណែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដែល​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៣០ សីហា​ នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ២ កញ្ញា ស្អែក​នេះ។ ដំណើរ​ការ​កំណែ​កិច្ច​ការ​ នៅ​រាជធានី​ភ្នំពេញ បាន​បំពាក់​ដោយ​កាំមេរ៉ា​សុវត្ថិភាព​នៅ​គ្រប់​មណ្ឌល​ និង​មាន​ការ​ឃ្លាំ​មើល​ពី​អង្គភាព ​ប្រឆាំង​អំពើ​ពុក​រលួយ។ យ៉ាង​ណា​ក៏​ដោយ អ្នកនាំពាក្យ​ក្រសួង​អប់រំ នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា មាន​បេក្ខជន​ជាប់​ច្រើន​ឬ​យ៉ាង​ណា​នោះ​ទេ។

ការ​ត្រួត​ពិនិត្យ​សិស្សានុសិស្ស​មុន​ចូល​បន្ទប់​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ​ក្នុង​ថ្ងៃ​ទី​២ ​នា​ព្រឹក​ទី​២៥ ​ខែ​សីហា ​ឆ្នាំ​២០១៥។
ការ​ត្រួត​ពិនិត្យ​សិស្សានុសិស្ស​មុន​ចូល​បន្ទប់​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ​ក្នុង​ថ្ងៃ​ទី​២ ​នា​ព្រឹក​ទី​២៥ ​ខែ​សីហា ​ឆ្នាំ​២០១៥។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

តាម​ការ​គ្រោង​ទុក ដំណើរ​ការ​កំណែ​កិច្ចការ​សំណេរ​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​មណ្ឌល​ទាំង ៩ នៅ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​បញ្ចប់​នៅ​ល្ងាច ថ្ងៃ​ទី ២ កញ្ញា​ស្អែក​នេះ។ នេះ​ជា​ការ​បញ្ជាក់​របស់ លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃ​ទី ១ កញ្ញា នេះ។

សូម​បញ្ជាក់ នៅ​ក្នុង​ដំណើការ​កំណែ​រយៈ​ពេល ៤ ថ្ងៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​បំពាក់​នូ​វកាមេរ៉ា​សុវត្ថិភាព នៅ​គ្រប់​បន្ទប់ នៃ​មណ្ឌល​កំណែ​ទាំង​ ៩ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ការ​ឃ្លាំ​មើល​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

បន្ទាប់​ពី​ដំណើរ​ការ​កំណែ​បញ្ចប់​រួច​រាល់ នៅ​ថ្ងៃ​ទី​ ៣ កញ្ញា​ គឺ​ជា​ដំណើរ​ការ​ប្រជុំ​នៃ​គណកម្មការ​បូក​ស្រង់។ ដោយ​ឡែក ចាប់​ពី ថ្ងៃ​ទី ៤ រហូត​ដល់​ថ្ងៃ​ទី ១៣ កញ្ញា​ គណៈកម្មការ នឹង​ចាប់​ផ្តើម​បូក​ស្រង់ និង ផ្ទៀងផ្ទាត់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ។

ពាក់ព័ន្ធ​នឹង​លទ្ធផល​ជាប់​ឬ​ធ្លាក់ មក​ដល់​ដំណាក់​កាល​នេះ លោក រស់ សាលីន បាន​បញ្ជាក់​ថា​ មិន​ទាន់​មាន​ការ​វាយ​តម្លៃ​បឋម​ណា​មួយ ដែល​អាច​បញ្ជាក់​ថា មាន​បេក្ខជន​ជាប់​ច្រើន​ឬ​យ៉ាង​ណា​នោះ​ទេ។

ដោយ​ឡែក ពាក់​ព័ន្ធ​នឹង​ករណី បេក្ខនារី​ស្វ័យរិន​ម្នាក់​ដែល​មាន​អាការៈ ឈឺ​ពោះ​សម្រាល​កូន​នៅ​ក្នុង​ម៉ោង​ប្រឡង​ថ្ងៃ​ចុង​ក្រោយ ក្រសួង​អប់រំ​នឹង​ធ្វើ​ការ​ពិនិត្យ​និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ដំណាក់​សម្រេច នៅ​ឡើយ។ កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា ដោយសារ ករណី​នេះ​វា​ជា​ករណី​ពិសេស និង​ដាច់​ដោយ​ឡែក។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា។

សូម​ជម្រាប​ជូន​ថា ការ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នឹង​ត្រូវ​​ធ្វើឡើង​នៅ​ថ្ងៃ​ទី ១៥ កញ្ញា ខាង​មុខ​នេះ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​ និង​ ខេត្ត​កណ្តាល។ ចំណែក មណ្ឌល​ប្រឡង​នៅ​តាម​បណ្តា​ខេត្ត​នានា​ នឹង​ត្រូវ​បាន​ប្រកាស នៅ​ថ្ងៃ​ទី​ ១៦ កញ្ញា៕ 

អត្តបទដោយ៖ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ