អានតួអត្ថបទ
កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​ប្រាប់​ឲ្យ​ទូរទស្សន៍​និង​សិល្បៈ​ករ​សហការ​គ្នា​ដើម្បី​ផ្សាយ​ពី​សិល្បៈ​ខ្មែរ​នៅ​ក្នុង​ម៉ោង​មាស

លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ជា​ថ្មី​ម្តង​ទៀត​បាន​អំពាវនាវ​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​ ចាប់​អារម្មណ៍​នឹង​ទំរង់​សិល្បៈ​ខ្មែរ ព្រម​ទាំង​សហការ​គ្នា​ដើម្បី​ផលិត​ផ្សាយ​នៅ​ក្នុង​ម៉ោង​មាស។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ស្នើ​ផង​ដែរ ដល់​ពាណិជ្ជករ ឲ្យ​ជួយ​លើក​ស្ទួយ​សិល្បៈ​ខ្មែរ តាម​រយៈ​ការ​គាំទ្រ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ចន្លោះ​ម៉ោង​សំខាន់​ទាំង​នោះ។

សម្តេច​តេជោ ហ៊ុន ​សែន​ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពីធី​អបអរ​សាទរ ​«ទិវា​វប្បធម៌​ជាតិ​​៣​ មីនា»​ លើក​ទី​១៨​ ក្រោម​ប្រធាន​បទ​ «យុវជនដើ​ម្បី​វប្បធម៌​ជាតិ»​ និង​ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែល​ប្រារព្ឋ​ធ្វើ​ឡើង​នៅសាលសន្និសីទចតុមុ​ខ។
សម្តេច​តេជោ ហ៊ុន ​សែន​ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពីធី​អបអរ​សាទរ ​«ទិវា​វប្បធម៌​ជាតិ​​៣​ មីនា»​ លើក​ទី​១៨​ ក្រោម​ប្រធាន​បទ​ «យុវជនដើ​ម្បី​វប្បធម៌​ជាតិ»​ និង​ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែល​ប្រារព្ឋ​ធ្វើ​ឡើង​នៅសាលសន្និសីទចតុមុ​ខ។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

«សម្លេង ហ៊ុន សែន »

ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​នៃ​ទិវា​វប្បធម៌​ជាតិ​៣ មីនា​ លើក​ទី​១៨ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌ នៅ​ឯ​សាលសន្និសីទ​ចតុមុខ។

ជា​ការ​កត់​សម្គាល់ ការ​រំលឹក​ដល់​អ្នក​មាន​ធនធាន នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជួយ​ផ្សាយ​ពាណិជ្ជកម្ម​ដល់​ទូរទស្សន៍​ក្នុង​ស្រុក​នានា​នៅ​ក្នុង​ចន្លោះ​ម៉ោង​៧​ដល់​ម៉ោង​៩​យប់ គឺ​ជា​ម៉ោង​មាស​ដែល​ក្រសួង​ព័ត៌មាន បាន​ហាម​ឃាត់​ចាប់​ពី​ដើម​ឆ្នាំ​២០១៦​នេះ មិន​ឲ្យ​មាន​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​នៅ​ក្នុង​ចន្លោះ​ម៉ោង​នោះ។

ការ​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស ដែល​មាន​ការ​ទាក់​ទាញ​នៅ​ក្នុង​ម៉ោង​សំខាន់​ត្រូវ​បាន​ស្ថានីយ៍​ទូរទស្សន៍​មួយ​ចំនួន ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​ប៉ះពាល់​ដល់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម ដែល​ជា​ចំណូល​ដ៏​ចំបង​នៃ​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែប​រូបភាព​នេះ។

តាម​រយៈ​នាទី​វប្បធម៌​នៅ​ថ្ងៃ​នេះ ដែល​មាន​ការ​សម្តែង​ទស្សនីយ​ភាព​សិល្បៈ​ជា​ច្រើន​ទំរង់​ ផង​នោះ លោក​នាយក​រដ្ឋ​មន្ត្រី យល់​ថា​សិល្បៈ​ទាំង​អស់​នេះ អាច​ចូល​ទៅ​ជំនួស​នៅ​ម៉ោង​សំខាន់​ របស់​ស្ថានីយ៍​ទូរទស្សន៍​នានា​ដែល​បាន​ដក​ចេញ​នូវ​ភាពយន្ត​ភាគ​បរទេស ដោយ​លោក​បរិយាយ​ថា​«ផលិត​ផល​សិល្បៈ​ទាំង​នេះ គឺ​ជា​ផលិត​ផល​សម្រាប់​ចិញ្ចឹម​ទូរទស្សន៍​ប៉ុន្មាន​ម៉ោង​នោះ»។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន បាន​ជម្រុញ​ឲ្យ​អ្នក​គ្រប់គ្រង​ទូរទស្សន៍​សហការ​ជាមួយ​ក្រុម​សិល្បៈ ដែល​អាច​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​ស្ថានីយ៍​ទូរទស្សន៍​ផង និង​សិល្បៈករ​ផង។

ជា​ការ​កត់​សម្គាល់ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន បាន​ហាម​ឃាត់​មិន​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​ ចាក់​ផ្សាយ​ភាពយន្ត​បរទេស​ជា​ពិសេស​ភាពយន្ត​ថៃ​នៅ​ក្នុង​ម៉ោង​មាស ដែល​គេ​យល់​ថា​ជា​ពេល​វេលា​ដែល​មាន​ចំណូល​ខ្ពស់​បំផុត​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​នោះ ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​បាន​គាស់​កកាយ​ភាព​យន្ត​ខ្មែរ​ចាស់​ៗ​ក្នុង​ទសវត្ស ៨០ ៩០ និង​រឿង​ភាគ​ខ្មែរ​ផលិត​នៅ​ទសវត្ស​ចុង​ក្រោយ​នេះ​មក​ចាក់​ផ្សាយ។ ទូរទស្សន៍​មួយ​ចំនួន​ទៀត ចាក់​ផ្សាយ​កម្មវិធី​តិចតួច ដែល​មាន​ការ​កែច្នៃ​ជា​របស់​ខ្មែរ​ក្រៅ​ពី​ភាពយន្ត ដែល​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​មាន​ការ​ប្រែប្រួល​ពី​លើក​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ