អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អនាគត​នៃ​វិស័យ​ភាពយន្ត​ខ្មែរ ស្ថិត​​ក្នុង​ដៃផលិតករ​ភាពយន្តជំនាន់​ក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ ផលិតករ​ភាពយន្ត​ថ្មី​ៗ​​ជា​ច្រើនរូប បាន​ចូល​ប្រឡូក​នៅ​ក្នុង​ការ​ផលិត​ភាពយន្ត​ខ្លី ដើម្បី​ដាក់​បញ្ចាំង​តាម​ពិធី​មហោស្រព​ភាពយន្ត​នានា។ ក្រៅ​ពី​ដាក់បញ្ចាំង​ភាពយន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​អន្ដរជាតិ ផលិតករ​ខ្មែរ​មួយ​ចំនួន​ទៀត បាន​ប្រមែ​​ប្រមូល​យក​ពាន​រង្វាន់​​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ភាពយន្ត​ពី​ក្រៅ​ប្រទេស ត្រឡប់​មក​ស្រុក​វិញ​ជា​បន្ត​បន្ទាប់​​​។ ការ​កើន​ឡើង​ទាំង​បរិមាណ​និង​គុណភាពនៃ​ផលិតករ​ភាពយន្ត​ជំនាន់​ក្រោយ​​ដូច្នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ក្ដី​សង្ឃឹម​នៃ​វិស័យ​ភាពយន្តខ្មែរ​។

ក្រុមយុវវ័យក្មេងៗមួយចំនួនបានវិលមកចាប់អារម្មណ៍លើវិស័យភាពយន្តខ្មែរ
ក្រុមយុវវ័យក្មេងៗមួយចំនួនបានវិលមកចាប់អារម្មណ៍លើវិស័យភាពយន្តខ្មែរ © ចាន់​ លីដា
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្សែ​ភាពយន្ត​ដែល​ផលិត​ដោយ​ផលិតករ​ភាពយន្ត​​ខ្មែរជំនាន់​ក្រោយ​ជា​ច្រើន​រឿង ត្រូវ​បាន​ដាក់​បញ្ចាំង​ឲ្យ​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​។ ជា​ខ្សែ​ភាពយន្ត ដែល​មិន​មែន​ត្រឹម​តែ​ផលិត​ដោយ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ខ្សែ​ភាពយន្ត​ដែល​ទទួល​បាន​ពាន​រង្វាន់​ពី​ការ​ប្រកួត​ប្រជែង​ខ្សែ​​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត​ផង​។

នេះ​ស​រ​បញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា​​មាន​ផលិតករ​ភាពយន្តជំនាន់​ក្រោយ​​ប្រកប​​ដោយ​គុណភាព​ច្រើន​នាក់ មិន​ចាញ់​ប្រទេស​ជិត​ខាង​នោះ​ឡើយ​។ មាន​មូលហេតុ​ច្រើន​យ៉ាង ដែល​ធ្វើ​ឲ្យ​ការ​ផលិត​ភាពយន្ត​របស់​យុវជន​ខ្មែរ ចាប់ផ្ដើម​ពុះ​កញ្ជ្រោល​ឡើង​ប្រកប​ដោយ​គុណភាព​​​ដូច្នេះ​។

ទី​១៖ គឺ​វគ្គ​បណ្ដុះ​បណ្ដាល​ផលិត​ភាពយន្ត។ បើ​ទោះ​បី​ជា​កម្ពុជា​នៅ​មិន​ទាន់​មាន​សាលា​បង្រៀន​ផលិត​ភាពយន្ត​ជា​ផ្លូវ​ការយ៉ាង​ណា​ក្ដី ក៏​ស្ថាប័ន​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បានរៀប​ចំ​បង្កើត​ឲ្យ​មាន​វគ្គ​បណ្ដុះ​បណ្ដាល ឬ​​ជំរុំ​ផលិត​ភាពយន្ត​ជា​បន្ត​បន្ទាប់​។ វគ្គ​បណ្ដុះ​បណ្ដាល​ខ្លី​ៗ​អស់​ទាំង​នេះ បាន​ផ្ដល់​ឱកាសឲ្យ​អ្នក​ដែល​ចាប់​អារម្មណ៍​ពី​ភាពយន្ត ​​ស្វែង​យល់​ពី​បច្ចេកទេស​ចាំ​បាច់​ទាំង​ឡាយ នៅ​ក្នុង​ការ​ផលិត​ភាពយន្ត​។ ក្រៅ​ពី​នេះ ក៏​មាន​ផង​ដែរ កម្មវិធី​ទស្សនាភាពយន្ត កម្មវិធី​ជួប​ជាមួយ​ផលិតករ​ភាពយន្ត និង​កម្មវិធី​ពិភាក្សា​ពី​ភាពយន្ត​នានា​។ កម្មវិធី​ទាំង​អស់​នេះ បាន​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ផលិតករ​វ័យ​ក្មេង នៅ​ក្នុង​វិស័យ​ភាពយន្ត​ផង​ដែរ​។

ទី២៖ គឺ​មហោស្រព​ភាពយន្ត​។ ខុស​ពីពេល​មុន ដែល​​ផលិតករ​គ្មាន​កន្លែង​ដាក់​បង្ហាញ​ស្នាដៃ​របស់​ខ្លួន ឥឡូវ ​ផលិតករ​ភាពយន្ត​ខ្មែរ មាន​កន្លែង​បង្អួត​ស្នាដៃ​របស់​ខ្លួន​ហើយ ទាំង​នៅ​តាម​មហោស្រព​ភាពយន្ត និង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​​។ ហើយ​ជា​ពិសេស ខ្សែ​ភាពយន្ត​ដែល​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ ទទួល​បាន​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន​កុះ​ករ​ពី​សំណាក់​អ្នក​ទស្សនា​ថែម​ទៀត​ផង​។

ជាក់​ស្ដែង តាំង​ពី​ឆ្នាំ​២០១០​រហូត​មក កម្ពុជា​បាន​បង្កើត​ឲ្យ​មាន​​មហោស្រព​ភាពយន្ត​អន្ដរជាតិជា​រៀង​រាល់​ឆ្នាំ​។ មហោស្រព​នេះ គឺ​ជា​ព្រឹត្តិការណ៍​ភាពយន្ត​ដ៏​សំខាន់ ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​ភាពយន្ត​ក្នុងស្រុក​យ៉ាង​ទំលំ​ទូលាយ ទៅ​កាន់​ឆាក​អន្ដរជាតិ​។ និយាយ​​ឲ្យ​ស្រួល​ស្ដាប់ មហោស្រព​ភាពយន្ត គឺ​ជា​ផ្សារ ដែល​អនុញ្ញាត​ឲ្យ​ផលិតករ​វ័យ​ក្មេង បង្អួត​បង្ហាញ​ភាពយន្ត​ដែល​មាន​គុណភាព​របស់ខ្លួន ទៅ​កាន់​សាធារណជន ទាំង​ជាតិ និង​អន្ដរជាតិ​។ ក្រៅ​ពី​នេះ វា​ក៏​ជា​វេទិកា​ផ្លាស់​ប្ដូរ​បទ​ពិសោធ និង​ចំណេះ​ដឹងទៅ​វិញ​ទៅ​មក រវាង​ផលិតករ​ភាពយន្ត​ខ្មែរ និង​បរទេស​​ផង​ដែរ។ ទន្ទឹម​គ្នា​នេះ ប៉ុស្តិ៍​ទូរទស្សន៍​ខ្មែរ​មួយ​ចំនួនក៏​ធ្លាប់​​​បាន​សហការ​ជាមួយ​ក្រុម​កុន​ខ្មែរ​កូន​ខ្មែរ ដើម្បី​​បង្កើត​ឲ្យ​មាន​កម្មវិធី​កុន​ខ្លី​ផង​ដែរ​។ ជា​កម្មវិធី ដែល​​ចាក់​បញ្ចាំង​នូវ​ខ្សែ​ភាពយន្ត​ខ្លី​ៗ​របស់ផលិតករ​ភាពយន្តជំនាន់​ក្រោយ​នៅ​កម្ពុជា​។ ទាំង​នេះ បាន​​ធ្វើ​ឲ្យ​ផលិតករ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង ជាពិសេស​យុវជន មាន​កម្លាំង​ចិត្ត​កាន់​តែ​ពុះ​កញ្ជ្រោល​ក្នុង​ការ​ផលិត​​ភាពយន្ត​ប្រកប​ដោយ​គុណភាព​។

ទី​៣៖ គឺ​ការ​ប្រកួត​ប្រជែង​។ ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​នេះ​ហើយ ដែលធ្វើ​ឲ្យ​​ផលិតករ​ភាពយន្ត​ខ្មែរ ព្យាយាមសម្រិត​សម្រាំង​ស្នាដៃ​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​ដណ្ដើម​យក​ជ័យ​លាភី។ ការ​ប្រកួត​ប្រជែង​ភាពយន្ត​ សកលភាវូបនីយកម្ម បាន​ផ្ដល់​​ឱកាសដល់​ផលិតករ​ភាពយន្ត​ខ្មែរ នាំ​យកកុន​ដែល​ខ្លួន​ផលិត​បាន ឆ្លង​ដែន​ទៅ​ប្រកួត​ជាមួយ​ភាពយន្ត​ដទៃ​ទៀត​នៅ​ក្រៅ​ប្រទេស​។

ទាក់​ទង​នឹង​ការ​ប្រកួត​ប្រជែង​កុន​នេះ ឆ្នាំ​២០១៤​កន្លង​ទៅ អាច​ចាត់​ទុក​ថា ជា​ឆ្នាំ​ដ៏​ល្អ​ប្រសើរ សម្រាប់​ខ្សែ​ភាពយន្ត​ខ្មែរ នៅ​លើ​ឆាក​អន្ដរជាតិ​។ តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ ខ្សែ​ភាពយន្ត​របស់​ផលិតករ​ខ្មែរ​មិន​តិច​ជាង​៤​ទេ ដែល​បាន​ទទួល​ពាន​រង្វាន់ នៅ​ក្នុង​មហោស្រព និង​ការ​ប្រកួតប្រជែង​កម្រិត​​អន្ដរជាតិ​។ ហើយ​នៅ​​​ឆ្នាំ​២០១៥​​ទៀតសោត ស្នាដៃ​របស់​ផលិតករ​ភាពយន្ត​វ័យ​ក្មងកម្ពុជា​ចំនួន​៥​នាក់​ បាន​ជាប់​នៅ​ក្នុង​វគ្គ​ចុង​ក្រោយ នៃ​ការ​ប្រកួត​ប្រជែង​ខ្សែ​ភាពយន្ត​នៅ​អាស៊ី​អាគ្នេយ៍​​។ ក្នុង​ចំណោម​នោះ ផលិតករ​ភាពយន្ត​ខ្មែរ​២​នាក់​បាន​ទទួល​ជ័យលាភី​ភាពយន្ត​ខ្លី​ល្អ​បំផុត លេខ​១​និង​លេខ​៣​។ ដោយ​ឡែក នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ទៀត​សោត ភាពយន្ត​ខ្មែរ​ចំនួន​២ ត្រូវ​បាន​ជ្រើស​រើស​យក​ទៅ​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​អន្ដរជាតិ​ក្រុង​កាន លើក​ទី​៦៩ នៅ​ប្រទេស​បារាំង​។ រឿង​មួយ​មាន​ចំណង​ជើង​ថា និរទេស ផលិត​ដោយ​លោក រិទ្ធី ប៉ាន់ និង​មួយ​ទៀត​ផលិត​ដោយ​លោក ដាវី ជូ ដែល​មាន​ចំណង​ជើង​ថា ​កោះ​ពេជ្រ។

តាម​រយៈ​ការ​កើន​ឡើង​ទាំង​បរិមាណ​និង​គុណភាព​នៃ​ផលិតករ​ភាពយន្ត​ជំនាន់​ក្រោយ​​ដូច្នេះ ​អ្នក​ជំនាញ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​នៃ​វិស័យ​ភាព​យន្ត​ខ្មែរ​ ​ថា​អាច​នឹង​រីក​លូត​លាស់​ទៅ​មុខ​បាន​ប្រសើរ​ជាង​សព្វ​ថ្ងៃ​នេះ​។ ខណៈ​ដែល​ផលិតករ​ភាពយន្ត​ជំនាន់​ថ្មី ខិត​ខំ​សម្រិត​សម្រាំង​ស្នាដៃ​របស់​ខ្លួន​ឲ្យ​មាន​គុណភាព​កាន់​តែ​ប្រសើរ ទស្សនិកជន​ទាំង​ឡាយ​ក៏​គួរ​តែ​ផ្ដល់​តម្លៃ និង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។ ព្រោះ​សូម​កុំ​ភ្លេច​ថា ​គឺ​ការ​ផ្ដល់​តម្លៃ​និងការ​លើក​ទឹក​ចិត្ត​នេះ​ហើយ ដែល​​ជា​ថ្នាំ​កម្លាំង​សម្រាប់​ផលិតករ ក្នុង​ការ​ផលិត​ភាពយន្ត​ឲ្យ​មាន​គុណភាព​កាន់តែ​ប្រសើរ​ជាង​សព្វ​ថ្ងៃ​នេះទៅ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ