អានតួអត្ថបទ
កម្ពុជា

ប្រធាន​យុវជន​គណបក្ស​ប្រឆាំង ច្រានចោល​លិខិត​អនាមិក ទាមទារ​ឲ្យ​ដាក់​ទោស​កូន​ស្រី​លោក​កឹម សុខា

ជុំវិញ​ការ​រិះគន់​របស់​កញ្ញា កឹម មនោវិទ្យា កូន​ស្រី​របស់​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សរសេរ​ម្តង​ហើយ​ម្តង​ទៀត​តាម​បណ្តាញ​សង្គម Twitter រិះគន់​ទៅ​លើ​មេបក្ស​របស់​ខ្លួន​គឺ​លោក សម រង្ស៊ី លិខិត​ទាមទារ​ឲ្យ​ដាក់​ពិន័យ​កញ្ញា​កឹម មនោវិទ្យា មួយ​ក្រោម​ឈ្មោះ​ថា​តំណាង​យុវជ​នគណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ។ ក៏​ប៉ុន្តែ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហ៊ីង សុខសាន បាន​ចេញ​មុខ​មក​បដិសេធ​ថា នោះ​គឺ​ជា​លិខិត​ក្លែងក្លាយ។

ប្រធានយុវជនគណបក្សប្រឆាំង ច្រានចោលលិខិតអនាមិក ទាមទារឲ្យដាក់ទោសកូនស្រីលោកកឹម សុខា
ប្រធានយុវជនគណបក្សប្រឆាំង ច្រានចោលលិខិតអនាមិក ទាមទារឲ្យដាក់ទោសកូនស្រីលោកកឹម សុខា @Kem Monovithya
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗ​បន្ទាប់​ពី​មាន​លិខិត​មួយ​ច្បាប់​ ដែល​បាន​ចុះ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ស្រុក​និង​បណ្តាញ​សង្គម​កាល​ពី​រាត្រី​ថ្ងៃ​ពុធ​ លោកហ៊ីង សុខសាន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ដោយ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា នេះ​ពិត​ជា​ឯកសារ​ក្លែង​ក្លាយ។ លោក សុខសាន ថា​រហូត​មក​ដល់​ពេល​នេះ លោក​នៅ​តែ​ជា​តំណាង យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រប​ច្បាប់​នៅ​ឡើយ ហើយ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​ដែល​បាន​ចេញ ឯកសារ​បែប​នេះ​ឡើយ។

បន្ថែម​ពី​លើ​អ្វី​ ដែល​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក ប្រធាន​ចលនា​យុវជន​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា​លិខិត​ ដែល​ចេញ​ផ្សាយ​នេះ​មាន​ចំណុច​ខុស​ជា​ច្រើន​គួរ​កត់​សម្គាល់​នោះ​គឺ លិខិត​ត្រូវ​មាន​ហ្គ្រិស​ពី​លោក លោក​ត្រូវ​សុំ​សេចក្តី​សម្រេច​ពី​ប្រធាន​ និង​អនុប្រធាន​បក្ស​មុន​នឹង​ចេញ​ផ្សាយ​លិខិត​ផ្លូវ​ការ ខុស​ទម្រង់ បច្ចេកទេស​ និង​ការ​រចនា​លើ​ទំព័រ​លិខិត​ជា​ដើម។

សូម​រំលឹក​ថា ការ​ដែល​មាន​លិខិត​ក្លែង​ក្លាយ​នេះ​ឡើង គឺ​បន្ទាប់​ពី​កញ្ញា​កឹម មនោវិទ្យា កូន​ស្រី​របស់​លោកកឹម សុខា ដែល​មាន​តំណែង​ជា​អនុប្រធាន​ផ្នែក​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​បាន​សរសេរ​រិះគន់​លោក​សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជា​ ៣​លើក តាម​ប្រព័ន្ធ Twitter របស់​នាង។ ការ​សរសេរ​នោះ​មាន​ខ្លឹមសារ​ដូច​ជា «បំណង​នេះ​គ្មាន​ភាព​ស្មោះ​ត្រង់​ទេ» នៅ​ពេល​ដែល​លោក​សម រង្ស៊ី ប្រកាស​វិល​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូល​ខ្លួន​ទៅ​ក្នុង​ពន្ធនាគារ ជា​ថ្នូរ​នឹង​ការ​ដោះលែង​មន្ត្រី សកម្មជន​គណបក្ស និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​កំពុង​ជាប់​ទោស​សព្វ​ថ្ងៃ។

ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​អាជ្ញាធរ​ចេញ​សេចក្តី​ប្រកាស​ហាម​ឃាត់​ដំណើរ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី កញ្ញា​កឹម មនោវិទ្យា បាន​សរសេរ​បន្ថែម​លើ​បណ្តាញ​Twitter របស់​នាង​ជា​ភាសាអង់គ្លេស​ថា អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ គឺ​នៅ​ពេល​នេះ លោក​សម រង្ស៊ី អាច​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​និរទេស​ខ្លួន និង​មាន​ហេតុផល​ស្រប​ច្បាប់​ក្នុង​ការ​ស្ថិត​នៅ​បរទេស​បន្ត​ទៀត។ កញ្ញា​បញ្ជាក់​ថា រដ្ឋាភិបាល​ខ្មែរ​នឹង​ហៅ​ស្ថានភាព​នេះ​ថា ​ជា​ការ​ឈ្នះ​ៗ គឺ​សម រង្ស៊ី ក៏​ឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ឈ្នះ។ ទោះ​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​តែង​ប្រាប់​អ្នក​កាសែត​ថា វា​ជា​សិទ្ធិ​របស់​សមាជិក​គ្រប់​ៗ​រូប​ក្នុង​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ