អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន៖​ កម្ពុជា​សម្រេច​មិន​បាន ​នយោបាយ​នៃ​ការ​នាំ​ចេញ​អង្ករ​១លាន​តោន​ក្នុង​ឆ្នាំ​២០១៥​

គោល​នយោបាយ​នៃ​ការ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន ​ក្នុង​ឆ្នាំ​២០១៥​ របស់​រដ្ឋាភិបាល ​សម្រេច​មិន​បាន​ទេ។​ នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​របស់​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍ជា​តិ ​នៃ​លទ្ធផល​ចុង​ក្រោយ​ជំរឿន​កសិកម្ម​កម្ពុជា​ឆ្នាំ​២០១៣​ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព។ ​លោក​​នាយក​រដ្ឋ​មន្ដ្រី​លើក​ឡើងថា​ ក្នុង​ឆ្នាំ​២០១៥​នេះ ​ថ្វី​ត្បិត​តែ​កម្ពុជា​លក់​អង្ករ​ទៅ​ក្រៅ​ប្រទេស​បាន​ចំនួន​កន្លះ​លាន​តោន ​មិន​គ្រប់​តាម​គោល​នយោបាយ​មួយ​លាន​តោន​ក៏​ពិត​មែន​ ប៉ុន្តែ​កម្ពុជា​ទទួល​បាន​នូវ​ភាព​ជោគជ័យ​យ៉ាង​ច្រើន​ លើ​ផ្នែក​ស្ថេរភាព​កសិកម្ម។​

លោក នាយករដ្ឋមន្ត្រីហ៊ុន សែន
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

គោលដៅ​ប្រកប​ដោយ​មហិច្ឆតា ​ក្នុង​ការ​ផលិត​ស្រូវ​ឲ្យ​បាន​៤​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ ​ទទួល​ជោគជ័យ។​ ប៉ុន្តែ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​មួយ​លាន​តោន ​ក្នុង​ឆ្នាំ​២០១៥​នេះ ​មិន​បាន​ទទួល​ជោគ​ជ័យ​ទេ។ ​ក្នុង​ឆ្នាំ​២០១៥​នេះ ​កម្ពុជា​លក់​អង្ករ​ទៅ​ក្រៅ​ប្រទេស​បាន​ចំនួន​កន្លះ​លាន​តោន​ប៉ុណ្ណោះ។ ​នេះ​ជា​ការ​ទទួល​ស្គាល់​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ​ហ៊ុន សែន ​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​ជាតិ ​នៃ​លទ្ធផល​ចុង​ក្រោយ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៣ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

បើ​តាម​ការ​ពន្យល់​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ មាន​កត្តា​សំខាន់​ពីរ​ ដែល​ធ្វើ​ឲ្យ​កម្ពុជា ​បរាជ័យ​ចំពោះ​មុខ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​មួយ​លាន​តោន ​ក្នុង​ឆ្នាំ​២០១៥។ ​សំខាន់​ទី​១ ​គឺ កត្តា​អត្តនោម័ត៖ ​ដោយសារ​តែ​កម្ពុជា​ខ្វះខាត​ម៉ាស៊ីន​កិនស្រូវ ​ឃ្លាំង​ស្តុក​ស្រូវ ​និង​ប្រាក់​កាស ​ទើប​ការ​ប្រមូល​ទិញ​ស្រូវ​មិន​អាច​ធ្វើ​ឡើងបា​ន​ច្រើន​ឡើយ។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ បញ្ហា​ម៉ាស៊ីន​កិន​ស្រូវ ​នឹង​លែង​ចោទ​ឡើង​ទៀត​ហើយ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​ ខណៈ​ដែល​ការ​វិនិយោគ​សមត្ថភាព​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា​កំពុង​តែ​ធ្វើ ​ឡើង​ជា​បន្ត​បន្ទាប់​។ លោក​ថា ម៉ាស៊ីន​កិន​ស្រូវ​ដែល​បាន​នឹង​​កំពុង​វិនិយោគ ​នឹង​មាន​លទ្ធភាព​កិន​ស្រូវ​បាន​៣​លាន​តោន​ក្នុង​មួយ​ឆ្នាំ។​

ទន្ទឹម​គ្នា​នេះ ​កត្តា​សត្យា​នុម័ត​ ក៏​ជា​មូលហេតុ​សំខាន់​មួយ​ទៀត ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​សម្រេច​បាន​គោល​ដៅ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​មួយ​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​នេះ។ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កត់​សម្គាល់​ឃើញ​ថា ​ប្រទេស​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​មេគង្គ​ កំពុង​តែ​ផលិត​អង្ករ​ដូច​ៗ​គ្នា​សម្រាប់​ការ​នាំ​ចេញ។ ​ការ​ផលិត​អង្ករ​ដូច​ៗ​គ្នា​ពី​សំណាក់​ប្រទេស​នៅ​ក្នុង​តំបន់​ដូច្នេះ ​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​ស្វិ​តស្វាញ​កាន់​តែ​ខ្លាំង។​

ស្ថិត​ក្នុង​បរិបទ​ដូច្នេះ ​កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង ​និង​ជា​ពិសេស​ត្រូវ​តែ​កាត់​បន្ថយ​តម្លៃ​ដើម​ផលិត​សម្រាប់​កសិករ។​ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ដ្រី។

ក្នុង​ឆ្នាំ​២០១៥​នេះ ​ថ្វីត្បិតតែ​កម្ពុជា​លក់​អង្ករ​ទៅ​ក្រៅ​ប្រទេស​មិន​គ្រប់​តាម​គោលនយោបាយ​មួយ​លាន​តោន​ក៏​ពិត​មែន​ ប៉ុន្តែ​លោក​ ហ៊ុន សែន អះអាង​ថា​ កម្ពុជា​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​យ៉ាង​ច្រើន​ លើ​ផ្នែក​ស្ថេរភាព​កសិកម្ម។​ ក្នុ​ងនោះ​ កម្ពុជា​ដែល​ធ្លាប់​តែ​ខ្វះខាត​ស្បៀង ​បាន​ប្រែ​ខ្លួន​មក​ជា​ប្រទេស​ដែល​មាន​អធិរាជ​ស្បៀង​ និង​ស្រូវ​តិច​តួច ​ហើយ​ឥឡូវនេះ​ កម្ពុជា​ថែម​ទាំង​អាច​ផលិត​ស្រូវ​និង​អង្ករ​ ដើម្បី​នាំ​ចេញ​ថែម​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ