អានតួអត្ថបទ
កម្ពុជា

លោក ហោ ណាំហុង៖ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ពិត​ជា​ដូច​ការ​ប្រមើល​ទុក​របស់​កម្ពុជា

ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នា​ពេល​បច្ចុប្បន្ន​នេះ ពិត​ជា​ដូចការ​ប្រមើល​ទុក​របស់​កម្ពុជា​មែន ក្នុង​ពេល​ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ទី​១​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០០២។ សម្រាប់​កម្ពុជា ភាព​តាន​តឹង​ដែល​កំពុង​តែ​កើត​មាន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដោយសារ​តែ​ការ​លូក​ដៃ​របស់​ប្រទេស​មហា​អំណាច។

លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​
លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

«កាល​ពី​ឆ្នាំ​២០០២​ពុំ​ទាន​មាន​ភាព​តាន​តឹង​ខ្លាំង​ទេ គ្រាន់​តែ​ដឹង​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​ពិសេស​វៀតណាម ហ្វីលីពីន ជាមួយ​ចិន​មាន​ការ​ទាមទារ​អធិបតេយ្យភាព​កោះ​ខ្លះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ ពេល​នោះ​កម្ពុជា​យើង​ប្រមើល​មើល​ឃើញ​មុន​ហើយ​ថា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​វា​នឹង​វិវត្តន៍​រក​ភាព​លំបាក​និង​ភាព​តាន​តឹង​ខ្លាំង​មក​ដល់​សព្វ​ថ្ងៃ​នេះ» នេះ​ជា​ការ​ថ្លែង​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ក្នុង​ឱកាស​សំណេះ សំណាល​ជាមួយ​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចំនួន​១២០នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​០៤ធ្នូ នា​ទីស្ដី​ការ​ក្រសួង​ការ​បរទេស​កម្ពុជា។ ប្រមុខ​កាទូត​កម្ពុជា​រូប​នេះ​យល់​ថា ភាព​តាន​តឹង​ដែល​កំពុង​តែ​កើត​មាន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ ដោយសារ​តែ​ការ​លូក​ដៃ​របស់​ប្រទេស​មហា​អំណាច។

លោក ហោ ណាំហុង ឲ្យ​ដឹង​ថា សភាព​ការណ៍​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នា​ពេល​បច្ចុប្បន្ន​នេះ​ ភាគី​ពាក់ព័ន្ធ​ទាមទារ​ឲ្យ​អនុវត្ត​សេចក្ដី​ការណ៍​ថ្លែងការណ៍​រួម​ ហៅ​កាត់​ថាDOC កាល​ពី​ឆ្នាំ​២០០២ ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង​១០​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន។ ក្នុង​នោះ មាន​ទាំង​ទិដ្ឋភាព​នយោបាយ និង​ច្បាប់ សម្រាប់​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សន្តិវិធី។

គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ឆ្នាំ​ ២០០២ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​គឺ​ទី​១-ភាគី​ជា​សមាជិក បាន​អះអាង​ពី​ការ​ប្តេជ្ញាចិត្ត ទៅ​តាម​គោល​បំណង និង​គោល​ការណ៍​នៃ​ធម្មនុញ្ញ ឲ្យ​អង្គការ​សហប្រជាជាតិ អនុសញ្ញា​អង្គការ​សហប្រជាជាតិ ឆ្នាំ ១៩៨២ ស្តីពី​ច្បាប់​នៃ​ដែន​សមុទ្រ ព្រម​ទាំង​អនុសញ្ញា​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការណ៍ នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ទី២-គ្រប់​ភាគី​ក៏​ប្តេជ្ញា​ចិត្ត ស្វែង​រក​ដំណោះ​ស្រាយ ដើម្បី​កសាង​ទំនុក​ចិត្ត និង​ភាព​ស្មោះត្រង់ អនុលោម​ទៅ​តាម​ចំណុច​ទីមួយ។ ទី៣-គ្រប់​ភាគី​គោរព​នូវ​សេរីភាព​ក្នុង​ការ​រុករក និង​ហោះ​ហើរ​លើ​ដែន​សមុទ្រ​ចិន ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ គោល​ការណ៍​ច្បាប់​អន្តរជាតិ។

តាម​រយៈ​ខ្លឹមសារ​ទាំង​នេះ លោក ហោ ណាំហុង ចាត់​ទុក​ថា នេះ​ជា​មោទភាព​របស់​កម្ពុជា​ដែល​បាន​ជួយ​សម្រប​សម្រួល​និង​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​ការ​សម្រុះ​សម្រួល​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខា​រួម​គ្នា​រវាង​ចិន​និង​អាស៊ាន។

សូម​បញ្ជាក់​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​កំពុង​មាន​ជម្លោះ​ដែន​កោះ​ជាមួយ​ចិន​រួម​មាន​៖វៀតណាម ហ្វីលីពីន ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ