អានតួអត្ថបទ
កម្ពុជា-នយោបាយ

​សំណុំ​រឿង​លោក កឹម សុខា​៖ ដំណើរ​ការ​នៅ​ទ្រឹង ខណៈ​មេធាវី​បន្ត​អង្គុយ​រង់​ចាំ​ដំណឹង​ពី​តុលាការ​

តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​មិន​មាន​ចំណាត់​ការ​ថ្មី​ណា​មួយ​ទៅ​លើ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខាទេ គិត​មក​ដល់​ពេល​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​មេធាវី​លោក​កឹម សុខា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ យ៉ាង​ណា​ក៏​ដោយ ក្រុម​មេធាវី​លោក​កឹម សុខា ក៏​មិន​ទាន់​មាន​គម្រោង​អ្វី​មួយ​ដែរ ទៅ​កាន់​តុលាការ ចំពោះ​បញ្ហា​នេះ គឺ​ត្រឹម​តែ​រង់​ចាំ​ដំណឹង​ពី​ខាង​តុលាការ​តែ​ប៉ុណ្ណោះ​។ 

លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា
លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា @Chan Chen's Facebook
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​បញ្ចប់​ការ​សាក​សួរ​លើ​សាក្សី​បន្ថែម​កាល​អំឡុង​ចុង​ខែ​មករា​មក គិត​មក​ដល់​ពេល​នេះ តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​មិន​មាន​ចំណាត់​ការ​អ្វី​ថ្មី​លើ​ដំណើរ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​លោក​កឹម សុខា​នៅ​ឡើយ​ទេ​។ នេះ គឺ​ជា​ការ​កត់​សម្គាល់​របស់​លោក​ចាន់​ ចេន សហ​មេធាវី​ម្នាក់​របស់​លោក​កឹម សុខា។ តែ​ទោះ​ជា​បែប​នេះ​ក្តី លោក​មេធាវី​ចាន់ ចេន បាន​អះអាង​ថា នៅ​ពេល​នេះ ក្រុម​មេធាវី​ក៏​មិន​ទាន់​មាន​គម្រោង​ថា ដាក់​សំណើរ ឬ​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ណា​មួយ​ចំពោះ​បញ្ហា​នៅ​ទ្រឹង​ដំណើរ​ការ​សំណុំ​រឿង​លោក​កឹម សុខា​នេះ​នោះ​ឡើយ ពោល​គឺ​ក្រុម​មេធាវី​នៅ​បន្ត​រង់​ចាំ​ដំណឹង​ពី​ខាង​តុលាការ​មក​វិញ​។

ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក គី ឫទ្ធី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​នោះ​ទេ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​។ ប៉ុន្តែ​កន្លង​មក លោក​ចៅ​ក្រម​ស៊ើប​សួរ​ធ្លាប់​បាន​បដិសេធ​សំណើ​សុំ​ទម្លាក់​បទ​ចោទ​មក​លើ​លោក កឹម សុខា ដែល​ស្នើ​ដោយ​ក្រុម​មេធាវី​ចំនួន​៤ដង​រួច​ហើយ​។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា លោក​ជិន ម៉ាលីន ធ្លាប់​បាន​បញ្ជាក់​ថា ការ​ចង់​ស្នើ​សុំ​ពី​បញ្ហា​អ្វី​មួយ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា គឺ​ជា​សិទ្ធិ​របស់​មេធាវី។ ប៉ុន្តែ​រាល់​ការ​សម្រេច គឺ​ជា​ឆន្ទា​នុ​សិទ្ធិ​របស់​ចៅ​ក្រម​ស៊ើប​សួរ​។ បើ​តាម​លោក​ជិន ម៉ាលីន ចៅ​ក្រម​ស៊ើប​សួរ​អាច​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​នេះ ទើប​នៅ​តែ​បន្ត​ដំណើរ​ការ​ស៊ើប​អង្កេត​។

គិត​មក​ដល់​ពេល​នេះ គឺ​ជិត​២​ឆ្នាំ​ហើយ ដែល​លោក កឹម សុខា បាន​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។ លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​ឃុបឃិត​ជាមួយ​ បរ​ទេស ​​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​។ តុលាការ​បាន​ឃុំ​ខ្លួន​លោក កឹម សុខា ជាង​មួយ​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ តែ​ក្រោយ​មក​បាន​សម្រេច​ប្តូរ​រូប​លោក​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ក្នុង​រាជ​ធានី​ភ្នំពេញ​វិញ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​សំណាក់​តុលាការ​។

បើ​តាម​មេធាវី​របស់​លោក កឹម សុខា បើ​ទោះ​បី​លោក​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ ត្រូវ​ឃុំ​នៅ​ក្នុង​ផ្ទះ​ក៏​ដោយ ប៉ុន្តែ​លោក​កំពុង​មាន​បញ្ហា​សុខភាព គឺ​ពាក់​ព័ន្ធ​នឹង​ជំងឺ​ចាស់​គៀប​សរសៃ​ស្មា ដែល​បង្ក​ការ ឈឺ​ចាប់​ដល់​លោក កឹម សុខា។ សម្រាប់​មេធាវី ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា យូរ​បែប​នេះ វា​ប៉ះពាល់​ទាំង​នីតិ​វិធី​ច្បាប់ និង​សិទ្ធិ​របស់​លោក កឹម សុខា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ