អានតួអត្ថបទ
កម្ពុជា

អង្គការ​សង្គម​ស៊ីវិល ៨ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង

កាល​ពី​ថ្ងៃ​ពុធ (ម្សិលមិញ) អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចំនួន ៨ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ និង​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង ដើម្បី​បំពេញ​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ។ តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ថា នេះ​គ្រាន់​តែ​ជា​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​តូច​នៅ​កម្ពុជា ដែល​មាន​អារម្មណ៍​មនោសញ្ចេតនា លម្អៀង​ទៅ​រក​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។​

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា នៅក្នុងសន្និសីទកាសែត ថ្ងៃទី២៦ មិនា២០១៤
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា នៅក្នុងសន្និសីទកាសែត ថ្ងៃទី២៦ មិនា២០១៤ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អង្គការ​សង្គម​ស៊ីវិល​ទាំង ៨ រួមមាន សមាគម​អាដហុក អង្គការ GADC អង្គការ​និកហ្វិច អង្គការ​ខុមហ្វ្រែល សភា​យុវជន​ខ្មែរ ក្រុម​ការងារ​សិទ្ធិ​លំនៅដ្ឋាន អង្គការ CISA និង​អង្គការ ANSA បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ កាល​ពី​ថ្ងៃ​ម្សិលមិញ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ដើម្បី​អោយ​ពួកគេ​អាច​ចូលរួម​ដឹកនាំ​ការ​ប្រកួត​ប្រជែង​នយោបាយ និង​បំពេញ​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ពេញលេញ​នៅ​ពេល​ខាង​មុខ។

លោក សម គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ និកហ្វិច បាន​ថ្លែង​ថា ការ​អនុវត្ត​សាល​ក្រម​ទៅ​លើ មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ គឺ​រឿង​នយោបាយ ដែល​តុលាការ​មិន​ងាយ​ដោះស្រាយ​បាន​ឡើយ ទើប​ទាមទារ​អោយ​មាន​ការ​ចរចា​នយោបាយ​ ដើម្បី​បញ្ចប់​រឿង។ លោក​បន្ថែម​ថា អវត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង ​ក្នុង​ការ​ឃោសនា​នយោបាយ​ នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​គុណភាព​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌។ សង្គម​ស៊ីវិល នឹង​នៅ​តែ​បន្ត អំពាវនាវ​ស្នើ​សុំ អោយ​រដ្ឋាភិបាល​ពិចារ​ណា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង ដើម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង​វិញ​នូវ ដំណើការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ដំណើរ​ការ​សន្ទនា​នយោបាយ​នៅ​កម្ពុជា

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បដិសេធ​ភ្លាម​ៗ​ថា បញ្ហា​លោក សម រង្ស៊ី និង​លោក កឹម សុខា គឺ​ជា​រឿង​ផ្លូវ​ច្បាប់ ដែល​កើត​ចេញ​ពី​អំពើ​ល្មើស​ច្បាប់ របស់​អ្នក​នយោបាយ​បក្ស​សង្រ្គោះ​ជាតិ និង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ស្រប​តាម​នីតិរដ្ឋ​។ លោក​បាន​ចាត់​ទុក​ថា ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​តូច គឺជា​អារម្មណ៍​មនោសញ្ចេតនា លម្អៀង​ទៅ​រក​បក្ស​ប្រឆាំង ដែល​មិន​ត្រឹម​ត្រូវ​តាម​ទិដ្ឋភាព​ជាក់​ស្តែង​នៅ​កម្ពុជា​ទេ។

គួរ​ជម្រាប​ថា សេចក្តី​ថ្លែងការណ៍ របស់​សមាជិក​សម័្ពន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត នៅ​កម្ពុជា កាល​ពី​ថ្ងៃទី​១៤ កញ្ញា បាន​ចេញ​ផ្សាយ ស្រប​ពេល​នឹង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​របស់​ប្រទេស ៣៦ ស្តី​ពី​កង្វល់​លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ គឺអំឡុង​សម័យ​ប្រជុំ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ លើក​ទី​ ៣៣ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ប្រទេស​ចំនួន ៣៦ រួម​មាន ប្រទេស​អាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស ប្រទេស​ចំនួន ២៨ ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា ចំពោះ​ការ​កើន​ឡើង​ភាព​តាន​តឹង​នយោបាយ នៅ​កម្ពុជា នា​ពេល​នេះ ដែល​គំរាម​កំហែង​ដល់​សកម្មភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស។ រដ្ឋ​ទាំង ៣៦ នោះ មាន​កង្វល់​ជា​ពិសេស​ទៅ​លើ​ការ​ប្តឹង​ទៅ​តុលាការ ដោយ​មិន​ទំនង ប្រឆាំង​នឹង​អ្នក​រិះគន់​រដ្ឋាភិបាល។ សេចក្តី​ថ្លែងការណ៍​ជា​សកល​នោះ បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា ខិតខំ​ជា​អតិបរិមា ដើម្បី​បង្កើត​បរិយាកាស​នយោបាយ​មួយ ដែល​ក្នុង​នោះ គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល អាច​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ