អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​កឹម សុខា អំពាវ​នាវ​ឲ្យ​មេឃុំ​ដែល​ជាប់​ឆ្នោត​សហការ​គ្នា​ធ្វើ​ការ​កុំ​ប្រកាន់​និន្នាការ​នយោបាយ

នៅ​ព្រឹក​នេះ ជា​លើក​ដំបូង​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​មន្ត្រី​ជាន់​ខ្ពស់​ចុះ​ទៅ​អរគុណ​ពលរដ្ឋ​ដែល​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ស្រុក​ស្អាង និង ស្រុក​កោះ​ធំ ខេត្ត​កណ្តាល។ បើ​តាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ សម្រាប់​ស្រុក​ស្អាង បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​តំណែង​មេឃុំ​ចំនួន​១២ ឯ​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ចំនួន។ ចំណែក​នៅ​ស្រុក​កោះ​ធំ​វិញ​គឺ​សង្គ្រោះ​ជាតិ​ឈ្នះ​តំណែង​មេឃុំ​ចំនួន​១០ ខណៈ​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​តែមួយ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ លោក​កឹម សុខា បាន​ថ្លែង​អំពាវនាវ​ឲ្យ​មេឃុំ ដែល​ជាប់​ឆ្នោត​ទាំង​អស់​មិន​ថា​បក្ស​ណា​ឫ​បក្ស​ណា​ទេ​ត្រូវ​សហការ​គ្នា​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ។

លោកកឹម សុខា ​ប្រធាន​​​គណបក្ស​​សង្រ្គោះ​ជាតិ​
លោកកឹម សុខា ​ប្រធាន​​​គណបក្ស​​សង្រ្គោះ​ជាតិ​
ផ្សាយពាណិជ្ជកម្ម

លោក​កឹម សុខា អម​ដំណើរ​ដោយ​អនុប្រធាន​ពីរ​រូប​គឺ​លោក​អេង ឆៃអ៊ាង និង​លោក​ស្រី​មូរ សុខ​ហួរ បាន​ចំណាយ​ពេល​ជាង​៤០​នាទី​ដូច​គ្នា​សម្រាប់​ការ​ថ្លែង​អំណរ​គុណ និង​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះ​ធំ​ក្នុង​ខេត្ត​កណ្តាល។ នៅ​ក្នុង​ស្រុក​កោះ​ធំ លោក​កឹម សុខា បាន​លើក​ឡើង​ថា ការ​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើន​តំណែង​មេឃុំ ចៅ​សង្កាត់​យ៉ាង​ច្រើន​សន្លឹក​សន្ធាប់​នេះ គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ដឹក​នាំ​ប្រទេស​នៅ​ឆ្នាំ​ក្រោយ។

ក្រៅ​ពី​ថ្លែង​អរគុណ​ដល់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត លោក​កឹម សុខា ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ​ក៏​បាន​អំពាវ​នាវ​ឲ្យ​គ្រប់​គណបក្ស​ទាំង​អស់​ដែល​ជាប់​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​នេះ​ត្រូវ​សហការ​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​ណា​មួយ​ឡើយ។ ដោយឡែក សម្រាប់​មេឃុំ ចៅ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ជាប់​ឆ្នោត លោក​កឹម សុខា បាន​បញ្ជាក់​ថា គណបក្ស​នឹង​ហៅ​មេឃុំ ចៅ​សង្កាត់​ទាំង​នោះ​មក​បណ្តុះ​បណ្តាល​បន្ថែម​លើ​បច្ចេកទេស​រដ្ឋបាល ដើម្បី​យក​ទៅ​ដឹក​នាំ​មូលដ្ឋាន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

គួរ​បញ្ជាក់​ថា គណៈកម្មការធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នៅ​ឡើយ​ទេ។ នៅ​ខណៈ​មិន​ទាន់​បង្ហាញ​លទ្ធផល​ជា​ផ្លូវ​ការ​នេះ នៅ​តាម​បណ្តាញ​ហ្វេស​ប៊ុក​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ក្រុម​ខ្លះ​ដែល​ទំនង​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ទៅ​ទារ​លុយ​ចំនួន​៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឃុំ​ពី​មេឃុំ ចៅ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​តែ​គណបក្ស​នេះ​បាន​សន្យា​នៅ​មុន​ការ​បោះ​ឆ្នោត។

ចំពោះ​បញ្ហា​នេះ លោក​កឹម សុខា បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​នឹង​ផ្តល់​លុយ​ទាំង​នេះ​បាន​លុះ​ត្រា​តែ​ខ្លួន​ជា​អ្នក​គ្រប់​គ្រង​ថវិកា​ជាតិ​គឺ​បាន​សេចក្តី​ថា​ជា​អ្នក​ដឹក​នាំ​ប្រទេស។ ប្រមុខ​គណបក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ចំអក​ទៅ​វិញ​ថា ការ​ជំរុញ​បែប​នេះ គឺ​កំពុង​រុញ​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ ព្រោះ​ថា​នៅ​ពេល​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នោះ ថវិកា​ចំនួន​៥០​ម៉ឺន​នឹង​អាច​ទម្លាក់​ទៅ​កាន់​ថ្នាក់​ឃុំ សង្កាត់​នីមួយៗ​បាន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ