អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អន្តោប្រវេសន៍​ខុស​ច្បាប់​នឹង​លែង​ជា​បញ្ហា​អាស្រ័យ​លើ​ឆន្ទៈ​នៃ​ការ​អនុវត្ត​ច្បាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុទ្ធនាការ​បង្រ្កាប​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​គ្រប់​ជាតិ​សាសន៍​នៅ​កម្ពុជា​ហាក់​ដូចជា​មាន​ការ​មមាញឹក​ខ្លាំង​ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ។ ការ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​បញ្ហា​អត្ថិភាព​របស់​កម្ពុជា​ ដោយ​ហេតុថា​ជានិច្ចកាល​វាជា​ប្រធាន​បទក្តៅ ​និង​រ៉ាំរ៉ៃ ​ហើយ​វា​អាច​មាន​ឥទ្ធិពល​លើ​ឆាក​នយោបាយ​ខ្មែរ​ទាំង​បច្ចុប្បន្ន​និង​អនាគត។ ក៏​ប៉ុន្តែ​បើ​អ្នក​នយោបាយ​រួម​គ្នា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ចប់​ អ្វី​ដែល​ជា​ការ​ចំណេញ​គឺ​ផល​ប្រយោជន៍​ជាតិ។ ហើយ​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​នឹង​លែង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​គណបក្ស​នានា​នៅ​ពេល​មាន​ការ​បោះឆ្នោត​នា​ពេល​អនាគត។

ទូក​ដឹក​ជន​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា ដែល​គេ​មើល​ឃើញ​នៅ​ចម្ងាយ​១៧​គ.ម.​ពី​ឆ្នេរ​ប្រទេស​ថៃ
ទូក​ដឹក​ជន​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា ដែល​គេ​មើល​ឃើញ​នៅ​ចម្ងាយ​១៧​គ.ម.​ពី​ឆ្នេរ​ប្រទេស​ថៃ © Reuters
ផ្សាយពាណិជ្ជកម្ម

ស្ទើរ​រៀង​រាល់​ថ្ងៃ​ប៉ូលិស​អន្តោប្រវេសន៍​ បាន​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន​ចាត់​ការ​ទៅ​លើ​ជន​បរទេស​ដែល​ចូល​មក​លាក់​ខ្លួន​ និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សកម្មភាព​ស្រាវជ្រាវ​នឹង​ចាប់​បញ្ចូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ​ហាក់​មាន​ការ​កំរើក​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​កន្លង​មក។ ជា​ការ​កត់​សម្គាល់ ជន​អន្តោប្រវេសន៍​ចំរុះ​ជាតិ​សាសន៍ ​ត្រូវ​បាន​រក​ឃើញ​និង​បញ្ជូន​ចេញ​ទៅ​តាម​ប្រទេស​របស់​គេ​ជា​ហូរហែរ​ ដោយ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា។

គេ​មិន​ដឹង​ថា​នេះ​គឺ​ជា​ឆន្ទៈ​ពិត​ប្រាកដ​របស់​អាជ្ញាធរ​ឬ​យ៉ាង​ណា ក្នុង​យុទ្ធនាការ​បោស​សំអាត​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា​ខណៈ​ដែល​មាន​ការ​រិះគន់​ខ្លាំង​ពី​មហាជន​ ពី​ការ​បណ្តែត​បណ្តោយ​ឲ្យ​ជន​បរទេស​លាក់​ខ្លួន​នៅ​កម្ពុជា​ និង​ដណ្តើម​ការងារ​ខ្មែរ​ទៀត​ផង។

នៅ​ក្នុង​ហេតុផល​នយោបាយ​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ជានិច្ចកាល​តែង​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​វាយ​ប្រហារ​របស់​គណបក្ស​ប្រឆាំង ​ជា​ពិសេស​នៅ​អំឡុង​ពេល​មាន​ការ​បោះឆ្នោត​ម្តង​ៗ។ រី​ឯ​តួលេខ​វិញ​ ក៏​មាន​ការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា​ដែរ​ ដោយ​បក្ស​ប្រឆាំង​បាន​ប្រកាន់​ខ្ជាប់​ថា​យ៉ាង​ហោច​ណាស់​ក៏​មាន​កន្លះ​លាន​នាក់​ដែរ​ជនអន្តោប្រវេសន៍​វៀតណាម​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ខុស​ច្បាប់។ ក៏​ប៉ុន្តែ​មិនមាន​ជា​ទឡ្ហីករណ៍​អ្វី​ច្បាស់លាស់​នោះ​ទេ ខណៈ​ដែល​រដ្ឋាភិបាល​តែង​អះអាង​ថា​ មាន​ជនអន្តោប្រវេសន៍​ចំរុះ​ជាតិ​សាសន៍​ប្រមាណ​ជា​១០​ម៉ឺននាក់​ ក្នុង​នោះ​ក៏​មាន​ជនបរទេស​ដែល​ប្រើប្រាស់​លិខិត​ស្នាម​មិន​ប្រក្រតី​ខុស​ច្បាប់​ផង​ដែរ។

ក៏​ប៉ុន្តែ​បញ្ហា​តួលេខ​មិន​ថ្វី​ទេ​ ដរាប​ណា​មិន​មាន​ការ​ឯកភាព​រវាង​ខ្មែរ​ ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា​លើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ។ អ្វី​ដែល​គួរ​ធ្វើ​ចំពោះ​មុខ​គឺ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ និង​វិធានការ​ ទប់ស្កាត់​ការ​ហូរ​ចូល​ជន​បរទេស​ខុស​ច្បាប់​មក​ក្នុង​ប្រទេស​កម្ពុជា។

កន្លង​មក​បញ្ហា​អន្តោប្រវេសន៍​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ស្ថានភាព​មិន​ច្បាស់លាស់​។ ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​គឺ​ជា​ចំណោទ​ដ៏​សំខាន់​មួយ​ដែល​គេ​តែង​ចោទ​សួរ​ទៅ​លើ​មន្ត្រី​អនុវត្តន៍​ច្បាប់ ជា​ពិសេស​របៀប​ធ្វើ​ការងារ​អន្តោ​ប្រវេសជន​របស់​មន្ត្រី​តាម​ច្រក​ព្រំដែន។

ជា​ទូទៅ​ប្រទេស​ណា​ក៏​មាន​បញ្ហា​ជនអន្តោប្រវេសន៍​ដែរ​ ក៏​ប៉ុន្តែ​ប្រសិទ្ធិភាព​នៃ​ការ​អនុវត្ត​ច្បាប់​ជា​កត្តា​សំខាន់​ក្នុងការ​កំណត់​នូវ​ភាព​ជាក់លាក់​នៃ​ការ​គ្រប់គ្រង​តាម​ប្រទេស​រៀង​ៗ​ខ្លួន។

សម្រាប់​កម្ពុជា​កន្លង​មក​ត្រូវ​គេ​មើល​ឃើញ​ថា មាន​ភាព​ធូរ​រលុង បើ​ទោះ​ណា​ជា​កម្ពុជា​មាន​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ហើយ​ក៏​ដោយ។ អ្វី​ដែល​ជា​ការ​ព្រួយ​បារម្មណ៍​របស់​អ្នក​ជាតិ​និយម​មួយ​ក្រុម​នោះ​ គឺ​បញ្ហា​ទឹកដី​និង​ការ​បាត់បង់​អធិបតេយ្យភាព​ជាមួយ​ប្រទេស​ជិត​ខាង​ ដោយ​ហេតុថា​ជា​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​គ្នា។

សន្តិសុខ​សម្រាប់​បច្ចុប្បន្ន​និង​ទៅ​អនាគត​ក៏​មិន​អាច​មើល​រំលង​បាន​ទេ។ បញ្ហា​នេះ​បាន​បង្ហាញ​ជា​ឧទាហរណ៍​ច្បាស់​ៗ​កាល​ពី​ពេល​កន្លង​ទៅ​គឺ​មេខ្លោង​ភេរវករ​អន្តរជាតិ​ ហាំ បាលី បាន​ចូល​មក​លាក់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។ ការ​អនុញ្ញាត​ឲ្យ​សេដ្ឋី​ជនជាតិ​រុស្សី​មក​ស្នាក់នៅ​បង្ក​ជា​ក្រុម​ជាពួក​ នៅ​លើ​កោះ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ផុត​កំណត់​ទិដ្ឋាការ​រហូត​ទៅ​ដល់​ពីរ​ឆ្នាំ​ក៏​ជា​ការ​បង្ក​ការ​ព្រួយ​បារម្ភ​សម្រាប់​ប្រជាជន​ម្ចាស់​ស្រុក​ផង​ដែរ។

ហេតុ​ដូច្នេះ​ យុទ្ធនាការ​បោស​សម្អាត​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​របស់​អាជ្ញាធរ​នៅ​ពេល​នេះ​ ត្រូវ​បាន​សាទរ​ពី​មហាជន បើ​ទោះ​ណា​សកម្មភាព​នេះ​អាច​នឹង​ទទួល​បាន​ផល​ចំណេញ​ខាង​នយោបាយ ឬ​ក៏​យ៉ាង​ណា​នោះ​ សំខាន់​គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​ស្មារតី​ជាតិ​មួយ​ពិត​ប្រាកដ។

បើ​ពុំ​នោះ​ទេ​ បញ្ហា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​នេះ​ នៅ​តែ​ត្រូវ​បំពង​សម្លេង​ មិន​ឈប់​ឈរ​រាល់​ពេល​មាន​ការ​បោះឆ្នោត។ ពោល​គឺ​សមត្ថកិច្ច​គួរតែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​ព្រម​គ្នា​ទាំង​នៅ​ក្នុង​ផ្ទៃ​ប្រទេស ​និង​នៅ​តាម​ព្រំដែន ​ដោយ​ចៀសវាង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។ ករណី​មេភេរវករ​ហាំបាលី ​និង​ករណី​សេដ្ឋី​ជនជាតិ​រុស្សី ​ដែល​ទើប​តែ​ចាប់​បញ្ជូន​ទៅ​ប្រទេស​រុស្សី​កាល​ពី​ពេល​ថ្មីៗ​នេះ​ រួម​ទាំង​ការ​រក​ឃើញ​ជា​បន្ត​បន្ទាប់​នូវ​ជនបរទេស​មាន​ជនជាតិ​ចិន​ និង​វៀតណាម​ នៅ​ក្នុង​សិប្បកម្ម​និង​កន្លែង​បំរើ​ការងារ​នានា​កណ្តាល​ក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ត្រូវ​គេ​សង្ស័យ​ថា​ សុទ្ធតែ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ។

រដ្ឋាភិបាល​ចង់​មិន​ចង់​ត្រូវ​តែ​មាន​យន្តការ​មួយ​ច្បាស់​លាស់​លើ​ដំណោះស្រាយ​ស្តី​ពី​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា​ ព្រោះ​ថា​វា​ជា​ប្រធាន​បទ​នយោបាយ​ ក៏​ថា​បាន​ តែ​វា​ជា​ការ​បង្ហាញ​ច្បាស់លាស់​នូវ​ការ​គោរព​និង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ក៏​ថា​បាន។

ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ពិត​ប្រាកដ​នឹង​គួរ​ដក​ពិសោធន៍​ជា​គំរូ​នោះ​ គឺ​នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ទេ​ ដោយ​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ត្រូវ​ថៃ​ដឹក​ជញ្ជូន​ពី​ប្រទេស​គេ​មក​ទំលាក់​ចោល​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​ច្រកទ្វា​ព្រំដែន​ដទៃទៀត​ បន្ទាប់​ពី​មាន​ការ​រៀបចំ​សណ្តាប់​​ធ្នាប់​ក្រោយ​រដ្ឋ​ប្រហារ​របស់​កងយោធា​ថៃ​ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍​ប្រាយុទ្ធ​ ចាន់​អូចារ​ កាល​ពី​ឆ្នាំ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ