អានតួអត្ថបទ
កម្ពុជា

ផ្តើម​ពី​ថ្ងៃ​សម្រាក​បោះ​ឆ្នោត រោងចក្រ​បញ្ឈប់​តំណាង​សហជីព ១១​នាក់ កម្មករ​ផ្ទុះ​ការ​តវ៉ា

កម្មករ​រោងចក្រ​សៅ​លែន នៅ​ចោមចៅ រាប់​រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ផ្ទុះ​កូដកម្ម អត់​ធ្វើ​ការ​ជាថ្មី បន្ទាប់​ពី​ក្រុមហ៊ុន​សម្រេច​ព្យួរ​ការងារ​តំណាង​សហជីព ១១​នាក់។ សហជីព​ទាំង​១១​នេះ ត្រូវ​បាន ក្រុមហ៊ុន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្តិ​កំហុស​ធ្ងន់ធ្ងរ ញុះញង់​កម្មករ​មិន​ឲ្យ​ធ្វើ​ការ ចាប់​ពី​រសៀល​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ មិថុនា ដើម្បី​ទៅ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ការ​ខាត​បង់​ធ្ងន់​ធ្ងរ។

វីដេអូ​សកម្មភាព​របស់​​កម្មករ​​រោងចក្រ​​សៅ​​លែន កំពុង​ធ្វើ​កូដកម្ម  (ថត​ដោយ​ព័ត៌មាន​សហជីព)។
វីដេអូ​សកម្មភាព​របស់​​កម្មករ​​រោងចក្រ​​សៅ​​លែន កំពុង​ធ្វើ​កូដកម្ម (ថត​ដោយ​ព័ត៌មាន​សហជីព)។ @unionweb
ផ្សាយពាណិជ្ជកម្ម

លោក ប៉ិច សាវ៉ាត តំណាង​សហជីព​ចលនា​កម្មករ ប្រចាំ​រោងចក្រ​សៅ​លែន ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី ក្រុមហ៊ុន បញ្ឈប់ តំណាង​សហជីព​ចំនួន ១១​រូប នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ កម្មករ​ជាង​មួយ​ពាន់​នាក់ បាន​ដើរ​ចេញ​ពី​ការងារ មក​ធ្វើ​កូដកម្ម មុខ​រោងចក្រ​ភ្លាមៗ ទាមទារ​ឲ្យ រោងចក្រ​ទទួល​តំណាង​សហជីព ចូល​ធ្វើ​ការងារ​វិញ។

តំណាង​សហជីព​ចលនា​កម្មករ បាន​ទាមទារ​ឲ្យ ក្រុមហ៊ុន បង្ហាញ​ភស្តុតាង ដែល​បញ្ជាក់​ថា សហជីព​ជា អ្នក​ញុះញង់ កម្មករ​ឲ្យ​ធ្វើ​កូដកម្ម ចាប់​ពី​រសៀល​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ មិថុនា ដើម្បី​ទៅ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត។ លោក ប៉ិច សាវ៉ាត ចាត់​ទុក​ថា ការ​សម្រេច​របស់​ក្រុមហ៊ុន គ្រាន់​តែ ជា​លេស​ធ្វើ​បាប តំណាង​សហជីព​កម្មករ​ប៉ុណ្ណោះ។

គួរ​ជម្រាប​ថា កូដកម្ម​មិន​ចូល​ធ្វើ​ការ ជា​សេរ៊ី របស់​កម្មករ​រោងចក្រ​សៅ​លែន កើត​ឡើង​តាំង​ពី​រសៀល​ថ្ងៃ​ទី​២ ខែ​មិថុនា ខណៈ​ក្រុមហ៊ុន មិន​បាន​ជូន​ដំណឹង​ពី​ការ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់។ ក្រោយ​ត្រឡប់​ពី​បោះឆ្នោត​វិញ នៅ​ថ្ងៃ​ទី​៦ មិថុនា កម្មករ បាន​នាំ​គ្នា​បន្ត​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​ទៀត ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន រក្សា​ប្រាក់​ឈ្នួល និង​ប្រាក់​រង្វាន់​នៅ​ថ្ងៃ​ទី​២ ទី​៣ ទី​៥ និង​ថ្ងៃ​ទី​៦ មិថុនា ឲ្យ​នៅ​ដដែល ដោយ​មិន​កាត់​កង​ជាមួយ​នឹង ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ។ តំណាង​ក្រុមហ៊ុន​សៅ​លែន នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ បាន​យល់​ព្រម​ផ្តល់​ប្រាក់​ឈ្នួល​ពេញ ចំពោះ​ថ្ងៃ​ទី​០២ មិថុនា ដោយ​មិន​កាត់​ថ្ងៃ​ឈប់​សម្រាក ប្រចាំ​ឆ្នាំ​ទេ តែ​ចំពោះ​ថ្ងៃ​ទី​៣ ទី​៥ និង​ទី​៦ ក្រុមហ៊ុន​កាត់​កង​ជាមួយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដោយ រក្សា​ប្រាក់​ឈ្នួល និង​ប្រាក់​រង្វាន់​ដដែល។ ក្រុមហ៊ុន​តម្រូវ​ឲ្យ កម្មករ​ចូល​ធ្វើ​ការ​វិញ នៅ​ថ្ងៃ​ទី​៧ មិថុនា ម៉ោង​៧​ព្រឹក ជា​កំហិត។ អំឡុង​ពេល​កម្មករ​រាប់​រយ​នាក់ ព្រម​ចូល​ធ្វើ​ការ​វិញ ស្រាប់​តែ នៅ​ថ្ងៃ​ពុធ​នេះ ក្រុមហ៊ុន​ចេញ​លិខិត​បញ្ឈប់ សហជីព ១១​នាក់ ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្តិ​កំហុស​ធ្ងន់​ធ្ងរ ញុះញង់​កម្មករ​មិន​ឲ្យ​ធ្វើ​ការ ចាប់​ពី​រសៀល​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ មិថុនា ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ការ​ខាត​បង់​ធ្ងន់​ធ្ងរ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ចាត់​ទុក​ថា ការ​សម្រេច​បញ្ឈប់​សហជីព តំណាង​កម្មករ គឺ​បង្ហាញ​ពី​ចរិត​ទុច្ចរិត​របស់​ក្រុមហ៊ុន និង​ជា​ការ​គំរាម​កំហែង​បំបិត​សម្លេង​កម្មករ មិន​ឲ្យ​មាន​ការ​តវ៉ា​នៅ​ពេល​ក្រោយ។ សម្រាប់​លោក អាត់ ធន់ ក្រសួង​ការងារ គួរ​តែ អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​ទទួល​សហជីព​ចូល​ធ្វើ​ការ​វិញ ព្រោះ​វា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ត្បិត​ដើមហេតុ​នៃ កូដកម្ម​នេះ ផ្តើម​ចេញពី​ការ​ទាម​ទារ​របស់​កម្មករ សុំ​ទៅ​បោះ​ឆ្នោត ដើម្បី​បំពេញ​ចន្លោះ​ខ្វះ​ខាត​របស់​រដ្ឋាភិបាល និង គជប ។

អ្នក​នាំ​ពាក្យ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​GMAC លោក កាំង មូនីកា បញ្ជាក់​ថា ករណី​នេះ វា​ជា​ជម្លោះ​ឯកជន រវាង​តំណាង​ក្រុមហ៊ុន និង​តំណាង​សហជីព។ លោក​បន្ថែម​ថា ខណៈ​រដ្ឋាភិបាល​មិន​បាន​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​បន្ថែម​ដើម្បី​ទៅ​បោះ​ឆ្នោត​ទេ ជម្លោះ​នេះ​គួរ​តែ​ដោះ​ស្រាយ​ស្រប​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បញ្ជាក់ថា មន្ត្រី​របស់​ក្រសួង និង​មន្ទីរ​កំពុង​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ។

បើតាម​សហជីព កម្មករ​ប្រមាណ ៥០០នាក់ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ នឹង​ដង្ហែ​ញ្ញត្តិ ដែលមាន​ស្នាម​មេដៃ​កម្មករ​រាប់រយ​នាក់ ទៅកាន់ ក្រ​សូង​ការងារ ដើម្បី​ស្វែងរក​អន្តរាគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ