អានតួអត្ថបទ
កម្ពុជា

តុលាការ​បន្ត​សំណុំ​រឿង​លោក​កឹម សុខា ទៅ​ចៅ​ក្រម​ស៊ើប​សួរ

ក្រុម​មេធាវី​លោក​កឹម សុខា បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០១ មិថុនា​នេះ​ថា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជូន​សំណុំ​រឿង​ចម្រូង​ចម្រាស់​លោក កឹម សុខា ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ ដើម្បី​បន្ត​សំណុំ​រឿង​ ដែល​អ្នក​អះអាង​ថា​ជា​រឿង​នយោបាយ។ ទន្ទឹម​នឹង ក្រុម​អ្នក​ច្បាប់​របស់​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​មិន​ចាត់​ការ​លើ​សំណុំ​រឿង​នេះ។

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ Faceboook
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ សំណុំ​រឿង​លោក​កឹម សុខា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​ទៅ​ដល់​ដៃ​ចៅ​ក្រម​ស៊ើប​សួរ​ហើយ បន្ទាប់​ពី​រដ្ឋសភា​ ដែល​មាន​តែ​គណបក្ស​ប្រជាជន​បាន​អនុម័ត​ឱ្យ​បន្ត​នីតិវិធី​លើ​ករណី​រឿង​អាស្រូវ​ស្នហា។ ទន្ទឹម​នឹង​នេះ ក្រុម​អ្នក​ច្បាប់​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា បាន​ស្នើ​ឱ្យ​តុលាការ​មិន​ចាត់​ការ។ ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេធាវី​កាពារ​ក្តី លោក​ហែម សុជាតិ ​បាន​គូស​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ តុលាការ​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ណា​បន្ថែម​នោះ​ទេ​ក្រៅពី​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ។ បើ​តាម​មេធាវី​រូប​នេះ តុលាការ​បាន​ចោទ​លោក​កឹម សុខា ទៅ​តាម​មាត្រា​៥៣៨ ពី​បទ​បដិសេធ​មិន​ចូល​ខ្លួន​ជា​សាក្សី​ក្នុង​សំណុំ​រឿង​សច្ចា​កម្ម​ ដែល​ប្តឹង​ដោយ​កញ្ញា​ ស្រីមុំ​។​ តុលាការ​​មិន​អាច​សុំការ​អត្ថាធិប្បាយ​បន្ថែម​បាន​នៅ​ឡើយ។

 
ចំពោះ​ការ​បញ្ជូន​សំណុំ​រឿង​នេះ ក្រុម​មេធាវី​បក្ស​ប្រឆាំង​បាន​មើល​ឃើញ​ថា ជា​ការ​ចោទ​ដែល​មិន​សម​ហេតុផល​ព្រោះ​ថា​ លោក​កឹម សុខា ដែល​ជា​តំណាង​រាស្ត្រ​មិន​ទាន់​ត្រូវ​បាន​ដក​អភ័យ​ឯក​សិទ្ធ​នៅ​ឡើយ បើ​ទោះ​បី​ជា​បក្ស​កាន់​អំណាច​កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា បាន​បោះឆ្នោត​អនុម័ត​ឱ្យ​បន្ត​ដំណើរ​ការ​តុលាការ។ រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​ ១​ មិថុនា បាន​គូស​បញ្ជាក់​ថា ខ្លួន​មាន​សិទ្ធ​ក្នុង​ការ​បញ្ចេញ​មតិ និង​អនុម័ត​ដោយ​ឯករាជ្យ ព្រោះ​ថា​វា​អ្វី​ដែល​បាន​ចែង​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សភា​ត្រង់​បញ្ញត្តិ​ត្រង់​ប្រការ​៤១​ថ្មី។

សូម​រំលឹក​ថា ករណី​ផ្ទាល់​ខ្លួន​លោក​កឹម សុខា បាន​ក្លាយ​ទៅ​ជា​ជម្លោះ​នយោបាយ​តាន​តឹង​មួយ​កម្រិត​ទៀត​ ដែល​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​លទិ្ធ​ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត។ ជា​ការ​ព្រួយ​បារម្ភ​ព្រោះ​ថា​ចុង​ក្រោយ​នេះ​ គណបក្ស​ប្រឆាំង​បាន​កែន​ស្នាម​មេដៃ​អ្នក​គាំទ្រ​របស់​ខ្លួន​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សុំ​ព្រះ​រាជ​អន្តរាគមន៍​ព្រោះ​តែ​យល់​ថា​បក្ស​ប្រឆាំង​ខ្លួន​រង​ភាព​អយុត្តិធម៌។

បើ​ទោះ​បី​ជា​សហគមន៍​អន្តរជាតិ​ ដែល​រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង ស្នើ​ឱ្យ​ភាគី​ទាំង​ពីរ​ចរចា និង​បញ្ចប់​ដំណើរ​ការ​នីតិវិធី​តុលាការ​លើ​ករណី​លោក កឹម​សុខា ប៉ុន្តែ​ពេល​នេះ​តុលាការ​បាន​បញ្ជូន​សំណុំ​រឿង​បន្ត​ទៅ​ចៅ​ក្រម ស៊ើប​សួរ និង​បន្ត​ស្វែង​រក​ចាប់​ខ្លួន​លោក កឹម​សុខា ទន្ទឹម​នឹង​បក្ស​ប្រឆាំង​ត្រៀម​រៀប​ចំ​មហាបាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ដើម្បី​ការពារ​លោក កឹម សុខា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ