អានតួអត្ថបទ
កម្ពុជា

យុវជន​១៦​ប្រទេស​ស្វែង​យល់​វប្បធម៌​​គ្នា​ស្រប​ពេល​សមាហរណកម្ម​អាស៊ាន​ឈាន​ចូល​មក​ដល់

យុវជន​មក​ពី​១៦​ប្រទេស បាន​​ជជែក​​ពិភាក្សា​គ្នា​ពី​​វប្បធម៌​​ចម្រុះ​​ជាតិ​​សាសន៍ នៅ​​ខេត្ត​​សៀម​​រាប​ ចំ​ពេល​​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ជា​ការ​​ជួបជុំ​​​​យុវជន​​អន្តរជាតិ​ចំនួន​​​ជាង​១៥០​នាក់ ​មក​ពី​​ប្រទេស​​​មហា​អំណាច​​និង​​អាស៊ាន ដែល​​ផ្តួច​ផ្តើម​​ដោយ​​យុវជន​​ខ្មែរ។ គោល​​បំណង​​សំខាន់​​នៃ​​​ការ​​ជួប​ជុំ​​ជជែក​​គ្នា​​រឿង​​វប្បធម៌​​រយៈពេល​៣​ថ្ងៃ​​ម​ក​នេះ គឺ​​ដើម្បី​​ស្វែង​យល់​​ពី​គ្នា និង​​គោរព​​ឲ្យ​​តម្លៃ​​​គ្នា​​ទៅ​វិញ​ទៅ​មក​។ នេះ​​បើ​តាម​​​ការ​បញ្ជាក់​​របស់ លោក ហ៊ុន ម៉ា​នី។

ការជួបជុំយុវជនអន្តរជាតិចំនួនជាង១៥០នាក់ មកពីប្រទេសមហាអំណាចនិងអាស៊ាន ដែលផ្តួចផ្តើមដោយយុវជនខ្មែរ។
ការជួបជុំយុវជនអន្តរជាតិចំនួនជាង១៥០នាក់ មកពីប្រទេសមហាអំណាចនិងអាស៊ាន ដែលផ្តួចផ្តើមដោយយុវជនខ្មែរ។ @uyfc
ផ្សាយពាណិជ្ជកម្ម

វេទិកា​មហោស្រប​​វប្បធម៌​យុវជន​អន្តរជាតិ​នេះ បាន​ចាប់​ផ្តើម​ពី​ថ្ងៃទី​១២ដល់​ទី​១៧ខែ​មេសា ដែល​មានអ្នក​ចូលរួម​ចំនួន​ជាង១៥០នាក់។ យុវជន​ទាំង​នោះ​​មកពី​ប្រទេស​មហាអំណាច​ចំនួន៦ដូចជា ចិន ជប៉ុន រុស្ស៊ី កូរ៉េ អូស្ត្រាលី ឥណ្ឌា​ និង​ប្រទេស​ទាំង១០នៃ​សមាគម​អាស៊ាន ដោយ​ក្នុងនោះ​យុវជន​ចំនួន​ប្រមាណ១០ៗ​នាក់ ត្រូវ​បាន​អញ្ជើញ​មកពី​ប្រទេស​នីមួយ​ៗ។

ទោះបីជា​វេទិកា​នេះ​រៀបចំ​ស្រប​​នឹង​ពិធីបុណ្យ​ចូលឆ្នាំថ្មីក្តី​ ប៉ុន្តែ​​លោក ហ៊ុន ម៉ា​នី ប្រធាន​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បញ្ជាក់ថា មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​មិនមែនជា​កម្មវិធី​របស់​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​នោះទេ។ ពោល​គឺជា​ពិធី​ដាច់ដោយឡែក​ពីគ្នា ដោយ​គ្រាន់តែ​ប្រើ​ឆាក​ជាមួយគ្នា​តែប៉ុណ្ណោះ។

ការរៀបចំវេទិកា​នេះ​ឡើង គឺ​ដើម្បី​អបអរ​សារ​ទស​មា​រណកម្ម​អាស៊ាន​ឆ្នាំ២០១៥ និង​ដើម្បី​ពង្រីងនិង​​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​យុវជន​និង​យុវជន។ នេះ​បើតាមលោក​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ មិនតែប៉ុណ្ណោះ លោក ហ៊ុន ម៉ា​នី បាន​លើកឡើងថា ការជួបគ្នា​យុវជន​ជា​លក្ខណៈ​អន្តរ​ជា​តិ​ពេល​នេះ បាន​អនុ​ញ្ញា​ឲ្យពួកគេ​ស្វែងយល់នូវបទពិសោធ ​ស្គាល់​ពី​វប្បធម៌​អារ្យធម៌​របស់​គ្នា​ទៅវិញទៅមក ព្រមទាំង​ស្គាល់គ្នា​ក្នុង​ក្របខណ្ឌ​តំបន់​ក៏ដូចជានៅលើ​ឆាក​អន្តរជាតិផង​ដែរ​ សំដៅ​ដល់​ការកាច់​ចង្កូត​​នយោបាយ​​ទន់ភ្លន់​ជាង​មុននាពេល​អនាគត​ ប្រកបដោយ​ការគោរព​ភាពខុសៗគ្នា​នៃ​វប្បធម៌។

គួរ​ជម្រាប​ជូនថា នៅ​ថ្ងៃដំបូងគឺ​ថ្ងៃទី​១៣មេសា ជា​ការជជែក​ពិភាក្សា​របស់​យុវជន ក្រោម​ប្រធាន​បទ​«សាមគ្គីភាព ឯកភាព ជា​កម្លាំង​នៃ​ការកសាង​វប្បធម៌​ចម្រុះ» ដោយ​​បែង​​ចែកគ្នា​ជា​ក្រុម​តូចៗនិង​ចុង​ក្រោយ​ជា​ក្រុម​ធំទាំងអស់​គ្នា​។

ចំណែក​នៅ​ថ្ងៃទី១៤ជា​ថ្ងៃទី២នៃ​វេទិកា​យុវជន គឺជា​ការតាំង​ពិ​ព័រ​ណ៌​វប្បធម៌ ប្រពៃណី​​ទំនៀមទម្លាប់​នៃ​ប្រទេសនីមួយៗ ព្រមទាំង​ដំណើរ​កម្សាន្ត​ឈ្វេងយល់​ពី​វប្ប​ធម៌​​ខ្មែរអារ្យធម៌​ខ្មែរ​ ​នៅ​ប្រាសាទ​អង្គរ​ទៀតផង។

ដោយឡែក​នៅ​រាត្រី​ថ្ងៃទី១៥មេសា គឺជា​ការសម្តែង​សិល្បៈ​វប្បធម៌​នៃ​ប្រទេសនី​មួយ​ៗ មួយ​ប្រទេស​ម្តងៗ​ ហើយ​អ្វី​ជា​ចំណុច​ពិសេស​នោះ​គឺ តំណាង​យុវជន​ពីរៗ​នាក់​នៃ​ប្រទេសនីមួយៗ​ បាន​សហការ​គ្នា​ដើម្បី​សម្តែង​របាំរួម​គ្នា​មួយ ដែល​ហៅថា Unity Performance។

គួរ​កត់សម្គាល់ថា វេទិកា​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ ដែលមាន​យុវជន​មកពី​ប្រទេស​មហាអំណាច​ក្នុង​តំបន់ដែល​កំពុង​តែមាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយគ្នា​ស្រាប់ផងនោះ ពួក​គេ​មិន​បាន​ជជែក​វែកញែក​គ្នា​រឿង​បញ្ហានយោបាយ សេដ្ឋកិច្ច ឬ​​ជម្លោះព្រំដែនសមុទ្រ​នោះឡើយ​។

រីឯ​ការជជែក​ពិភាក្សា​របស់​យុវជន​រឿង​វប្បធម៌​ចម្រុះ​ជាតិ​សាសន៍ដែល​អស់​រយៈពេល៣ថ្ងៃ​កន្លងទៅនេះ នឹង​ផ្សព្វផ្សាយ​លទ្ធផល​​នៅ​ថ្ងៃទី១៧មេសា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ