អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន​មិន​ខ្លាច​ស្លាប់ នឹង​ចូល​ពន្យល់​ក្រុម​បាតុករ​ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​អាមេរិក​នោះ​ទេ

គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​នៅ​ពេល​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-អាមេរិក​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​១៥​ដល់​១៦​កុម្ភៈ​នោះ​ មិន​បាន​ធ្វើ​ឲ្យ​លោក​ហ៊ុន សែន​ខ្លាច​រអា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ លោក​ថែម​ទាំង​ហាន​ទៅ​ចាប់​ដៃ​ក្រុម​បាតុករ បើទោះបី​ជា​មាន​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ក៏​ដោយ ក៏​លោក​មិន​ខ្លាច​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​អាមេរិក ត្រូវ​រួម​គ្នា​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ បើ​ទោះ​បី​ជា​កាន់​បក្ស​ណា ឬ​កាន់​សាសនា​អ្វី​ក៏​ដោយ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក នៅ​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ត្រូវ​នឹង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥ កុម្ភៈ​នេះ សម្រាប់​ម៉ោង​នៅ​កម្ពុជា។

លោក ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​ ថ្ងៃ​នេះ។​
លោក ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​ ថ្ងៃ​នេះ។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​ភ្លាម លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ធ្វើ​ពិធី​សំណេះ​សំណាល​ជាមួយ​នឹង​ប្រជាជន​ខ្មែរ​នៅ​អាមេរិក​ប្រមាណ​ជាង​ ៥០០​នាក់ ក្នុង​រយៈ​ពេល​ជាង​២​ម៉ោង។​ លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​លើក​ឡើង​នូវ​រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ​រវាង​កម្ពុជា និង​អាមេរិក ហើយ​បន្ត​រហូត​មក​ដល់​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​បច្ចុប្បន្ន។

លោកហ៊ុន សែន​មិន​ភ្លេច​នោះ​ទេ ពី​រឿង​ដែល​លេច​លឺ​ថា​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ពេល​ដែល​ទៅ​ដល់​ទឹក​ដី​អាមេរិក​នោះ។ លោក​មិន​ភ្លេច ហើយ​លោក​ថែម​ទាំង​ប្រកាស​ថា​លោក​មិន​ខ្លាច​ស្លាប់​នឹង​ចូល​ទៅ​ពន្យល់​ក្រុម​បាតុករ​ ទាំង​អស់​នោះ​ដែរ ប្រសិន​បើ​មាន​បាតុកម្ម​ពិត​មែន​នោះ។
សម្លេង​របស់​លោក​ហ៊ុន សែន៖

ក្រៅ​ពី​បញ្ហា​បាតុកម្ម​នេះ បុរស​ខ្លាំង​កម្ពុជា ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរនៅ​អាមេរិក​រួបរួម​គ្នា​ដើម្បី​ផល​ប្រយោជន៍​ជាតិ បើ​ទោះ​បី​ជា​កាន់​បក្ស​ណា ឬ​កាន់​សាសនា​អ្វី​ក៏​ដោយ។ លោក​ហ៊ុន សែន​ក៏​បាន​បញ្ជាក់​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ផង​ដែរ​ថា វត្តមាន​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ ​គឺ​ដោយ​សារ​តែ​កម្ពុជា​ជា​សមាជិក​អាស៊ាន ហើយ​មាន​ភារៈ​កិច្ច​រួម​ជាមួយ​នឹង​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ ដើម្បី​ធ្វើ​ការ​ជាមួយ​នឹង​អាមេរិក ក្នុង​គោល​ដៅ​លើក​កំពស់​កិច្ច​សហការ​ឲ្យ​កាន់​តែ​ខ្ពស់​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ