អានតួអត្ថបទ
កម្ពុជា

បក្ស​សង្រ្គោះ​ជាតិ​ត្រៀម​ប្តឹង​ជន​អន្តោប្រវេសន៍ រាប់​ពាន់​នាក់ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី

មន្រ្តី​ជាន់​ខ្ពស់​បក្ស​សង្រ្គោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារំាង RFI នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មេធាវី​បក្ស​កំពុង​សិក្សា សំណុំរឿង​ជន​អន្តោរប្រវេសន៍ មិន​ស្រប​ច្បាប់ ជាង ២០០០​នាក់ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ អង្គការ​ខុមហ្វ្រែល ចាត់​ទុក​ថា​ រឿង​ជន​សង្ស័យ​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​មិន​ត្រឹមត្រូវ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ជា​រឿង​ចាស់ ដែល​ពិបាក​ដោះស្រាយ ខណៈ​មន្រ្តី​ចុះ​ឈ្មោះ​បោះឆ្នោត​គ្មាន​អំណាច​សង្ស័យ​លើ​អត្តសញ្ញាណ​បណ្ណ​ចេញ ​ដោយ​ក្រសួង​មហា​ផ្ទៃ។

រូបភាពចាស់៖ សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ នាពេលកន្លងមក។
រូបភាពចាស់៖ សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ នាពេលកន្លងមក។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ លោក ហូ វ៉ាន់ បាន​បញ្ជាក់​ថា មេធាវី​បក្ស​សង្រ្គោះ​ជាតិ បាន​សរសេរ​ពាក្យ​បណ្តឹង​រួច​ជា​ស្រេច ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ​ ដែល​មិន​មាន​សញ្ជាតិ​ខ្មែរ​ត្រឹម​ត្រូវ បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ២០០០នាក់ ដើម្បី​ប្តឹង​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត ទៅ​គណៈកម្មការ​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) នៅ​ពេល​បិទ​បញ្ជី​ដំបូង នៅ​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៧​ខាង​មុខ និង​ប្តឹង​ទៅ​តុលាការ ចំពោះ​ជន​អន្តោរប្រវេសន៍ កាន់​អត្តសញ្ញាណ​បណ្ណ មិន​ត្រឹម​ត្រូវ​តាម​នីតិវិធី។ លោក​បន្ថែម​ថា មេធាវី នឹង​ប្រយ័ត​ប្រយែង ក្នុង​ការ​ប្តឹង​ផ្គួប​ជាមួយ​នឹង​ភស្តុតាង ចំពោះ​អ្នក​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ តែ​ជា​ជនជាតិ​វៀតណាម ទៅ​តុលាការ នៅ​ពេល​ប្រមូល​បាន គ្រប់​ចំនួន​សមស្រប​ណាមួយ ព្រោះ​បក្ស​សង្រ្គោះ​ជាតិ​យល់​ថា អាច​មាន​ការ​ឃុប​ឃិត​ពី អាជ្ញាធរ​មាន​អំណាច ទើប​អាច​ផលិត​អត្តសញ្ញាណ​បណ្ណ​ខុស​ច្បាប់​បាន​។​

អ្នក​នាំ​ពាក្យ គជប លោក ហង្ស ពុទ្ធា ប្រកាស​ស្វាគមន៍​បណ្ដឹង​ទាំង​ឡាយ​ទាក់​ទឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​បញ្ជាក់​ថា គជប ទទួល​បាន​ពាក្យ​បណ្ដឹង អំឡុង​ពេល ចុះ​ឈ្មោះ​បោះឆ្នោត សរុប​ជាង ៧០​បណ្តឹង រាប់​បញ្ជូល​ទាំង​បណ្ដឹង​ការ​ចុះ​ឈ្មោះ​ឲ្យ​ពលរដ្ឋ​មិន​មែន​ជន​ជាតិ​ខ្មែរ​ផង​ដែរ។ ចំពោះ​បណ្ដឹង​ក្រោម​សមត្ថកិច្ច គជប នឹង​បញ្ជូន​មន្រ្តី​គជប ទៅ​អង្កេត​បន្ថែម ឬ​អាច​សហការ​ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ ចំពោះ​ករណី​បណ្តឹង​រឿង​អត្តសញ្ញាណ​បណ្ណ។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ អង្គការ​អង្កេតការណ៍​បោះ​ឆ្នោត ខុមហ្វ្រែល បញ្ជាក់​ថា លោក​កំពុង​ពិនិត្យ​មើល​បន្ថែម​ទៀត​ដែរ ករណី​ជន​សង្ស័យ​គ្មាន​សញ្ជាតិ​ខ្មែរ​ត្រឹម​ត្រូវ បាន​ចុះ​ឈ្មោះឆ្នោត ដែល​លើក​ឡើង​ដោយ​បក្ស​នយោបាយ និង​ពលរដ្ឋ​ ខណៈ​ខុមហ្វ្រែល មិន​ទាន់​មាន​របាយការណ៍​ជាក់​លាក់​ពី​អ្នក​សង្កេតការណ៍​របស់​ខ្លួន។ លោក​បញ្ជាក់​ថា នេះ​ជា​រឿង​ចាស់ ដែល​ពិបាក​ដោះស្រាយ ប្រសិន​បើ​គជប មិន​ហ៊ាន​សម្រេច ព្រោះ​មន្រ្តី​ចុះ​ឈ្មោះ​បោះឆ្នោត​បច្ចុប្បន្ន​ មិន​មាន​សិទ្ធិ​អំណាច​សង្ស័យ លើ​អត្តសញ្ញាណ​បណ្ណ​ខ្មែរ ដែល​ចេញ​ដោយ ក្រសួង​មហា​ផ្ទៃ​នោះ​ទេ ហើយ​រឹត​តែ​ពិបាក​សម្រាប់​អ្នក​សង្កេតការណ៍ ដែល​មាន លទ្ធភាព​ត្រឹម​មើល​នឹង​ភ្នែក ស្តាប់​នឹង​ត្រចៀក និង​ប្រើ​ដៃ​សរសេរ​របាយការណ៍។
យ៉ាង​ណា​ក៏​ដោយ ខុមហ្វ្រែល ដែល​បាន​ចូលរួម​សង្កេតការណ៍ លើ​ដំណើរ​ការ និង​នីតិវិធី នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៦​នេះ រក​ឃើញ​ថា អ្នក​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ភាគ​ច្រើន មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​អត្តសញ្ញាណ​បណ្ណ។ លោក គល់ បញ្ញា បន្ថែម​ថា ក៏​មាន​ភាព​មិន​ប្រក្រតី​ខ្លះ ទាក់ទង​នឹង​ ការ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ ដំណើរ​ការ​ចុះ​ឈ្មោះ និង​ពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​អ្នក​ចុះ​ឈ្មោះបោះឆ្នោត រាប់​បញ្ចូល ពលរដ្ឋ​ខ្មែរ ចំណាក​ស្រុក ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ចុះ​ឈ្មោះ​មិន​ទាន់​បាន​ច្រើន រួម​នឹង​ព្រះសង្ឃ​ ពិបាក​ចុះ​ឈ្មោះ​បោះឆ្នោត ក្រោម​សម្ពាធ​ថ្នាក់​ដឹកនាំ​សង្ឃ​ជា​ដើម។​

គួរ​ជម្រាប​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៦ ដើម្បី​ចុះ​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជាង ៩លាន ៦​សែន​នាក់ (៩,៦៦៤,២១៦)នាក់។ អ្នក​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ នឹង​មាន​សិទ្ធិ​ឈាន​ទៅ​បោះឆ្នោត​ ​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៧ ឆ្នាំបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ