អានតួអត្ថបទ
កម្ពុជា

ក្រសួង​វប្បធម៌​មិន​មែន ហាម​បញ្ចាំង​តែ​ខែ្សវីដេអូ​ស្តីពី​លោក​ឈុត​វុទ្ធី ប៉ុណ្ណោះ​ទេ!

ខ្សែភាពយន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា I am Chut Wutty ឬ​ជា​ភាសាខ្មែរ​មាន​ន័យ​ថា ខ្ញុំ​គឺ ឈុត វុទ្ធី ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ហាម​ឃាត់​មិន​អោយ​បញ្ចាំង​នៅ​មេត្តាហោស៍​នោះ​ទេ។ នេះ​បើ​យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី ១៨ ខែមេសា របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផ្ញើ​ទៅ​នាយក​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់ ឬ​មេត្តាហោស៍។ យ៉ាងណា​ក៏​ដោយ នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​បញ្ជាក់​ថា​មិន​មែន​មាន​តែ​ខ្សែ​វីដេអូ មួយ​នេះ​ទេ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​អោយ​បញ្ចាំង គឺ​មាន​វីដេអូ​ផ្សេង​ទៀត​ក៏​ត្រូវ​ហាម​ឃាត់​ប្រសិន​បើ​មេត្តា​ហោស៍​មិន​បាន សុំ​ការ​អនុញ្ញាតិ​បញ្ចាំង​ពី​ក្រសួង។រាយការណ៍ដោយប៉ុន សោភ័ណ៖

Facebook
ផ្សាយពាណិជ្ជកម្ម

ក្រសួង​វប្បធម៌ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ១៨ ខែ​មេសា​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ក្រសួង​មិន​អោយ បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​នេះ ដោយសារ​តែ​ពុំ​ទាន់​មាន​ការ​ស្នើ​សុំការ​ពិនិត្យ​ខ្លឹមសារ និង​ការ​អនុញ្ញាតិ​ថត​ពី​ក្រសួង-ស្ថាប័ន​មាន​សមត្ថកិច្ច​នូវ​ឡើយ​ទេ។

ខ្សែវីដេអូ I am Chut Wutty ឬ​ក៏​ខ្សែវីដេអូ​ផ្សេង​ទៀត នឹង​អាច​ចាក់​បញ្ចាំង​បាន ប្រសិន​បើ​មេត្តាហោស៍ ​គោរព​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គឺ​មេត្តាហោស៍​ត្រូវ ដាក់​ជូន​ក្រសួង​វប្បធម៌​ពិនិត្យ​សិន មុន​នឹង​ដាក់​បញ្ចាំង ហើយ​ខ្សែវីដេអូ​នោះ​ទៀត​សោត​ត្រូវ​មាន​ប្រភព​ច្បាស់​លាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ិន ចាន់សាយ៉ា ប្រធាន​នាយក​ដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌។

លោក ប្រធាន​នាយក​ដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌​ បាន​អោយ​ដឹង​ដែរ​ថា ជា​ច្រើន​លើក​ច្រើន​សារ​ក្រសួង​វប្បធម៌​បាន​ជូន​ដំណឹង​ដល់​មេត្តាហោស៍​ពិនិត្យ​មើល​ឡើង​វិញ​ពី​សកម្មភាព​របស់​ខ្លួន។ លោក​ថា​លើក​នេះ​គឺ​ជា​ការ​រម្លឹក​ចុង​ក្រោយ​របស់​ក្រសួង​វប្បធម៌​ចំពោះ​មេត្តាហោស៍ ប្រសិន​បើ​មេត្តា​ហោស៍​មិន​គោរព​តាម​ច្បាប់​ នោះ​ក្រសួង​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។

លោក ស៊ិន ចាន់សាយ៉ា បាន​បញ្ជាក់​ថា កន្លង​មក​ក្រសួង​វប្បធម៌​បាន​ទទួល​ការ​ត្អូញត្អែរ​យ៉ាង​ច្រើន​ពី​ស្ថាប័ន​នានា ដោយសារ​តែ​មាន​ការ​លួច​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​មិន​មាន​ការ​សុំច្បាប់។

សូម​បញ្ជាក់ ខែ្សវីដេអូ I am Chut Wutty ដែល​មាន​រយៈ​ពេល​54​នាទី នេះ គ្រោង​បញ្ចាំង​នៅ​មេត្តាហោស៍​នា​យប់​ថ្ងៃ​ពុធ​ទី​20​ខែ​មេសា ។ ខ្សែវីដេអូ​នេះ​ ​គឺ​បង្ហាញ​អំពី​សង្គ្រាម​ប្រឆាំង​នឹង​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា របស់​លោក​ ឈុត វុទ្ធី។ លោក​ឈុត វុទ្ធី ជា​សកម្មជន​ព្រៃឈើ ដែល​ត្រូវ​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ២០១២ នៅ​ខេត្ត​កោះកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ