អានតួអត្ថបទ
កម្ពុជា-នយោបាយ

កឹម សុខា អះអាង​ថា​បក្ស​ប្រឆាំង​មិន​បាន​ត្រៀម​ធ្វើ​អំពើ​ហិង្សា​នៅ​មុន​ឬ​ក្រោយ​បោះ​ឆ្នោត​ឡើយ

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា បក្ស​របស់​ខ្លួន​គ្មាន​គម្រោង​ធ្វើ​អំពើ​ហិង្សា​ឡើយ​ បើ​ទោះ​បី​ជា​នៅ​មុន ឬ​ក្រោយ​បោះឆ្នោត។ បើ​តាម​លោក កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​មួល​បង្កាច់​ និង​លាប​ពណ៌ ថា​បាន​បង្ក​អំពើ​ហិង្សា​។

លោក កឹម សុខា ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក កឹម សុខា ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ។
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ​បាន​កោះ​ប្រជុំ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទូ​ទាំង​រាជធានី ខេត្ត​ កាល​ពី​ព្រឹក​មិញ​នៅ​ស្នាក់​ការ​គណបក្ស​ នៅ​ចាក់​អង្រែ​ ក្រុង​ភ្នំពេញ។ ការ​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ខណៈ​ពេល​គណបក្ស​នេះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្រកាស​ស៊ើប​អង្កេត​ទៅ​លើ​ប្រភព​ថវិកា។ ហើយ​ក៏​ចំ​ពេល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទ​ស្ថានីយ៍​វិទ្យុ​មួយ​ចំនួន និង​អង្គការ NDI ផង​ដែរ។

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​៣០ សីហា នេះ លោក កឹម សុខា ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​គិត មិន​បាន​ត្រៀម និង​មិន​ធ្វើ​សកម្មភាព​ណា​ដែល​ជា​អំពើ​ហិង្សា​ នៅ​មុន ឬ​ក្រោយ​បោះ​ឆ្នោត​ដូច​ការ​មួល​បង្កាច់​នោះ​ឡើយ។

លោក កឹម សុខា ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា​បច្ចុប្បន្ន​កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ យល់​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់ ដល់​ដំណើរ​ការ ភាព​សេរី​ ភាព​ត្រឹម​ត្រូវ និង​យុត្តិធម៌ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ ក្រៅ​ពី​នេះ លោក​ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ រក្សា​សកម្មភាព​បក្ស​របស់​ខ្លួន​តាម​គោលការណ៍​គណបក្ស​ដែល​បាន​កំណត់​ដើម្បី​ឈាន​ទៅ​ដល់​ការ​ឆ្ពោះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។ ​

សូម​បញ្ជាក់​ថា កាល​ជួប​ប្រជុំ​របស់​លោក​ កឹម​ សុខា ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ពេល រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​រឹត​បណ្ដឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​ជាមួយ​គណបក្ស​គណបក្ស​ប្រឆាំង។ ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​(NDI) និង​បិទ​ស្ថានីយ៍​វិទ្យុ​ដែល​លក់​ម៉ោង​ផ្សាយ​ឱ្យ​វិទ្យុ​អាស៊ី​សេរី សម្លេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ។ ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​អ្នក​វិភាគ​មួយ​រូប​ចាត់​ទុក​ថា គឺ​ជា​ចំណាត់​ការ​ដើម្បី​បោស​សំអាត​ឧបសគ្គ​រាំង​ផ្លូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឆ្ពោះ​ទៅ​រក​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ