អានតួអត្ថបទ
កម្ពុជា

​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ប្រកាស​ប្តូរ​ជំហរ​រឿង​ច្បាប់​សញ្ជាតិ​តែ​មួយ​

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ប្រកាស​នៅ​ថ្ងៃទី​៧​មករា​នេះ​ថា ​គណបក្ស​កាន់​អំណាច​របស់​លោក ​នឹង​មិន​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្តីពី ​គណបក្ស​នយោបាយ​ ដែល​ឈាន​ទៅ​កំណត់​ប្រធាន​គណបក្ស​នយោបាយ​ត្រូវ​តែ​មាន​សញ្ជាតិ​តែ​មួយ​នោះ​ទេ។​ សម្រាប់​គណបក្ស​ប្រឆាំង ​បាន​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​នេះ។

លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន​ ចូល​រួម​​ជា​​អធិបតី​ភាព​​ទិវា​ជ័យ​ជំនះ​៧​មករា ​ខួបលើក​ទី​៣៧ ​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៦។ ​
លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន​ ចូល​រួម​​ជា​​អធិបតី​ភាព​​ទិវា​ជ័យ​ជំនះ​៧​មករា ​ខួបលើក​ទី​៣៧ ​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៦។ ​ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គេកំរ​នឹង​បាន​ឃើញ​ណាស់​ថា ​បុរស​ខ្លាំង​កម្ពុជា ​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន​ បាន​ផ្លាស់​ប្តូរ​ជំហរ​នៅ​វិនាទី​ចុង​ក្រោយ ​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្លួន​ ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្រ្តី​របស់​ប្រទេស​កម្ពុជា​ជាង​៣០​ឆ្នាំ។ ​ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត គឺ​នៅ​ក្នុង​មីទ្ទិញ​រម្លឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ​ឆ្នាំ ​ថ្ងៃ​ជ័យ​ជម្នះ​៧​មករា​ឆ្នាំ​២០១៦​នេះ ​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ​បាន​ប្រកាស​ផ្លាស់​ប្តូរ​ជំហរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថា ​គណបក្ស​កាន់​អំណាច​របស់​លោក​ នឹង​មិន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្តីពី ​គណបក្ស​នយោបាយ ​ដែល​លោក​ចង់​បាន​នោះ​ទេ។​

គួរ​រំលឹក​ជូន​ថា ​កាល​ពី​ថ្ងៃទី​២៨​ធ្នូ​២០១៥​កន្លង​ទៅ ​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន​ បាន​ប្រកាស​ថា ​ចាប់​ពី​ឆ្នាំ​២០១៦​តទៅ ​មេដឹកនំា​គណបក្ស​នយោបាយ​ខ្មែរ​ទំាង​អស់ ​ត្រូវ​តែ​មាន​សញ្ជាតិ​តែ​មួយ។​ ប៉ុន្តែ​គម្រោង​នៃ​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្តីពី ​គណបក្ស​នយោបាយ ​ដែល​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា ​គឺ​ជា​ដំណើរ​រាំង​ខ្ទប់​ប្រធាន​គណបក្ស​ប្រឆាំង ​លោក សម ​រង្ស៊ី ​មិន​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រឆាំង ​ដោយ​សារ​លោក សម រង្ស៊ី ​មាន​ស​ញ្ជាតិ​បារាំង​និង​ខ្មែរ​ផងនេះ​ ត្រូវ​បាន​ផ្អាក​ទៅវិញ។ ​លោក​នាយករដ្ឋមន្រ្តី​បាន​ពន្យល់ថា​ ការ​ផ្លាស់​ប្តូរ​ជំហរ​នេះ ​គឺ​ដើម្បី​បន្ត​បើក​ឱកាស​ឲ្យ​អ្នក​ដែល​មាន​សញ្ជាតិ​ច្រើន​ទាំង​នោះ ​អាច​ចូលរួម​ធ្វើ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តទៅ​ទៀត។​ លោក​នាយករដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា ​មិន​ភ័យខ្លាច​ចំពោះ​ការ​ប្រកួត​ប្រជែង​របស់​គណបក្ស​នយោបាយ​ទាំង​នោះទេ។​

យ៉ាង​ណា​ក៏​ដោយ ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​កាន់​អំណាច ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ​សែន ​បាន​អំពាវ​នាវ​ឲ្យ​ប្រធាន​គណបក្ស​នយោបាយ​ដែល​មាន​សញ្ជាតិ​ច្រើន​ទាំង​អស់​ ចូល​មក​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ។​ តែ​ទន្ទឹមគ្នា​នេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​កម្ពុជា​មិន​មែន​ជា​ចំណាប់​ខ្មាំង​សម្រាប់​ទណ្ឌិត​ម្នាក់​ពីរ​នាក់​នោះទេ​។​ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ដោយ​មិន​ចំ​ឈ្មោះ ​តែ​ទំនង​ជា​បាន​សំដៅ​ទៅ​លើ​រូប​លោក ​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​គេ​ដឹង​ថា ​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ​ដោយ​សារ​ជាប់​បណ្តឹង​នៅ​តុលាការ​ដល់​ទៅ​៣។

យ៉ាង​ណា​ក៏​ដោយ ​លោក​ យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​នេះ​ថា ​ស្រប​ទៅ​តាម​គោល​ជំហរ​ដើម​របស់​គណបក្ស​ប្រឆាំង។​ លោក​យឹម ​សុវណ្ណ ​ក៏​បាន​ប្រកាស​មិន​អត្ថាធិប្បាយ​ទៅ​លើ​បញ្ហា​នេះ​ទៀត​ដែរ។​

សូម​បញ្ជាក់​ថា ​នៅ​ក្នុង​មីទ្ទិញ​រម្លឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧​ឆ្នាំ​ ថ្ងៃ​ជ័យ​ជម្នះ​៧​មករា​ឆ្នាំ​២០១៦​នេះ ​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន​ ក៏បាន​ប្រកាស​ពីការ​បន្ត​ពង្រឹង​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ដែល​ឈ្នះ​ឆ្នោត ​និង​សន្យា​លុប​ចោល​នូវ​ទស្សនៈ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ផងដែរ។​ តែ​ជា​មួយ​គ្នា​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា ​នឹង​ប្រឆាំង​ចំពោះ​ល្បិច​ចាប់​ដៃ​ជាន់​ជើង។ ​មីទ្ទិញ​រម្លឹក​ខួប​អនុស្សាវរីយ៍​ថ្ងៃ​ជ័យជម្នះ​៧​មករា​ឆ្នាំ​២០១៦​នេះ ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​-​សមាជិកា​គណបក្ស​ប្រមាណ​ជាង​១​ម៉ឺន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ