អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បើ​ចាប់ខ្លួន​​លោក កឹម សុខា តើខាត​​អ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីម្សិលមិញ សមត្ថកិច្ច​បាន​យក​«ដីកាកោះ​ឲ្យ​ចូលខ្លួន» ​ទៅបិទ​នៅ​មុខផ្ទះ​របស់​លោក កឹម សុខា​។​ នោះ​គឺជា​លិខិត​បង្គាប់​ឲ្យ​លោកចូល​សវនាការ នៅ​ថ្ងៃ​ទី​៩ខែកញ្ញា​ខាង​មុខ។ ​ដីកានេះ គឺធ្វើឡើង​ក្រោយ​ពី​លោក មិន​បាន​ចូលខ្លួន​ទៅបំភ្លឺ​​​តុលាការ​ ​ចំនួន​៣លើក​រួចមកហើយ​។ ការ​មិន​ចូល​ខ្លួន​នេះ ត្រូវ​អ្នក​ច្បាប់​របស់​រដ្ឋ​អំណាច ចាត់ទុក​ថា ជា​បទល្មើស​ជាក់​ស្តែង។ បើ​ទោះបី​ជា​អភ័យ​ឯកសិទ្ធសភា ក៏​ការពារ​​មិន​កើត​ដែរ​។ ដូច្នេះ​ ប្រសិន​បើ​តុលាការ​​សម្រេច​ផ្តន្ទាទោស ដែល​អាច​ឈាន​ដល់​ការ​ចាប់​ខ្លួនលោក កឹម សុខា ដាក់​ពន្ធនាគារមែន​​​នោះ​​ តើនឹង​​មាន​ការ​ខាត​បង់​អ្វីខ្លះ?

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ដីកាកោះ​បង្គាប់​ឲ្យ​ចូល​ខ្លួន​នេះ​ គឺធ្វើ​ឡើង​​បន្ទាប់ពី​ព្រះអាជ្ញា​ចោទ​ប្រកាន់​លោក កឹម សុខា​ ពី«បទបដិសេធ​ក្នុង​ការ​ចូលខ្លួន» ​ជាបទល្មើស​ មានចែង​ក្នុង​មាត្រា​៥៣៨នៃក្រម​ព្រហ្មទណ្ឌ ដែល​ប្រធាន​ស្តីទីបក្សប្រឆាំង​អាចប្រឈម​មុន​​នឹង​ការ​​ជាប់ពន្ធនាគារ​ពី​១ខែទៅ​៦ខែ ហើយ​ពិន័យ​ជាប្រាក់​ពី​១០ម៉ឺន​ ទៅ​២លាន​រៀល​។

គួររម្លឹកជូន​ថា ប្រធានស្តីទីគណបក្សប្រឆាំង បានបដិសេធក្នុងចូលខ្លួន តាមដីកា​កោះហៅ​របស់សាលាដំបូងក្រុងភ្នំពេញ ទាក់ទិននឹងការចោទប្រកាន់ ពីរឿងអាស្រូវផ្លូវភេទ និង​សំណុំ​រឿង​បរិហារកេរ្តិ៍​ ប្តឹង​ដោយ​នាងស្រីមុំ ឬខុម ចាន់ដារ៉ាទី និង​នាង​ ធី សុវណ្ណថា។​ ហើយលោក កឹម សុខា ក៏បាន​សម្រេច​ចិត្តសម្ងំឃុំខ្លួនឯង​នៅក្នុងទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់តាំងពីថ្ងៃទី២៦ខែឧសភារហូតមក។

ដូច្នេះ​ ប្រសិន​បើ​សាលាជម្រះក្តី ​​សម្រេច​​ចាប់​ខ្លួនលោក កឹម សុខា ឲ្យអនុវត្តទោស​​ក្នុង​​ពន្ធនាគារមែន​​​នោះ​​ គឺ​នឹង​​មាន​ការ​ខាត​បង់ច្រើន​ដល់គណ​​បក្សសង្គ្រោះជាតិ ហើយ​បក្ស​កាន់​អំណាច​ ក៏​មិន​ទំនង​ជា​ចំណេញ​ទាំង​ស្រុង​នោះដែរ។

​ចំពោះ​បក្ស​ប្រឆាំង ការ​ខាត​បង់ គឺត្រង់​ថា​ នឹង​គ្មាន​មេដឹក​នាំក្បាល​ម៉ាស៊ីន ខណៈ​ដែល​ប្រធាន​​ធំ​កំពុង​រត់​និរទេស​ខ្លួន​នៅ​បរទេស​នៅឡើយ​​។ ទោះ​ចង់​មិន​ចង់ គណបក្សមួយ​នេះ ច្បាស់​ជានឹង​​ចុះ​​ខ្សោយ ទន់​ដៃ​ទន់​ជើង ជា​មិន​ខាន​​។

ទន្ទឹម​នឹង​នេះ បើ​អស់​ពី​លោក កឹម សុខា ​ប្រធានបក្ស​​ស្តីទីដែល​នៅ​ក្នុង​ស្រុក សេណារីយ៉ូ ដែលអាច​​មើល​ឃើញ​ជាយថាហេតុនោះ គឺ​នឹង​បង្ក​ឲ្យ​មាន​ការ​ចលាចល​ផ្ទៃ​ក្នុងបក្ស​​ ទាក់​ទិន​នឹង​ការ​​បាត់​មេ​ដឹក​នាំបក្ស​ ហើយ​និង​​ត្រូវ​​តែងតាំង​អ្នក​ដឹកនាំ​ថ្មី​ជំនួស។ ហើយបើ​មេបក្ស​ប្រឆាំង​មិន​សម្រេច​ចិត្ត​ចូល​ស្រុកវិញ ដើម្បី​ដឹកនាំបក្ស​ទេ ថា​មិន​បាន​ អាច​នឹង​មាន​ការ​ចម្រូង​ចម្រាស់​គ្នា​ក្នុង​បក្ស​ផង​មើលទៅ​។​ ហើយទោះ​​បី​ចូល​ស្រុក​វិញ ក៏​មិន​ប្រាកដ​ថា​អាច​ដឹកនាំ​បក្ស​បាន​ទៅទៀត ព្រោះ​លោក សម រង្ស៊ី ក៏​កំពុង​ជាប់ជំពាក់​ដីកា​ផ្លូវ​ច្បាប់​វ័ណ្ឌក​ដែរ។​

ចំណែក​ឯ​ដំណើរ​ការ​ចរចានិង​ការ​ដោះស្រាយ​ស្ថានការនយោបាយ​វិញ ពុំ​មែន​ស៊ីពេល​តិច​នោះទេ ពោល​គឺ​អាច​បន្ត​អូសបន្លាយ​ទៅដល់​ពេល​បោះឆ្នោតឃុំសង្កាត់ ឬក៏​ដល់​ការ​បោះឆ្នោត​​ជាតិ​តែម្តង​​ ដែល​បណ្តាល​​ឲ្យ​បក្ស​ប្រឆាំង​ គ្មាន​ពេលវេលា​និង​លទ្ធភាព​សម្រាប់​រៀប​ចំ​ការ​ឃោសនា​បោះឆ្នោត​ផង​ ក៏អាច​ថា​បាន។

ក៏ប៉ុន្តែ​នៅក្នុង​ស្ថានភាព​លំបាក​នៅ​ពេល​ដូច្នោះ​ គណបក្ស​សង្គ្រោះជាតិ ក៏​អាច​នឹង​មាន​ឱកាស​​ល្អ​ដែរ គឺ​ដូចជា​​អ្វី​ដែល​មេបក្ស​ប្រឆាំង​ បាន​​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៧ សីហា នៅ​ក្រុង​ប៉ារីស​ថា​ ការ​ធ្វើ​បាប​និង​ធ្វើ​អាក្រក់​ទៅ​លើ​បក្ស​សង្គ្រោះ​ជាតិ គឺ​អត់​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​បែក​ទេ តែ​ផ្ទុយ​ទៅ​វិញ គឺ​ផល​ល្អ។ ល្អ​ព្រោះ​ថា​ ស្ថានការ​ដូច្នេះ​ មាន​ផលល្អ​សម្រាប់​ប្រយោជន៍​នយោបាយ​វែង​ឆ្ងាយ។ ដ្បិតថា​ប្រជាពលរដ្ឋ​ខ្មែរ អាច​បាន​ឃើញ​ការ​ធ្វើ​បាប​និង​ការ​ធ្វើ​អាក្រក់​ទាំង​អស់​នោះ ព្រម​ទាំង​បាន​ដឹងថែម​កាន់​តែ​ច្បាស់ ហើយ​នៅ​ទី​បំផុត ពួក​គេ​នឹង​សម្រេច​ផ្តល់​យុត្តិធម៌​ជូន​បក្ស​សង្គ្រោះ​ជាតិ។

នេះ​​គឺ​មិន​ខុស​អី​ពី​ការ​ចូល​ស៊ង​យុទ្ធសាស្ត្រ​របស់​មេបក្ស​ប្រឆាំង ​និង​ក៏​ដូច​អ្វី​ដែល​បក្ស​មួយ​នេះ ធ្លាប់​ប្រកាន់​រួច​មក​ហើយ ការ​ដើរ​តួ​ជាជន​រងគ្រោះ​ ឲ្យ​ពលរដ្ឋ​អាណិត​អាសូរ​ នៅ​ផ្នែក​ម្ខាង និង​នៅ​ម្ខាង​ទៀត គឺ​ដើម្បី​ឆ្លុះ​បញ្ចាំង​ថា​រដ្ឋ​អំណាច​ គឺ​ជា​តួអង្គ​ចិត្ត​អាក្រក់។

ជាមួយ​គ្នា​នេះ ប្រសិន​បើ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​ចាប់​ខ្លួននិង​ឃុំ​ខ្លួន​នៅ​ពេល​ដ៏ខ្លីខាងមុខ ពិត​មែន​នោះ! បក្ស​កាន់​អំណាចនិង​រដ្ឋាភិបាល​ ក៏​មិនប្រាកដ​ថា​នឹងបាន​ទទួល​ផល​ចំណេញ​ទាំង​ស្រុង​នោះដែរ។ ដ្បិត​ថា បើ​ទោះបី​ជា​ការ​សម្រេច​ចាប់ខ្លួន​នោះ គឺជា​ការ​អនុវត្ត​ច្បាប់របស់​តុលាការ​​ ឲ្យ​ស្រប​តាមការ​អះអាង​របស់​​បក្ស​កាន់​អំណាច​ដែល​​ថា​នីតិរដ្ឋ​នោះក៏ដោយ​ចុះ! ក៏​ប៉ុន្តែ​​ការបង្ខំ​​ធ្វើឲ្យ​មេបក្ស​ប្រឆាំងសម្រេច​ចិត្ត​​និរទេស​ខ្លួន​ និង​បើ​ថែមទាំង​​ចាប់ប្រធាន​ស្តីទី​បក្ស​ប្រឆាំង​ដ៏ធំ​តែ​មួយ​គត់​មាន​កៅអី​នៅរដ្ឋសភា ដាក់​ពន្ធនាគារ​ទៀត​នោះ ច្បាស់​ជា​ពុំមាន​លទ្ធផល​ល្អ សម្រាប់​ដំណើរ​ការ​សិទ្ធិមនុស្ស និង​សេរីភាព​នយោបាយ​ប្រជាធិបតេយ្យនោះឡើយ​​។​

អង្គការ សហគមជាតិ​និង​អន្តរជាតិ​ដែល​ធ្វើការ​ខាងសិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ ច្បាស់​ជា​នឹង​បន្ត​ថ្កោលទោស ចំពោះ​ការ​ចាប់​ខ្លួន​នោះ​ជា​មិន​ខាន។ ហើយ​ថា​មិនត្រូវ​ ប្រហែល​អាច​នឹងមាន​ផ្ទុះ​​ការ​តវ៉ា​ទាមទារ​ណា​មួយ​ជា​យថាហេតុ ពី​សំណាក់​ប្រជាជន​ឬអ្នក​គាំ​ទ្របក្ស​​សង្គ្រោះ​ជាតិ ទៀត​ផង​។

ទន្ទឹម​នឹង​នេះ ពលរដ្ឋ​មួយ​ចំនួន អាច​នឹង​ទាមទារ​ឲ្យ​មាន​អនុវត្ត​ស្មើ​ភាព​គ្នា​ចំពោះមុខ​ច្បាប់​ ជុំវិញ​ករណី​រឿង​អាស្រូវ​ស្នេហា​ផ្លូវ​ភេទ​របស់​​អ្នកនយោបាយ​ និង​មន្ត្រីជាន់​ខ្ពស់​នានា នាពេល​កន្លង​មក​។ រឿង​អាស្រូវ​ស្នេហា​នេះហើយ​​ ដែល​ជា​ដើម​ចម​ឈាន​ដល់​រឿង​ក្តីកាំទៅលើ​លោក កឹម សុខា​។ ដូច្នេះ​ បើ​មិន​ការ​សើរើ​សំណុំ​រឿង​អាស្រូវទាំង​នេះ​​ និងគ្មាន​​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដោយស្មើភាព​គ្នា​នោះទេ ពលរដ្ឋ​ពិត​ជានឹងពិនិត្យ​ឃើញពី​ចំណុច​លម្អៀង​របស់​ជញ្ជីង​យុត្តិធម៌​ជាក់ជា​​មិន​ខាន​។

ជារួម​ការ​ ចាប់​ខ្លួន​លោក កឹម សុខា ច្បាស់ជា​ធ្វើ​ឲ្យ​បក្ស​​ប្រឆាំងខាត​បាត់​បង់​ជំហរ​ ហើយ​ក៏ទំនង​ជា​មិន​​ចំណេញដល់​បក្សកាន់​អំណាច​​ច្រើននោះដែរ​។ បើ​ស្ថាន​ភាព​បែបនោះ​កើត​ឡើង​ពិត​មែន​ គឺ​ត្រូវគេ​វាយ​តម្លៃ​ថា សភាពការ​នយោបាយ​ស្រុក​ខ្មែរ​ធ្លាក់​ដុន​ដាប​មែនទែន​។​ ហើយ​ចំណែក​ឯ​ការ​បំបាក់​ស្មារតី​គូ​ប្រជែង​ និង​ការ​ធ្វើ​ឲ្យ​គូប្រកួត​ គ្មាន​​មាន​លទ្ធភាព​ឡើង​លើ​សង្វៀននយោបាយ​ ហើយ​បើខ្លួន​​ឈ្នះ​ការប្រកួតតែម្នាក់​ឯង​ ក៏​មិន​សូវ​ល្អ មើល​ប៉ុន្មាន​ដែរ។

យ៉ាង​ណាក៏ដោយចុះ ចំពោះ​អ្នក​សង្កេតការណ៍​មួយ​ចំនួន យល់ឃើញថា បើពិត​​មាន​ការ​ចាប់ខ្លួន​លោក កឹម សុខា​ មែននោះ គឺ​ទំនង​ជា​គ្មាន​ការ​​ចំណេញ​ចំពោះ​សភាព​ការ​ស្រុក​ទេសនោះទេ តែផ្ទុយ​ទៅវិញ គឺមានតែផល​ចំណេញ​សម្រាប់​តែ​បុគ្គល​អ្នក​នយោបាយ​ដែល​ចង់​ផ្តួល​គូ​ប្រជែង និងចំណេញ​សម្រាប់​អ្នក​នយោបាយ​ឱកាស​និយម​តែប៉ុណ្ណោះ​។

ចំណែក​ឯ​ការ​ចំណេញមួយ​​ផ្សេងទៀត ដែល​គេ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​នោះគឺ ការ​ផ្តល់​ឱកាស​សម្រាប់​ឲ្យ​គណបក្ស​តូចៗ​​ដទៃ​ទៀត ​ត្រៀមសម្រិត​សម្រាំង​ខ្លួន ដើម្បី​ទទួល​ងារ​ជា​បក្សប្រឆាំង​វិញ​ម្តង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ