អានតួអត្ថបទ
កម្ពុជា

កម្ពុជា ប្រារព្ធ​ទិវា​ជាតិ​អំណាន​លើក​ដំបូង ក្រោម​ប្រធាន​បទ​«បណ្តុះ​ទម្លាប់​អាន និង​ជម្រុញ​វប្បធម៌​អាន»

ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែ​មីនា​នេះ បាន​រៀប​ចំ​ទិវា​ជាតិ​អំណាន លើក​ទី១ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ប្រធាន​បទ​«បណ្តុះ​ទម្លាប់​អាន និង​ជម្រុញ​វប្បធម៌​អាន»។ ទិវា​ជាតិ​អំណាន​នេះ ប្រព្រឹត្តិ​ឡើង​ក្នុង​គោល​បំណង ជំរុញ​វប្បធម៌​ការ​អាន​នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ជា​ពិសេស សិស្សានុសិស្ស និង​និស្សិត នៅ​តាម​បណ្តា​គ្រឹះស្ថាន​សិក្សា​នានា ឲ្យ​កាន់​តែ​មាន​ភាព​ផុសផុល។

ទិវា​ជាតិ​អំណាន​លើក​ទី​១ ​ប្រារព្ធ​ឡើង​នៅ​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ។​
ទិវា​ជាតិ​អំណាន​លើក​ទី​១ ​ប្រារព្ធ​ឡើង​នៅ​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ។​ សហការី
ផ្សាយពាណិជ្ជកម្ម

ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី ១១ ខែ​មីនា​នេះ បាន​ប្រារព្ធ​ទិវា​ជាតិ​អំណាន​លើក​ដំបូង ក្រោម​ប្រធាន​បទ «បណ្តុះ​ទម្លាប់​អាន និង​ជម្រុញ​វប្បធម៌​អាន» ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់ មន្រ្តី​រាជការ​ បុគ្គលិក​វិស័យ​ឯកជន និង​និស្សិត ប្រមាណ​ជា ២​ពាន់​នាក់។

បើ​តាម លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ បាន​ថ្លែង​ពី​គោល​ដៅនៃ​ទិវា​ជាតិ​អំណាន​ ទិវា​នេះ​ថា គឺ​ជា​ការ​បណ្តុះ​ទម្លាប់​អាន ជម្រុញ​វប្បធម៌​អាន លើក​កម្ពស់​សមត្ថភាព​អាន និង​តែង​និពន្ធ ដើម្បី​អាច​ចូលរួម​ចំណែក​ការពារ និង​ពង្រឹង​វប្បធម៌​ខ្មែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​កំណត់​យក​ថ្ងៃ​ទី ១១ ខែ​មីនា​នេះ ក៏​ដើម្បី​រំឮក​ដល់​ថ្ងៃ​ប្រសូត​របស់ ​ព្រះ​មហាសុមេធាធិបតី ជួន ណាត (​ជោត​ញ្ញា​ណោ​) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទ្រង់​បាន​ប្រសូត​នៅ​ថ្ងៃទី ១១ ខែ​មីនា ឆ្នាំ​១៨៨៣។ សម្តេច​ព្រះសង្ឃ​រាជ ជួនណាត ជា​បណ្ឌិត​ផ្នែក​អក្សរសាស្រ្ត និង​ជា​បុគ្គល ដែល​បាន​ចងក្រង​វចនានុក្រម​ខ្មែរ សម្រាប់​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់ និង​សិក្សា​រៀន​សូត្រ។

សូម​រំឮក​ជូន​ថា កាលពី​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​មួយ​កំណត់​យក​ថ្ងៃ​ទី ១១ ខែ​មីនា ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ទិវា​ជាតិ​អំណាន បន្ទាប់​ពី​មើល​ឃើញ​ថា ការ​អាន​នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ។

ព្រម​ជាមួយ​គ្នា​នេះ កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ ស្នើ​សុំ​ឲ្យ​សាធារណៈជន ក៏​ដូចជា ស្ថាប័ន​ពាក់ព័ន្ធ​បរិច្ចាគ​សៀវភៅ​​ផ្សេង ​ទៅ​ឲ្យ​គ្រឹះស្ថាន​សិក្សា​ នៅ​កម្ពុជា។ ការ​ស្នើ​សុំ​ដូច្នេះ ដោយសារ បណ្ណាល័យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​មាន​រហូត​ទៅ​ដល់ ៨៤៧០ មាន​តែ​សៀវភៅ​គោលដៅ​ប៉ុណ្ណោះ​ប៉ុន្តែ សៀវភៅ​អាន​បន្ថែម​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​សិស្សានុសិស្ស គឺ​នៅ​មាន​ភាព​ខ្វះខាត​ច្រើន។

យ៉ាង​ណាក៏​ដោយ ដើម្បី​ធានា​ឲ្យ​វប្បធម៌​នៃ​ការ​អាន​នៅ​កម្ពុជា ប្រកប​ដោយ​ប្រសិទ្ធិភាព និង​ចីរភាព សម្រាប់​ឆ្នាំ​២០១៧ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បង្កើត​កម្មវិធី​ប្រឡង​ប្រណាំង ការ​អាន និទាន​រឿង ការ​ស្មូត្រ​កំណាព្យ និង​ការ​តែង​និពន្ធ ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រសួង​អប់រំ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ ក៏​នឹង​បង្កើត​គណៈកម្មការ​គ្រប់​គ្រង ​ដឹកនាំ អនុគណៈកម្មការ​សម្រប​សម្រួល​ និង​ពិធីការ អនុគណៈ​កម្មការ​បច្ចេក​ទេស​រៀបចំ ទិវា​ជាតិ​អំណាន​នេះ ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព និង​និរន្តរភាព​ ឲ្យ​ប្រែ​ក្លាយ​ទៅ​ជា​វប្បធម៌​អំណាន​នៅ​កម្ពុជា។​

បន្ថែម​លើ​នេះ រដ្ឋមន្រ្តី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ក៏​បាន​ធ្វើ​ការ​អំពាវ​នាវ ឲ្យ​ស្ថាប័ន​នានា​ រដ្ឋបាល​ថ្នាក់​ក្រោម ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល ជួយ​បំផុស​ស្មារតី ទម្លាប់​នៃ​ការ​អាន​របស់​ប្រជាជន​កម្ពុជា ឲ្យ​កាន់​តែ​មាន​សក្តានុពល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ