អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក ហ៊ុន សែន ដក​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​ក្រុង​ក្រោយ​រឹប​អូស​រថយន្ត​វិទ្យុ​ ABC

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ បាន​សម្រេច​ដក​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាលក្រុង​ភ្នំពេញ លោក សុខ សុគន្ធ ​ក្រោយ​ចាប់​រថយន្ត​សង្គ្រោះ​របស់​ស្ថាន​នីយ​វិទ្យុ ABC ដែល​ស្គាល់ថា ម្ចាស់​ស្ថានីយ​ជា លោក សេង ប៊ុនវ៉េង ឬ​ គេ​និយម​ហៅ​ថា លោក​អាចារ្យ​អេ។   

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

ចំណាត់​ការ​ដក​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ ធ្វើ​ឡើង​បួនម៉ោង​បន្ទាប់​ពី​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ឈ្មោះ Sophea Khith ប្ដឹង​តាម​ហ្វេសប៊ុក​ទៅ​កាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ។

លោក​នាយករដ្ឋមន្រី ហ៊ុន សែន ក៏​បាន​អន្តរាគមន៍​ចេញ​បញ្ជា​ទៅ​លោក ឃួង ស្រេង អភិបាល​រងរាជធានី​ភ្នំពេញ​យក​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ស្ថាននីយ​វិទ្យុ ABC ដែល​ឃាត់​ទុក​កាល​ពី​ថ្ងៃ​ទី១១​សីហា​ប្រគល់​ឲ្យ​លោក​អាចារ្យ​អេ​វិញ។

ក្នុង​ថ្ងៃ​តែ​មួយ លោក ហ៊ុន សែន ក៏​បាន​ហៅ​ទូរសព្ទ​ទៅ​កាន់​ស្ថាននីយ​វិទ្យុABC ដោយ​ប្រកាស​សូមទោស​ចំពោះ​ការអនុវត្ត​របស់​មន្ត្រី​ខ្លះ​ដែល​បំពាន​ទៅ​លើរ​ថយន្ត​សប្បុរស​របស់​វិទ្យុ​ABC។ ដើម្បី​ធ្វើ​ការ​ប៉ះ​ប៉ូវ លោក​នាយករដ្ឋមន្ដ្រី​បាន​ប្រកាស​ដក​ប្រធាន​មន្ទីរ​សុខាភិបាល​ចេញ​ពី​តួនាទី ហើយ​ផ្ដល់​រថយន្ត​សង្គ្រោះ​ចំនួន​ពីរ​គ្រឿង​បន្ថែម​ដល់​ស្ថានីយ​វិទ្យុ​ABC។

លោក ហ៊ុន សែន បាន​ថ្លែង​ការ​ពារ​ចំណាត់​ការ​របស់​លោក​ថា នេះ​មិន​មែន​ជា​ការ​ចាញ់​ឈ្នះ​អ្វី​នោះទេ​ប៉ុន្តែ​ករណី​នេះ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ចំពោះ​នយោបាយ​រដ្ឋាភិបាល។
ដូច្នេះ​​ក្នុង​នាម​ជានាយករដ្ឋមន្ត្រី​ត្រូវ​ទទួល​កំហុស​ឆ្គង​របស់​មន្រ្តី​ថ្នាក់​ក្រោម។

លោក អ៊ូ វីរៈ អ្នក​តាម​ដាន​បញ្ហា​សង្គម​មើល​ឃើញ​ថា ចំណាត់​ការ​ដក​ប្រធាន​មន្ទីរ​សុខា​ភិបាល​​​រាជធានី​ចេញ​នេះ​គឺ​ជារឿង​គ្មាន​ប្រយោជន៍។ គ្មាន​ប្រយោជន៍​ដោយ​លោក​យល់​ថា ចំណាត់​ការ​បែបនេះ​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​លែង​ហ៊ាន​ធ្វើ​ការ​សម្រេច​ចិត្ត លែង​ហ៊ាន​ក្នុង​ការ​អនុវត្ត​ច្បាប់ព្រោះ​ខ្លាចធ្វើ​ខុស​ ដូច្នេះ​មាន​តែ​អង្គុយ​ចាំ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី។

បើ​តាម លោក អ៊ូ វីរៈ មន្រ្តី​និមួយៗ​រមែង​តែង​មាន​សកម្មភាព​ខុស​និង​ត្រូវ។ ប៉ុន្តែ​ការ​សម្រេច​ដក​តួនាទី​អ្វី​មួយ​គួរ​អាស្រ័យ​លើ​ការ​បូក​សរុប​ការងារ​ឬ​វាយ​តំលៃ​ទៅ​លើ​សកម្មភាព​ការងារ​ទាំង​មូល។ហើយ​ការ​សម្រេច​ចិត្ត​ដោយ​ធ្វើ​ឡើង​តែ​សកម្មភាព​តែ​មួយ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍មន្ត្រី​ជា​ច្រើន​នឹង​បាត់​បង់​ការ​ឲ្យ​តម្លៃ​លើ​ច្បាប់។

សូមបញ្ជាក់ថា មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា រថយន្ត​សង្គ្រោះ​របស់​វិទ្យុ​ ABC​ មិន​បានចុះ​បញ្ជី​រថយន្ត​គិលាន​សង្រ្គោះ និង​សុំ​ការ​អនុញ្ញាតិ​ច្បាប់ ពី​ក្រសួង​សុខាភិបាលទេ។ ពុំ​មាន​ស្លាកលេខ​សំគាល់​ខុស​ពី​ច្បាប់​ចរាចរណ៍។ ពុំ​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​បច្ចេកទេស​សុខាភិបាល​សំរាប់សង្រ្គោះ​បន្ទាន់ ហើយ​ក្នុង​រថយន្ត​ពុំ​មាន​បំពាក់​សំភារៈ ឧបករណ៏ បរិក្ខារពេទ្យ និង​ឱសថ​សំរាប់​ធ្វើអន្តរាគមន៍​សង្រ្គោះ​បន្ទាន់​ដល់​អ្នក​ជំងឺ។ ជា​រថយន្ត​សង្រ្គោះ​បន្ទាន់​ប៉ុន្តែ​ដឹក​ផលិតផល​សុខភាពដើម្បី​លក់​ចែក​ចាយ​បន្ត​ដល់​អតិថិជនទៅវិញ។

បើ​តាម​ការ​ស្ទង់​មតិ​របស់​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​អ្នក​សារព័ត៌មាន​ ABC ជា​ស្ថានីយ​វិទ្យុ​ដែលមាន​កម្មវិធីព័ត៌​មាន​ទាន់​ហេតុការណ៍​ហើយ​ជា​វិទ្យុ​លេខ​១ ដែល​មាន​អ្នក​ស្ដាប់​ច្រើន​ជាង​គេ​នៅ​កម្ពុជា៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ