អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឱសថ​ក្លែងក្លាយ​នៅ​កម្ពុជា​កំពុង​បំផ្លាញ​សុខភាព​ប្រជាជន​ខ្មែរ​យ៉ាង​ស្ងៀម​ស្ងាត់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ប្រាក់ ធីតា​បាន​ធ្វើ​បទវិភាគ​ស្តី​ពី​គុណភាព​សេវាសុខាភិបាល​នៅ​កម្ពុជា​រួច​មក​ហើយ ហើយ​នៅ​ក្នុង​នោះ​ក៏​រួម​មាន​កត្តា​ជា​ច្រើន​ផង​ដែរ ដែល​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ។ នៅ​ថ្ងៃ​នេះ​ ធីតា​ នឹង​បន្ត​ធ្វើ​បទ​វិភាគ​លើ​វិស័យ​សុខាភិបាល​នេះ​ដដែល ដោយ​ផ្តោត​ទៅ​លើ​ឱសថ ហើយ​ជា​ឱសថ​ក្លែងក្លាយ ដែល​កំពុង​តែ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​កម្ពុជា ហើយ​ក៏​កំពុង​តែ​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ស្ងៀមស្ងាត់​ផង​ដែរ។

រូបភាពតំណាង៖ ឱសថស្ថាន
រូបភាពតំណាង៖ ឱសថស្ថាន google
ផ្សាយពាណិជ្ជកម្ម

 

បើទោះបី​ជា​គ្មាន​តួលេខ​ច្បាស់​លាស់​ពី​ចំនួន​ឱសថ​ក្លែងក្លាយ​នៅ​កម្ពុជា​ក៏​ដោយ ក៏​មន្ត្រី​ជំនាញ​ដែល​ធ្វើ​ការងារ​ខាង​ផ្នែក​ត្រួត​ពិនិត្យ​ផលិត​ផល​ក្លែង​ក្លាយ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា ចំនួន​ឱសថ​ក្លែង​ក្លាយ​គឺ​មាន​ចំនួន​ច្រើន ដោយ​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ជំហាន​ដំបូង​របស់​ក្រុម​មន្ត្រី​ជំនាញ និង​អង្គការ​ដែល​ធ្វើ​ការងារ​ពាក់​ព័ន្ធ​ខាង​ផ្នែក​នេះ។

បើ​ពិនិត្យ​មើល​ទៅ កម្ពុជា​គឺ​ជា​ប្រទេស​ប្រើប្រាស់​ផលិត​ផល​ថ្នាំ​ពេទ្យ​នាំ​ចូល​ស្ទើរ​តែ​ទាំង​ស្រុង ខណៈ​ដែល​ក្រុម​ហ៊ុន​ផលិត​ថ្នាំ​ពេទ្យ​នៅ​ក្នុង​ស្រុក​មិន​សូវ​ជា​មាន​ច្រើន​ប៉ុន្មាន​នោះ​ទេ។ ហើយ​បើ​មាន​វិញ​ក៏​មិន​មែន​ផលិត​ដើម្បី​លក់​នៅ​ក្នុង​ស្រុក​ទាំង​អស់​នោះ​ដែរ គឺ​នាំ​ចេញ​ជាង​៥០%​ឯណោះ។ ជាក់​ស្តែង​ដូចជា​ក្រុម​ហ៊ុន​ផលិត​ឱសថ PPM ជា​ដើម គឺ​ផលិត​ផល​របស់​ខ្លួន​នាំ​ចេញ​ទៅ​កាន់​បរទេស​ចំនួន​៦០% ហើយ​ទីផ្សារ​ក្នុង​ស្រុក​វិញ​គឺ​មាន​តែ​៤០% ប៉ុណ្ណោះ។ 

បើ​និយាយ​ពី​ថ្នាំ​ពេទ្យ​ដែល​ត្រូវ​បាន​នាំ​ចូល​មក​លក់​នៅ​កម្ពុជា​វិញ គឺ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ណាស់​ខាង​ផ្នែក​តម្លៃ។ ឧទាហរណ៍​ថ្នាំ​ប៉ារ៉ា​មួយ​មុខ គឺ​មក​ពី​បណ្តា​ក្រុមហ៊ុន​ផលិត​ជា​ច្រើន ហើយ​ក៏​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​ដែរ។ ថ្នាំ​ខ្លះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​លួច​ចម្លង​រូបមន្ត​គេ​ទាំង​ស្រុង ហើយ​ខ្លះ​វិញ​ក៏​ត្រូវ​បាន​ផលិត​ឡើង ដោយ​កាត់​បន្ថយ​សមាសធាតុ​ផ្សំ​សំខាន់​ៗ​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម ហើយ​ទទួល​បាន​ប្រាក់​ចំនេញ​ខ្ពស់។

គ្រប់គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា​ថ្នាំ​ពេទ្យ​ គឺ​ជា​អាវុធ​មុខ​ពីរ ប្រសិន​បើ​យើង​ប្រើប្រាស់​វា​មិន​បាន​ត្រឹម​ត្រូវ​នោះ។ ចុះ​ទម្រាំ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​ក្លែង​ក្លាយ​ទៀត​នោះ តើ​វា​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ខ្លះ​ទៅ​ដល់​សុខភាព​របស់​ប្រជាជន​ខ្មែរ? នៅ​ត្រង់​ចំណុច​នេះ វា​រឹត​តែ​បង្ហាញ​កាន់​តែ​ច្បាស់ ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​សម័យ​ឥឡូវ​ឈឺ​ច្រើន ហើយ​ឈឺ​ជំងឺ​ប្លែក​ៗម្ល៉េះ​?
ចំណី​​អាហារ​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​មួយ​ផ្នែក​ហើយ ហើយ​ថ្នាំ​ពេទ្យ​ក្លែង​ក្លាយ​នេះ​ក៏​កំពុង​តែ​រួម​ចំណែក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​បន្តិច​ម្តង​ៗ ដោយ​មិន​ដឹង​ខ្លួន​។ មនុស្ស​មួយ​ចំនួន​មិន​អាច​រស់​ដោយ​គ្មាន​ថ្នាំ​ពេទ្យ​បាន​នោះ​ទេ ហើយ​ក៏​ត្រូវ​ប្រើ​ជា​ប្រចាំផ​ងដែរ ដើម្បី​រក្សា​ស្ថានភាព​ជំងឺ​របស់​ខ្លួន​ឲ្យ​នៅ​សភាព​ធម្មតា។ ប៉ុន្តែ​ករណី​ខ្លះ​ប្រើ​យូរ​ៗ​ទៅ គឺ​កាន់​តែ​ច្រើន​ឡើងៗ។

អញ្ចឹង​ប្រជាពលរដ្ឋ​ខ្លួន​ឯង​គួរ​តែ​គិត​ពិចារណា​ឡើង​វិញ ថា​ក្នុង​ករណី​ណាគួរ​តែ​ប្រើ​ថ្នាំ​ពេទ្យ ហើយ​ករណី​ណា​មិន​គួរ​ប្រើ​នោះ ព្រោះ​ថា​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​ក្លែង​ក្លាយ​និង​ខុស​​វេជ្ជ​បញ្ជានោះ​ វា​មិន​បង្ហាញ​ក្នុង​ពេល​ភ្លាម​ៗ​នោះ​ទេ។ វា​សំងំ​លាក់​ខ្លួន​ក្នុង​រាងកាយ ហើយ​បំផ្លាញ​សរីរាង្គ​ណា​មួយ​ក្នុង​ខ្លួន។

ជា​ជំហាន​ដំបូង​ប្រជាជន​កម្ពុជា​គួរ​តែ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ការ​ប្រើប្រាស់​ថ្នាំ​ពេទ្យ។ ប្រសិន​បើ​ដឹង​ថា​ជំងឺ​របស់​ខ្លួន ត្រូវ​នឹង​ថ្នាំ​ណាមួយ​ហើយ​នោះ អាច​ទៅ​រក​ទិញ​បាន​ទៅ​តាម​ឱសថ​ស្ថាន​ដែល​មាន​ស្លាក​យី​ហោ​ត្រឹមត្រូវ។ ហើយ​នៅ​ពេល​ដែល​ទិញ​ថ្នាំ​ក៏​ត្រូវ​ពិនិត្យ​មើល​ការ​វេច​ខ្ចប់ អក្សរ​នៅ​លើ​សំបក​ថ្នាំ និង​កាល​បរិច្ឆេទ​ប្រើប្រាស់​ឲ្យ​បាន​ច្បាស់​លាស់​ផង​ដែរ។ ប៉ុន្តែ​បើ​មិន​ទាន់​ដឹង ឬ​ក៏​មិន​ទាន់​ច្បាស់​ថា​ខ្លួន​មាន​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ត្រូវ​ទៅ​រក​គ្រូពេទ្យ​ពិនិត្យ​ និង​ពិគ្រោះ​ជំងឺ​ជា​មុន​សិន ដើម្បី​ទទួល​បាន​វេជ្ជបញ្ជា ដើម្បី​យក​ទៅ​ទិញ​ថ្នាំ ហើយ​ប្រើ​ទៅ​មាន​ប្រសិទ្ធភាព។

ក្រសួង​ពាក់ព័ន្ធ​នានា​គួរ​តែ​ចូលរួម​បង្កើន​ការ​អប់​រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ការ​ត្រួត​ពិនិត្យ​មើល​ឱសថ​ក្លែង​ក្លាយ តាម​រយៈ​ការ​ផ្សព្វផ្សាយ​នា​នា​តាម​ទូរទស្សន៍ វិទ្យុ និង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​ដើម។ ការ​ផលិត​ជា​វីដេអូ​ខ្លី​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ និង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក និ​ងរឿង​ខ្លី​ចាក់​ផ្សាយ​តាម​វិទ្យុ​ជា​ដើម។ ហើយ​ត្រូវ​តែ​បន្ត​ការ​ផ្សាយ​ឲ្យ​បាន​ច្រើន​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​ប្រជាជន​យល់​ដឹង និង​ជ្រាប​កាន់​តែ​ច្បាស់​ពី​ការ​ប្រើប្រាស់ និង​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ឱសថ​ក្លែងក្លា​យ។

ក្រៅ​ពី​នេះ​ក្រសួង​ពាក់ព័ន្ធ​នានា ដែល​រួម​មាន​ដូចជា​មន្ត្រី​គយ មក​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មន្ត្រី​ត្រួត​ពិនិត្យ​ផលិត​ផល​ក្លែង​ក្លាយ របស់​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​មក​ពី​ក្រសួង​សុខាភិបាល គួរ​តែ​ពន្លឿន​ការ​ងារ​របស់​ខ្លួន​ក្នុង​បញ្ហា​នេះ ​ព្រោះ​ថា​មន្ត្រី​ទាំង​អស់​សុទ្ធ​តែ​បាន​ដឹង​ហើយ​ពី​បញ្ហា​នេះ​។ បង្កើន​ការ​ត្រួត​ពិនិត្យ​នៅ​តាម​ឱសថ​ស្ថាន​នានា មិន​ថា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ទេ គឺ​សូម្បី​តែ​នៅ​តាម​បណ្តា​ខេត្ត និង​តំបន់​ដាច់​ស្រយ៉ាល​នានា​ផង​ដែរ។ មន្ត្រី​ពាក់​ព័ន្ធ​នានា​គួរ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ទុក្ខ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​នេះ​ ព្រោះ​ថា​កម្ពុជា​គឺ​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។ អញ្ចឹង​មន្រ្តី​នានា​គឺ​មាន​តួនាទី​ធ្វើ​ការ​ដើម្បី​បម្រើ​រាស្រ្ត ដែល​ជា​ប្រជាជន​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ