អានតួអត្ថបទ
កម្ពុជា

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ជប៉ុន Keisuke Honda ចង់​បង្កើត​សាលា​បាល់ទាត់​នៅ​កម្ពុជា

កីឡាករ​បាល់​ទាត់​​ជម្រើស​ជាតិ​ជប៉ុន និង​ជា​ខ្សែ​បម្រើ​ជួរ​មុខ​របស់ក្លិប AC Milan លោក Keisuke Honda ចង់​បង្កើត​សាលា​បាល់ទាត់​នៅ​កម្ពុជា​។ នេះ​ជា​អ្វី​ដែល​កីឡាករ​រូប​នេះ​អះអាង​ប្រាប់​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ដល់រាជធានី​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

​ លោក ​Keisuke Honda ​​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន ​និង​ជា​ខ្សែ​បម្រើ​ជួរ​មុខ​របស់​ក្លិប​ AC Milan
​ លោក ​Keisuke Honda ​​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន ​និង​ជា​ខ្សែ​បម្រើ​ជួរ​មុខ​របស់​ក្លិប​ AC Milan Internet
ផ្សាយពាណិជ្ជកម្ម

សាលា​បាល់ទាត់​ដែល​​កីឡាករ Keisuke Honda ចង់​បង្កើតនៅ​កម្ពុជា​នោះ ផ្ដោត​​​គោល​ដៅ ទៅ​លើ​កុមារ​និង​យុវជន​​ខ្មែរ ដែល​មាន​អាយុ​ចាប់​ពី​៤​ឆ្នាំ រហូត​ដល់​១៨​ឆ្នាំ​។ លោក Honda បាន​អះអាង​ប្រាប់​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​០៩​មិថុនា ថា ក្ដី​សុបិន​របស់​លោក គឺ​ចង់​ឃើញ​កីឡាករ​បាល់ទាត់​កម្ពុជា មាន​ឱកាសបង្ហាញ​ខ្លួន​​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​សំខាន់​ៗ ដូច​ជា​នៅ​អឺរ៉ុប​ជា​ដើម​។

 
លោក Honda អះអាង​ថា ខ្លួន​មាន​ក្រុម​ការងារ ដែល​អាច​បណ្ដុះ​បណ្ដាល​កីឡាករ​កម្ពុជា​បាន​។ យ៉ាង​ណា​ក៏​ដោយ ​ខ្សែ​បម្រើ​ជួរ​មុខ​របស់ក្លិប AC Milan រូប​នេះ នៅ​មិន​ទាន់​អាច​ប្រាប់​បាន​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ខ្លួន​ត្រូវ​ចំណាយ ដើម្បី​បង្កើត​សាលា​បាល់​ទាត់​នេះ​នៅ​ឡើយ​ទេ​។ លោក Honda គូស​បញ្ជាក់​ថា គម្រោង​សាលា​បាល់​ទាត់​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា​បឋម​នៅ​ឡើយ​។ ប៉ុន្តែ​លោក​ចង់​ឲ្យគម្រោង​នេះ​លេច​ចេញ​ជា​រូប​រាង​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

គួរ​ជម្រាប​ជូន​ថា កីឡាករ​ Keisuke Honda បានបង្កើត​សាលា​បាល់​ទាត់​​​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​មាន​គម្រោង​បង្កើត​សាលា​បាល់ទាត់​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដូច​ជា​ថៃ និង​វៀតណាម​ជា​ដើម កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូបនេះ ធ្លាប់​ចែក​រំលែក​​បទ​ពិសោធ​ដល់​កុមារ​រាប់​សិប​នាក់ ដែល​ចូល​ចិត្ត​កីឡា​បាល់​ទាត់​។ នៅ​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៩​មិថុនា កីឡាករ Honda ក៏​បាន​ចែក​រំលែក​បទ​ពិសោធ​ដល់​យុវជន​កម្ពុជា​ចំនួន​៤០​នាក់ នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ផង​ដែរ​។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ ប្រាប់​យុវជន​កម្ពុជា​ឲ្យ​មាន​ក្ដី​ស្រមៃ​ខ្ពស់បំផុត ដើម្បី​អនាគត​បាល់ទាត់​កម្ពុជា​​។

សូម​រំលឹក​ថា នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ ដែល​កីឡាករ Keisuke Honda ធ្វើ​ដំណើរ​មក​កម្ពុជា។ កីឡាករ​រូប​នេះ ធ្វើ​ដំណើរ​កម្ពុជា​ជា​លើក​ទី​១​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​កន្លង​ទៅ ដើម្បី​ប្រកួត​ ​ជម្រុះ​កីឡា​បាល់ទាត់​ពិភពលោក World Cup​ ប្រចាំ​តំបន់​អាស៊ី​ជុំ​ទី​២​ ដោយ​យក​ឈ្នះម្ចាស់​ផ្ទះ​កម្ពុជា​​ក្នុង​លទ្ធផល ២ ទល់​នឹង​ ០​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ