អានតួអត្ថបទ
កម្ពុជា

អ្នក​ជំនាញ​៖ រដ្ឋាភិបាល​មិន​បាន​ប្រើប្រាស់​ផែនទី​ខុស​ពី​រដ្ឋ​ធម្មនុញ្ញ​ទេ

លោក​អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​ផែនទី​ខុស​ពី​រដ្ឋធម្មនុញ្ញ​ដើម្បី​បោះ​បង្គោល​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម ប៉ុន្តែ​មន្ត្រី​ជំនាញ​ព្រំដែន​កម្ពុជា បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​នេះ។

កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-វៀតណាម នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី នា​ពេល​កន្លង​ទៅ។​
កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-វៀតណាម នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី នា​ពេល​កន្លង​ទៅ។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ចោទ​ប្រកាន់​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សារ​ជា​ថ្មី​ម្តង​ទៀត គឺ​ជា​រឿង​ខុស​ទាំង​ស្រុង នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​លោក​ស្រី​ កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ព្រំដែន​ដែល​បាន​ថ្លែង​ឆ្លើយ​តប​លោក​ អ៊ុំ សំអាន​នៅ​ថ្ងៃ​សុក្រ​នេះ។ លោក​ស្រី​ កុយ ពិសី បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​តែង​តែ​ប្រកាន់​យក​ផែនទី​បោន​ខ្នាត​១​លើ​១០០​ពាន់​គឺ​ជា​គោល​សម្រាប់​ការ​ចរចា​ជាមួយ​នឹង​វៀតណាម​។ ហើយ​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ​១៩៨៥​នោះ ក៏​កម្ពុជា​បាន​ប្រើប្រាស់​ខ្នាត​១​លើ​១០០​ពាន់​ដែរ។ កម្ពុជា​បាន​ប្រើ​ផែនទី​UTM​ខ្នាត​១​លើ ៥០​ពាន់​ដើម្បី​មើល​ទីតាំង​ជាក់ស្តែង​ៗ​ថ្មី​ៗ​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ការ​ប្រើប្រាស់​ផែនទី​នេះ លោក ហោង ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​បាន​គូស​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី​២​កញ្ញា​ថា​ កម្ពុជា​ប្រកាន់​យក​ផែនទី​បោន​ខ្នាត​១/១០០ពាន់ ប៉ុន្តែ​បាន​ប្រើប្រាស់​ផែនទី​ផ្សេង​ៗ​ដើម្បី​ការពារ​បូរណៈភាព​ទឹកដី​កម្ពុជា។

សូម​បញ្ជាក់​ថា លោក​ អ៊ុំ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​អាមេរិក តាម​រយៈ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​គាត់ បាន​ចោទ​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ផែន​ទី​UTM ខ្នាត 1/50.000 ផ្ទុយ​ពី​មាត្រា​២​នៃ​រដ្ឋធម្មនុញ។ ហើយ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​ផែនទី​UTM ខ្នាត 1/50ពាន់ ចំនួន​៤០​ផ្ទាំង និង សន្ធិសញា​ឆ្នាំ​១៩៨៥ ដែល​រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​សម្រាប់​ដើម្បី​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម។

លោក​ស្រី​ កុយ ពិសី បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ ព្រោះ​ថា​ជា​ការ​បំប៉ោង​រឿង​ព្រំដែន និង​ជា​ការ​មួល​បង្កាច់។

លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ​ទេ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ អ៊ុំ សំអាន​ នេះ ប៉ុន្តែ​សកម្មភាព និង​ការ​ឃោសនា​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​គឺ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

សូមបញ្ជាក់ថានៅថ្ងៃទី៣ ​កញ្ញា​ម្សិលមិញ​រដ្ឋាភិបាល​កម្ពុជា​ទើប​តែ​បញ្ចប់​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​ជាលើក​ទី​២ ​បន្ទាប់​​ពី​ប្រទេស​បារាំង​បាន​ប្រគល់​ផែនទី​ប៉ោន​ខ្នាត​១/១០០​ពាន់​មក​ឱ្យ​កម្ពុជា​ផ្ទៀង​ផ្ទាត់​ដើម្បី​ដោះស្រាយ​មន្ទិល​សង្ស័យ​ចំពោះ​ការ​ប្រើប្រាស់​ផែនទី​ក្លែង​ក្លាយ។ លោក​ សុខ​ ទូច​ ​​ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​ បាន​លើក​ឡើង​ថា ​បញ្ហា​ផែនទី​ក្លែងក្លាយ​គឺ​ត្រូវ​បាន​បញ្ចប់​ហើយ​​ក្រោយ​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​ជាមួយ​នឹង​ផែនទី​ពី​អតីត​អាណានិគម​និយម​បារាំង​ដែល​ជា​អ្នក​គូស​ផែនទី​ឱ្យ​កម្ពុជា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ