អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វិស័យ​កាត់​ដេរ​អាច​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ទៅ​អនាគត ប្រសិន​បើ​ស្ថានភាព​រស់​នៅ​របស់​កម្មករ​មិន​មាន​ការ​ប្រែប្រួល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ចុង​សប្តាហ៍​នេះ និង​សប្តាហ៍​ក្រោយ កម្មករ​ និង​យោជិក ដែល​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ប្រាក់​ខែ​គោល​ថ្មី ដែល​ជា​លទ្ធផល​នៃ​ការ​សម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​កាល​ពី​ចុង​ឆ្នាំ​ ២០១៦ កន្លង​ទៅ។ ការ​សម្រេច​របស់​គណៈកម្មការ​ត្រី​ភាគី​នេះ បញ្ជាក់​ថា​ចាប់​ពី​ខែ​ មករា ឆ្នាំ​២០១៧ ទៅ កម្មករ និយោជិក នៅ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​នឹង​ដេរ​ស្បែក​ជើង​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៥៣ ដុល្លារ ក្នុង​មួយ​ខែ។

រូបភាពចាស់៖ កម្មករ កម្មការិនីកាត់ដេរកម្ពុជា
រូបភាពចាស់៖ កម្មករ កម្មការិនីកាត់ដេរកម្ពុជា RFI
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់​ដេរ ឃើញ​ថា​បាន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ចំនួន​កំណត់​មួយ ដែល​ភាគី​ពាក់ព័ន្ធ​បាន​ប្រទាញ​ប្រទង់​យោបល់​គ្នា ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាក់ខែ​កម្មករ​បាន​ឡើង​ជាប់​ជានិច្ច ទោះ​ឡើង​តិច​ក្តី ច្រើន​ក្តី។ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ ១៥៣​ដុល្លារ​នេះ បាន​វិវត្ត​ពី​ប្រាក់​ឈ្នួល​គោល​ដំបូង​ ២៥​ដុល្លារ គិត​ចាប់​តាំង​ពី​ការ​ចាប់​កំណើត​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​ ១៩៩៦​មក។

ថ្វី​ត្បិត​ ២០​ឆ្នាំ​ក្រោយ​ការ​ឡើង​ប្រាក់​ឈ្នួល​អប្បបរមា​មិន​បាន​ស្មើ​នឹង​ ១០​ដង​មែន​ពិត ក៏​ប៉ុន្តែ​ប្រាក់​ឈ្នួល​​អប្បបរមា​​ពេល​​នេះ​ គឺ​​ផ្តើម​​ចេញ​​ពី​​ភាព​​តាន​​តឹង​​នៃ​​ការ​ជជែក​គ្នា​រវាង​សហជីព​ការ​ពារ​សិទ្ធិ​កម្ពុជា និង​និយោជក​រោងចក្រ​កាត់​ដេរ។ ដូច្នេះ​អ្វី​ដែល​គួរ​រក្សា​ការពារ​នោះ​ គឺ​លទ្ធផល​បច្ចុប្បន្ន ដែល​សហជីព កម្មករ យល់​ថា​តិច​តួច​ស្រាប់​ហើយ​នោះ កុំ​ឲ្យ​កាន់​តែ​តិច​បន្ថែម​ទៀត។ នោះ​គឺ សហជីព កម្មករ​ខ្លួន​ឯង​មិន​អាច​ការពារ​ទៅ​បាន​ទេ ប្រសិន​បើ​គ្មាន​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ។

ជាទូទៅ​នៅ​ពេល​កម្មករ និយោជិក ឡើង​ប្រាក់​ខែ​ម្តង​ៗ ​អ្វី​ដែល​ជា​ឧបសគ្គ ហើយ​ទាញ​ប្រាក់​ខែ និង​ប្រាក់​រង្វាន់​កម្មករ ឲ្យ​ធ្លាក់​មក​វិញ​នោះ​ គឺ​តម្លៃ​ទំនិញ​សព្វ​សារ​ពើ និង​តម្លៃ​ផ្ទះ​ជួល។ តាម​រយៈ​ប្រាក់​ឈ្នួល​ ១៥៣​ដុល្លារ ស្មើ​នឹង​ជាង​ ៦០​ម៉ឺន​រៀល វា​ជា​ចំនួន​មួយ ដែល​អាច​ឲ្យ​កម្មករ​ម្នាក់​នៅ​ក្នុង​ទីក្រុង​អាច​រស់​បាន​ម្នាក់​ឯង ដោយ​ប្រផិត​ប្រផើយ​នៅ​ចុង​ខែ ឬ​ដោយ​ខ្វះ​ខាត​បន្តិច​បន្តួច។ តែ​បើ​កម្មករ​ម្នាក់ ត្រូវ​រ៉ាប់​រង​អ្នក​នៅ​ក្នុង​បន្ទុក ឬ​ក៏​ផ្ញើ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត គឺ​មិន​អាច​គ្រប់​គ្រាន់​បាន​ទេ។ នេះ​និយាយ​ក្នុង​ករណី​តម្លៃ​ទំនិញ​ និង​ប្រាក់​ឈ្នួល​ផ្ទះ​មិន​ត្រូវ​បាន​តម្លើង​ប្រដេញ​គ្នា​នឹង​ប្រាក់​ខែ​កម្មករ។

អ្វី​ដែល​អ្នក​ពាក់ព័ន្ធ​ចូលរួម​ជួយ​ការពារ​តម្លៃ​រស់​នៅ​សមរម្យ​របស់​កម្មករ​នោះ គឺ​ការ​រក្សា​លំនឹង​ម៉ាក្រូ​សេដ្ឋកិច្ច ទប់​ទល់​នឹង​តម្លៃ​ទំនិញ​ និង​ផ្ទះ​ជួល ដែល​អាច​ធ្វើ​ឲ្យ​ជ្រូល​ច្របល់​ដល់​ការ​ប្រឹង​ប្រែង​តម្លើង​ប្រាក់​ឈ្នួល ដែល​មាន​ការ​ជ្រោម​ជ្រែង​ពី​រដ្ឋាភិបាល​ផង​ដែរ។

ជា​ការ​ពិត​ប្រសិន​បើ​កម្មករ​មិន​ធ្វើ​ការ​បន្ថែម​ម៉ោង​ទេ នោះ​នឹង​មិន​មាន​ប្រាក់​សម្រាប់​សេស​សល់​នៅ​ចុង​ខែ​ទេ។ នេះ​មិន​និយាយ​ដល់​អ្នក​ឯ​ទៀត​នៅ​ក្នុង​បន្ទុក​ផង។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​កម្មករ​ដែរ ដូច​ជា​ការ​បញ្ចុះ​តម្លៃ​ភ្លើង​ តម្លៃ​ទឹក​ស្អាត ឲ្យ​មក​នៅ​ទាប​ធៀប​ទៅ​នឹង​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ធម្មតា។ ផល​ប្រយោជន៍​របស់​កម្មករ និយោជិក ដែល​បាន​មក​ពី​ការ​ធានា​រ៉ាប់​រង​របស់​រដ្ឋ គឺ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(ប.ស.ស)ក៏​ជា​ផ្នែក​មួយ​សំខាន់​ដែរ ដែល​ពី​អតីតកាល​មិន​មាន​ទេ​ចំណុច​នេះ។ លើស​ពី​នេះ​រដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ដែរ ពី​ការ​ឡើង​ថ្លៃ​នានា ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ។

តែ​ប្រសិទ្ធភាព​ និង​ភាព​ប្រាកដ​ប្រជា​ ដែល​ធានា​ថា ផ្ទះ​ជួល​នឹង​មិន​ត្រូវ​ឡើង​ថ្លៃ​តាម​ការ​ឡើង​ប្រាក់​ឈ្នួល ទំនិញ​ទីផ្សារ នឹង​ស្ថិត​នៅ​ក្នុង​ស្ថិរភាព​មួយ​ ដែល​ធ្វើ​ឲ្យ​កម្មករ ឬ​ជន​ក្រីក្រ​ឯ​ទៀត​មិន​រអ៊ូ​បាន​នោះ គឺ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ។ ពាក្យ​ថា​សេដ្ឋកិច្ច​ទីផ្សារ​សេរី ត្រូវ​បាន​រដ្ឋាភិបាល​លើក​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ ដែល​នេះ​ជា​ការ​លំបាក​មួយ​ក្នុង​កិច្ច​អន្តរាគមន៍​ទប់ទល់​នឹង​គោលការណ៍​សេដ្ឋកិច្ច​របស់​ប្រទេស។

ទោះ​យ៉ាង​ណា មាន​ការ​លើក​ឡើង​ថា បើ​រដ្ឋាភិបាល​ព្យាយាម​ដោះស្រាយ នោះ​នឹង​មិន​មាន​ការ​លំបាក​ទេ ដូច​ជា​ករណី​ប្រេង​សាំង​ជា​ដើម ដែល​ពី​មុន​តម្លៃ​សាំង​មាន​ស្ថានភាព​ក្រឡុក​ក្រឆា​ទីផ្សារ​ខ្លាំង ហើយ​ត្រូវ​រដ្ឋាភិបាល​បញ្ចេញ​យន្តការ​សមស្រប​មួយ​ឲ្យ​មាន​ស្ថិរភាព​តម្លៃ​ទូទៅ និង​អាច​ទទួល​យក​បាន។ មួយ​វិញ​ទៀត​គេ​មិន​ត្រូវ​មោទនភាព​ពេក​ទេ​ចំពោះ​បច្ចុប្បន្ន​ភាព​នៃ​កំណើន​រោងចក្រ​កាត់​ដេរ និង​ការ​កើន​ឡើង​កម្មករ​លើ​វិស័យ​នេះ នៅ​កម្ពុជា។

ដូច្នេះ បើ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ដេរ​ស្បែក​ជើង​ឡើង​រាល់​ឆ្នាំ ហើយ​ជាមួយ​គ្នា​នេះ តម្លៃ​ទំនិញ និង​តម្លៃ​ជួល​ផ្ទះ ឡើង​ប្រដេញ​គ្នា​ដែរ​នោះ វា​ស្មើ​នឹង​ការ​មិន​ដំឡើង​ដូច្នេះ​ដែរ។ ខណៈ​ដែល​កម្ពុជា​កំពុង​ទទួល​បាន​អំណោយ​ផល​ខាង​វិស័យ​នេះ គេ​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ ពី​ភាព​បាត់បង់​ទៅ​វិញ​នៅ​ពេល​អនាគត ដែល​ចង់​មិន​ចង់​កម្មករ អាច​នឹង​ចំណាក​ស្រុក​អស់​ពី​រោងចក្រ ប្រសិន​បើ​គេ​មើល​ឃើញ​ថា​ការងារ​រោងចក្រ​នឹង​មិន​ត្រូវ​បាន​ធានា​ពី​ស្ថានភាព​រស់​នៅ​របស់​គេ​បាន​សមរម្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ