អានតួអត្ថបទ
កម្ពុជា

យុវជន​ខ្មែរ​កម្ពុជា​ក្រោម ដាក់​ញ្ញត្តិ​ជា​ថ្មី​សុំ​ដំណោះ​ស្រាយ​ពី​នាយករដ្ឋមន្ត្រី និង​បក្ស​ប្រឆាំង

តំណាង​យុវជន​​ខ្មែរ​​កម្ពុជា​​ក្រោម​​ ចំនួន​៤នាក់​ នៅ​ព្រឹក​​ថ្ងៃ​ពុធ​ ទី​០៣​​មិថុនា​​នេះ​ បាន​​នាំ​គ្នា​​យក​​ញ្ញត្តិ​ ស្តី​ពី​បញ្ហា​​របស់​​ខ្មែរ​​កម្ពុជា​​ក្រោម​ ទៅ​​ដាក់​​នៅ​​ស្នាក់​​ការ​​គណបក្ស​សង្គ្រោះជាតិ​ និង​​ទី​ស្តី​​ការ​​គណៈ​រដ្ឋមន្ត្រី។ ជា​ការ​​ដាក់​ញ្ញត្តិ​​ ដើម្បី​​ស្នើសុំ​​ឲ្យ​​រដ្ឋាភិបាល និង​​គណបក្ស​ប្រឆាំង​ ជួយ​​អន្តរាគម​​លើ​​បញ្ហា​​ដែល​​ពលរដ្ឋ​ខ្មែរ​កម្ពុជា​​ក្រោម​ កំពុង​​តែ​​ជួប​​ប្រទះ​ ទាំង​​នៅ​​ក្នុង​​ទឹក​​ដី​​ខ្មែរ​​កម្ពុជា​​ក្រោម​ និង​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​។

កូនសិស្សខ្មែរ​រស់នៅ​លើទឹកដី​កម្ពុជាក្រោម
កូនសិស្សខ្មែរ​រស់នៅ​លើទឹកដី​កម្ពុជាក្រោម ©ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

តំណាង​យុវជន មក​ពី​បណ្តាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃទី ០៣​មិថុនា បាន​នាំគ្នា​យក​ញ្ញត្តិ និង​របាយការណ៍​កម្រាស់ ២០ទំព័រ ទៅដាក់​នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ បំណង​ឲ្យ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ ពិនិត្យ និង​មាន​អន្តរាគម។ និង​ទៅដាក់​នៅ​ទីស្តី​ការគណៈរដ្ឋមន្ត្រី ដើម្បី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ផ្តល់​ដំណោះ​ស្រាយ​សមស្រប​មួយ ដល់​ពលរដ្ឋខ្មែរ​កម្ពុជា​ក្រោម។​

លោក​សឺន ជុំជួន នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ បាន​ប្រាប់វិទ្យុបារាំងថា នេះ​មិន​​មែន​​ជា​លើក​ទី​១ដែរ ដែល​​ក្រុម​​យុវជន​​ខ្មែរ​កម្ពុជា​ក្រោម​​ បាន​​ដាក់​​ញ្ញត្តិ​​សុំ​​អន្តរាគមន៍​ពី​​បញ្ហា​​ខ្មែរ​កម្ពុជា​ក្រោម​នេះ។​ ប៉ុន្តែ​​ពួក​គេ​ មិន​​ដែល​​ទទួល​​បាន​​ដំណោះ​​ស្រាយ​​សមរម្យ​​ណា​​មួយ​​នៅ​​ឡើយ​ទេ​ ពី​ថ្នាក់​ដឹក​នាំ​​។

តាម​តំណាង​​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​​រូប​​នេះ​ ការ​​ដាក់​​ញ្ញត្តិ​​ទៅ​​គណបក្ស​​កាន់​​អំណាច​ និង​​បក្ស​ប្រឆាំង​នៅ​​ពេល​​នេះ​ គឺ​ដោយ​​សារ​​បក្ស​​ទាំង​ពីរ​ បាន​​បង្កើត​​វប្បធម៌​​សន្ទនា​​នឹង​​គ្នា​។ ដូច្នេះ​​យុវជន​​ខ្មែរ​​កម្ពុជា​​ក្រោម​ សង្ឃឹម​​ថា វប្បធម៌នេះ នឹង​​អាច​ធ្វើ​ឲ្យ​​ប្រមុខ​​ដឹក​​នាំ​​ទាំង​​ពីរ​ បង្កើត​​ការ​​ពិភាក្សា​​រួម​គ្នា​ ពី​​បញ្ហា​​របស់​​ពលរដ្ឋ​​ខ្មែរ​​កម្ពុជា​​ក្រោម​​ដែរ​។

បញ្ហា​​របស់​​ខ្មែរ​​កម្ពុជា​​ក្រោម​​ ដែល​​បើ​តាម​​លោក​សឺន​ ជុំជួន​ គឺ​រួម​​មាន​ការ​​រំលោភ​​សិទ្ធិ​​មនុស្ស​ របស់​អាជ្ញាធរ​​វៀតណាម សិទ្ធិ​​ទទួល​​បាន​​ព័ត៌មាន​ ការ​​គំរាម​កំហែង​​ចំពោះ​​សាសនា​ វប្បធម៌​ ប្រពៃណី​ និង​​ការ​​អប់រំ​ ដល់​​ប្រជាពលរដ្ឋ​ ដែល​​រស់​នៅ​​ក្នុង​​ទឹក​ដី​​ខ្មែរ​​កម្ពុជា​​ក្រោម។​ សម្រាប់​​ពលរដ្ឋ​​ខ្មែរ​​ក្រោម​ ដែល​​មក​​រស់​នៅ​ទឹក​ដី​​កម្ពុជា​​វិញ​ គឺ​​ពួក​​គេ​​ជួប​​ការ​​លំបាក​ ក្នុ​​ង​ការ​​តាំង​ទី​​លំនៅ​ ដែល​​រដ្ឋាភិបាល​ នៅ​មិន​ទាន់​មាន​​ដំណោះស្រាយ​​នៅ​​ឡើយ​​ទេ។

ការ​ដាក់​ញ្ញត្តិ​របស់​យុវជន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ពេល​នេះ ក៏​ស្រប​ពេល​ដែល​នៅ​ថ្ងៃទី ០៤​មិថុនា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ១៩៤៩​អង្គ និង​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ជាតិ​ ថ្ងៃបាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ផងដែរ។ ក្រុម​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ចង់ឲ្យ​ប្រមុខ​ដឹក​នាំ​ប្រទេស មាន​ការ​យល់​ដឹង​បន្ថែម​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​តែង​តែ​ចង់រក្សា​ទឹកដី មិន​ឲ្យ​បាត់បង់​បន្ត ​និង​មិន​ចង់ឲ្យ​មាន​ការ​គាប​សង្កត់​ពី​បរទេស ខណៈពួកគេ ក៏​ជា​ជនជាតិ​ខ្មែរដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ