អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

កូន​ស្រី​លោក​កឹម សុខា ស្វែង​រក​ការ​ជួយ​ពី​សភា​ជប៉ុន​ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ជាតិ​ធ្វើ​ឡើង​ដោយ​យុត្តិធម៌

នៅ​​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ កញ្ញា​កឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក​កឹម សុខា បាន បាន​ជួប​ពិភាក្សា​ជាមួយ​សភា​និង​ព្រឹទ្ធសភា​ជប៉ុន​ស្តី​ពី​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្នុង​ជំនួប​នោះ កញ្ញា​កឹម មនោវិទ្យា​បាន​ស្នើ​សុំ​ទៅ​សមាជិក​សភា​ជប៉ុន ធ្វើ​យ៉ាង​ណា​ជំរុញ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ឲ្យ​ធានា​ថា ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន។

កញ្ញា​កឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក​កឹម សុខា
កញ្ញា​កឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក​កឹម សុខា @សហការី
ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​ជប៉ុន NHK បាន​រាយការណ៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋសភា​ជប៉ុន កញ្ញា​កឹម មនោវិទ្យា បាន​រៀប​រាប់​ប្រាប់​ក្រុម​សមាជិក​រដ្ឋសភា​នោះ ពី​វិបត្តិ​នយោបាយ​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន។ សម្រាប់​កូន​ស្រី​លោក​កឹម សុខា នយោបាយ​កម្ពុជា​កំពុង​មាន​វិបត្តិ គឺ​ដោយ​សារ​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​គេ​ដក​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​អនាគត​របស់​ខ្លួន។ មាន​ន័យ​ថា​ពួក​គេ​ត្រូវ​បាន​ដក​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ បើ​តាម​ទូរទស្សន៍​ជប៉ុន NHK កញ្ញា​កឹម មនោវិទ្យា បាន​គូស​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​ដែល​រួម​ទាំង​ប្រទេស​ជប៉ុន​ផង អាច​នឹង​ឃើញ​ការ​បោះ​ឆ្នោត​មួយ​ដែល​គេ​ហៅ​ថា​ បោក​បញ្ឆោត និង​ក្លែង​បន្លំ ប្រសិន​បើ​កម្ពុជា​នៅ​តែ​បន្ត​មាន​ស្ថានភាព​បែប​នេះ​ត​ទៅ​ទៀត។

នៅ​ក្នុង​ជំនួប​នោះ​ដែរ កញ្ញា​កឹម មនោវិទ្យា​បាន​ចោទ​សួរ​ពី​តួនាទី​របស់​ប្រទេស​ជប៉ុន ប្រសិន​បើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នៅ​តែ​បន្ត​ធ្វើ​ឡើង ដោយ​មេ​បក្ស​ប្រឆាំង​ស្ថិត​នៅ​ក្នុង​គុក​ហើយ​គណបក្ស​ប្រឆាំង​ធំ​បំផុត​មិន​បាន​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ។ កូន​ស្រី​លោក​កឹម សុខា ជឿ​ជាក់​ថា ជប៉ុន​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​រឿង​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍​ជប៉ុន NHK ដដែល។

ជុំវិញ​សំណុំ​រឿង​កម្ពុជា​នេះ​ដែរ កាល​ពី​ម្សិល​មិញ សមាជិក​ព្រឹទ្ធសភា​ជប៉ុន​មួយ​រូប​បាន​សួរ​ដេញ​ដោល​​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន គឺ​លោក​កូណូ តារ៉ូ (Kono Taro) ពាក់​ព័ន្ធ​នឹង​គោល​ជំហរ​របស់​ប្រទេស​ជប៉ុន​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ នេះ​បើ​តាម​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​កាសែត​ខេមបូឌា ដេលី។ តាម​ការ​ចុះ​ផ្សាយ​ដដែល រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​អះអាង​តប​វិញ​ថា ជប៉ុន​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដែល​អាច​ទទួល​យក​បាន។ លោក​កូណូ តារ៉ូ ក៏​សង្ឃឹម​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នឹង​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​ការ​ជជែក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ។

ជា​ការ​កត់​សម្គាល់ ការ​គូស​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ដូច្នេះ ធ្វើ​ឡើង​មុន​ពេល​លោក​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​សប្តាហ៍​ក្រោយ។ ដំណើរ​ទស្សនកិច្ច​នេះ ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​កាល​ពី​ដើម​សប្តាហ៍​នេះ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​ជា​មុន​រួច​ហើយ​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន​មក​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ ភាគី​ទាំង​ពីរ​នឹង​មិន​ជជែក​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការ​ចរចា​នយោបាយ​ជាមួយ​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ