អានតួអត្ថបទ
កម្ពុជា

ចេតិយ​លោក កែម ឡី៖ ថ្វី​បើ​ថវិកា​មិន​ទាន់​គ្រប់ តែ​គណៈកម្មាការ​សាង​សង់​មិន​អស់​សង្ឃឹម

គម្រោង​សាង​សង់​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី និង​ត្រូវ​សម្ភោធ​ការ​ដ្ឋាន​សាង​សង់​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ ២០១៧ ។ គម្រោង​ចេតិយ​នេះ​ត្រូវ​ចំណាយ​ពេល​សាង​សង់​ប្រហែល​រយៈ​ពេល ១ឆ្នាំ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ១៧​ម៉ឺន​ដុល្លារ​អាមេរិក។ បើ​ទោះ​បី​ជា​មក​ទល់​នឹង​ពេល​នេះ ក្រុម​ការងារ​សាង​សង់​មាន​ទឹក​ប្រាក់​តែ ៦​ពាន់​ដុល្លា​អាមេរិក​នៅ​ក្នុង​ដៃ​ក៏​ពិត​មែន តែ​ពួក​គាត់​នៅ​តែ​ជឿ​ជាក់​ថា ចេតិយ​របស់​បណ្ឌិត​ពិត​ជា​អាច​កើត​ជា​ចេញ​រូប​រាង​បាន ដោយ​សារ​ការ​ចូល​រួម​របស់​អ្នក​ដែល​មាន​សមាន​ចិត្ត​ចំពោះ​សព​លោក បណ្ឌិត កែម ឡី។ នេះ​បើ​តាម​ក្រុម​ការងារ​គណៈកម្មាការ​សាង​សង់​ចេតិយ​លោក​កែម ឡី បាន​ប្រាប់​វិទ្យុ​បារំាង នា​ឱកាស​ពិធី​បញ្ចុះ​បឋម​សិលា សុំ​ការ​អនុញ្ញាត​បុក​គ្រឹះ សាង​សង់​ចេតិយ នៅព្រឹក​ថ្ងៃ​ទី ៨ មីនា​នេះ។

ចេតិយ​​លោក កែម ឡី៖ ថ្វី​​បើ​​ថវិកា​​មិន​​ទាន់​​គ្រប់ តែ​​គណៈកម្មាការ​​សាង​​សង់​​មិន​​អស់​​សង្ឃឹម
ចេតិយ​​លោក កែម ឡី៖ ថ្វី​​បើ​​ថវិកា​​មិន​​ទាន់​​គ្រប់ តែ​​គណៈកម្មាការ​​សាង​​សង់​​មិន​​អស់​​សង្ឃឹម RFI/ Vann Sokunthea
ផ្សាយពាណិជ្ជកម្ម

គម្រោង​ចេតិយ​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ដែល​គ្រោង​ទុក​ជា​ច្រើន​មក​ខែ​មក​ហើយ​នោះ នឹង​ត្រូវ​លេច​ចេញ​ជា​រូបរាង​បណ្តើរៗ​ហើយ​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ ឧសភា ឆ្នាំ ២០១៧ ខាង​មុខ ។ នេះ​បើ​តាម​លោក សៅ កុសល ក្រុម​ការងារ​គណៈកម្មាការ​សាង​សង់​ចេតិយ។

នៅ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សុំ​ការ​អនុញ្ញាត​បុក​គ្រឹះ​សាង​សង់​ចេតិយ​នៅ​ព្រឹក​ថ្ងៃ​ទី ៨ មីនា​នេះ​ លោក សៅ កុសល ឱ្យ​ដឹង​ថា មក​ទល់​នឹង​ថ្ងៃ​នេះ​មាន​ការងារ​ចំនួន​បី ដែល​ក្រុម​ការងារ​សាង​សង់​សម្រេច​បាន​រួម​មាន៖ ការ​ចាក់​បេតុង​ផ្លូវ​ចូល​ទៅ​កាន់​ចេតិយ​ដើម្បី​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ចង់​ទៅ​គោរព​វិញាណក្ខន្ធ័, សម្រេច​បាន​ការ​សាង​សង់​រោង​ដោយ​ប្រក់​ស័ង្កសី ដើម្បី​ការពារ​ភ្លៀង ឬ កំដៅ​ដល់​ផ្នូរ លោក​បណ្ឌិត កែម ឡី និង ចុង​ក្រោយ​គឺ​បន្ត​ការ​ជីក​គ្រឹះ​ឱ្យ​បាន​ចប់​រួច​រាល់​មុន​ថ្ងៃ​បើក​ការ​ដ្ឋាន​សាង​សង់ ។

ទន្ទឹម​នឹង​នេះ​ដែរ លោក សៅ កុសល បញ្ជាក់​ថា, ជា​ការ​ពិត​ថា​ចំនួន​ទឹក​ប្រាក់ ១៧​ម៉ឺន​ដុល្លារអាមេរិក​សម្រាប់​សាង​សង់​ចេតិយ​នេះ មិន​មែន​ជា​ចំនួន​តិច​តួច​នោះ​ទេ​ ប៉ុន្តែ​លោក​នៅ​មាន​ជំនឿ​ថា វា​នឹង​អាច​សម្រេច​ទៅ​បាន​តាម​ការ​គ្រោង​ទុក។ លោក​ជឿ​ជាក់​ថា អ្នក​ដែល​មាន​ទឹក​ចិត្ត គោរព និង ស្រលាញ់​លោក កែម ឡី នឹង​មិន​ឈរ​អោប​ដៃ​មើល​នោះ​ទេ ! ហើយ​ពិសេស នៅ​ពេល​គម្រោង​សាង​សង់​ដាក់​ឲ្យ​ដំណើរការ និង ​ស្រប​ពេល​ដែល​មាន​ការ​អំពាវនាវ​ពី​គណៈកម្មាការ​រៀប​ចំ​ការ​សាងសង់​ចេតិយ​របស់​លោក​បណ្ឌិត។ 

គួរ​ជម្រាប​ជូន​ថា ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ដែល​គ្រោង​នឹង​សាង​សង់នា​ពេល​ខាង​មុខ​នេះ មាន​ទទឹង ៥​ម៉ែត្រ ​បណ្ដោយ ៩​ម៉ែត្រ និង​កម្ពស់ ១៦​ម៉ែត្រ​។ ចេតិយ​នេះ​នឹង​ធ្វើ​ពី​ថ្ម​ម៉ាប​ភ្នំ និង តាម​រចនាបទ​ភ្នំ​ជីសូរ ​ហើយ​ត្រូវ​សាង​សង់​នៅ​ពី​លើ​ផ្នូរ​លោក​បណ្ឌិត កែម ឡី ផ្ទាល់​តែ​ម្ដង  ។

បើ​តាម​ក្រុម​ការងារ​សាង​សង់​ដដែល បន្ទាប់​ពី​គម្រោង​សាង​សង់​ចេតិយ​នេះ​សម្រេច​បាន​ជា​ស្ថាពរ​ហើយ គឺ​នឹង​មាន​រៀប​ចំ​ធ្វើ​បណ្ណាល័យ​ បណ្ឌិត កែម ឡី ជា​បន្ត​ទៀត ។ បណ្ណាល័យ កែម ឡី នេះ​បើ​តាម​គម្រោង គឺ​នឹង​ក្លាយ​ជា​ទី​កន្លែង​សក្ការៈ​បូជា​រួម​មួយ សម្រាប់​តម្កល់​រាល់​ស្នាដៃ​របស់​អ្នក​ដែល​បាន​ពលី​ជីវិត ដើម្បី​ជាតិ​មាតុភូមិ ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ