អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កាំង ហ្កេកអ៊ាវ ហៅឌុច មិនមែន​ជា​បិសាច​តែ​ក៏​មិន​មែន​ជា​មនុស្ស​ធម្មតា​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តុលាការ​ខ្មែរ​ក្រហម បាន​បើក​ការ​សាកសួរ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​មេគុក​ទួល​ស្លែង​ ដើម្បី​ប្រឆាំង​នឹង​ នួន ជា និង​ ខៀវ សំផន ក្នុង​សំណុំ​រឿង​០០២/២។ ឌុច បាន​ត្រូវ តុលាការ​កំពូល នៃ​អ.វ.ត.ក.កាត់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​កាល​ពី​ឆ្នាំ​២០១២។​ ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ឌុច ក្នុង​នាម​ជា​សាក្សី បាន​និយាយ​ច្រើន​ពី​តួនាទី​របស់​ខ្លួន​ ហើយ​បាន​ឆ្លើយ​ដាក់​បន្ទុក​ទៅ​លើ​ នួន ជា អតីត​មេកើយ​របស់​ខ្លួន។ ឆ្លៀត​ក្នុង​ឱកាស​នេះ វិទ្យុ​បារាំង​សូម​រម្លឹក​ឡើង​វិញ​ពី​បុគ្គលិក​លក្ខណៈ​របស់​ ឌុច។ តើ ​ឌុច មាន​បុគ្គលិក​លក្ខណៈ​បែប​ណា? តើ​គាត់​ជា​បិសាច ឬ​ជាមនុស្ស​ធម្មតា?

លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​មេគុក​ទួល​ស្លែង ​
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​មេគុក​ទួល​ស្លែង ​
ផ្សាយពាណិជ្ជកម្ម

កាំង ហ្កេកអ៊ាវ ហៅ ឌុច ជា​គ្រូ​បង្រៀន​ ជា​បញ្ញាវន្ត រៀនសូត្រ​ជ្រៅ​ជ្រះ ប៉ុន្តែ​បុគ្គលិក​លក្ខណៈ​របស់​គាត់ ចម្លែក លំបាក​យល់ ហើយ​ពេល​ខ្លះ មើល​ធ្លុះ​។

កើត​នៅ​កំពង់ធំ កាំង ហ្កេកអ៊ាវ ធ្លាប់​ជា​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ផ្នែក​គណិត​វិទ្យា ហើយ​បាន​ចូល​រៀន​នៅ​វិទ្យាស្ថាន​គរុកោសល្យ នៅ​ក្រុង​ភ្នំពេញ​ ក្នុង​ឆ្នាំ​១៩៦៥។ ក្រោយ​មក គាត់​បាន​ចេញ​ទៅ​ធ្វើ​គ្រូ​នៅ​ខេត្ត​កំណើត​វិញ​។ អ្នកខ្លះ​ដែល​ធ្លាប់​រៀន​ជាមួយ កាំង ហ្កេកអ៊ាវ ​បាន​ឲ្យ​ដឹង​ថា «គាត់​គឺ​ជា​គ្រូ​ម្នាក់​ ដែល​មាន​ចរិត​ស្លូតបូត ​រួសរាយ​រាក់ទាក់ មិន​ចេះ​វាយ​ឫក និង​ស្និទ្ធ​ស្នាល​ជាមួយ​សិស្ស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​ស្រលាញ់​ចូល​ចិត្ត​គ្រប់​ៗ​គ្នា»។

មួយ​វិញ​ទៀត កាំង ហ្កេកអ៊ាវ ស្អប់​មិន​ចូល​ចិត្ត​ការ​ជិះ​ជាន់​សង្កត់​សង្កិន​អ្នក​ខ្សត់​ខ្សោយ​។​ ពេល​រៀន​គ្រូ​នៅ​ភ្នំពេញ​ ដោយសារ​ក្រីក្រ គាត់​បាន​សុំ​លោក​សង្ឃ​ស្នាក់នៅ​វត្ត។ ពេល​នោះ​ហើយ​ដែល​ គាត់​បាន​សង្កេត​ឃើញ​ពី​គម្លាត​ដាច់​ឆ្ងាយ​រវាង​អ្នក​ក្រ និង​អ្នក​មាន ហើយ​ក៏​ចាប់​ផ្តើម​ចង​រុំ​គំនិត​ស្អប់​ខ្ពើម​វណ្ណៈ​ជិះ​ជាន់​អ្នក​ក្រ​ ហើយចូលចិត្ត​ផ្នត់​គំនិត​បែប​សង្គម​និយម​។

ទោះ​យ៉ាង​នេះ​ក្តី ចរិត​និង​បុគ្គលិក​លក្ខណៈ​របស់ ឌុច បាន​ប្រែប្រួល​អស់​រលីង បែរ​ទៅ​ជា​កាច​សាហាវ នៅ​ពេល​ដែល​បាន​លូក​ដៃ​ចូល​កាន់​តែ​ជ្រៅ​ ទៅ​ក្នុង​ជួរ​ក្បាល​ម៉ាស៊ីន​ខ្មែរ​ក្រហម​។ ពោល​គឺ​ពេល​ដែល​ខ្មែរ​ក្រហម​មិន​ទាន់​កាន់​កាប់​អំណាច​នៅ​ឡើយ​ ឌុច បាន​ធ្វើ​ជា​មេគុក ម១៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ បន្ទាប់​មក បង្កើត​គុក​មួយ​ទៀត គឺ​ម៩៩ ស្ថិត​នៅ​ជើង​ភ្នំ​ឱរ៉ាល់។ ពេល​នោះ​ហើយ​ដែល ឌុច ​រៀន​សូត្រ​ពី​របៀប​សួរ​ចម្លើយ និង​ធ្វើ​ទារុណ​កម្ម​អ្នក​ទោស ហើយ​យក​មក​អនុវត្ត​កាន់​តែ​ចាស់​ដៃ​ឡើង ពេល​ទទួល​បាន​មុខ​នាទី ​ជា​ប្រធាន​មន្ទីរ​ស២១ ឬ​គុក​ទួល​ស្លែង​។

ក្នុង​តំណែង​ជា​មេគុក​នេះ​ហើយ ដែល​ កាំង ហ្កេកអ៊ាវ ​ធ្លាប់​តែ​ជា​គ្រូ​បង្រៀន​ចរិត​ស្លូត​បូត​ម្នាក់ បាន​ប្រែ​ក្លាយ​ទៅ​ជា​ មេពេជ្ឈឃាដ​ ហើយ​ជា​ក៏​មេឃ្លោង​បញ្ជា​ឲ្យ​ជំរិត​យក​ចម្លើយ​សារភាព និង​ចារ​ឲ្យ​សម្លាប់ ​កម្ទេច​មនុស្ស​។ ​តាម​ឯកសារ​រក្សា​ទុក​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ ឌុច បាន​ចារ​និង​ចុះ​ហត្ថលេខា ​បញ្ជា​ឲ្យ​ធ្វើ​ទារុណ​កម្ម​ និង​សម្លាប់​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង ឬ​មន្ទីរ​ស​២១។ ហើយ​ទីនេះ​ដែល​ឲ្យ​មាន​អ្នក​ស្លាប់​អស់​ជាង​១​ម៉ឺន​២​ពាន់​នាក់ ក្នុង​នោះ ​ក៏​មាន​ដែរ ​សូម្បី​តែ​លោក​គ្រូ​អ្នក​គ្រូ​របស់​ឌុច​ខ្លួន​ឯង មិត្តភក្តិ និង​មាន​សាច់​ញាត្តិ​ខ្លះ​របស់​ខ្លួន​ទៀត​ផង​។

បើ​គេ​ពិនិត្យ​មើល​តាម​រយៈ​របៀប​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​ដ៏​សាហាវ​ឃោរឃៅ​របស់​ ឌុច បាន​ធ្វើ​ឲ្យ​អ្នក​ខ្លះ បាន​ហៅ​គាត់​ថា ជា​បិសាច។ នៅ​ពេល​ខ្លះ ​សូម្បី​តែ​ខ្លួន​គាត់ បែប​ទំនង​ជា​ធ្លាប់​គិត​ថា ខ្លួន​គាត់​ក៏​មិន​មែន​ជា​មនុស្ស​ធម្មតា​ដែរ។ ត្បិត​អី​កាល​ពី​សវនាការ​ឆ្នាំ​២០០៩ ក្នុង​រង្វង់​ក្រចក​សេះ​ ឌុច បាន​សំណូមពរ​ដល់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី និង​សុំ​ឲ្យ​មនុស្ស​ជាតិ​ទទួល​ស្គាល់​រូប​ខ្លួន​គាត់​ ថា​ជា​មនុស្ស​ម្នា​នឹង​គេ​វិញ​ផង​។

គេ​គួរ​រម្លឹក​ថា មុន​ពេល​ចាប់​ខ្លួន​ដោយ​តុលាការ​យោធា​នៅ​ឆ្នាំ​១៩៩៩ ឌុច បាន​លាក់​ខ្លួន​នៅ​ជាយ​ដែន​ និង​ប្តូរ​ឈ្មោះ​ថ្មី ហើយ​បាន​ចូល​ពិធី​ជ្រមុជ​ទឹក​ ក្នុង​សាសនា​គ្រឹស្ត​ ដែល​គេ​ជឿថា​ព្រះ​អាច​ជួយ​លាង​បាប​បាន។ ក្នុង​មនសិការ​របស់​ឌុច គ្រា​នោះ ទំនង​ជា​ទទួល​ស្គាល់​បាត់​ដៃ​ប្រលាក់​ឈាម​របស់​ខ្លួន ហើយ​ចង់​ធ្វើ​ជា​មនុស្ស​វិញ។​

ចំពោះ​បុគ្គលិក​លក្ខណៈ​របស់ ឌុច នេះ​ដែរ​, លោក François Roux ដែល​ជា​អតីត​សហ​មេធាវី​អន្តរជាតិ​របស់​ឌុច បាន​គិត​ថា ឌុច​ជា​មនុស្ស ដែល​ស្គាល់​បុណ្យ​ស្គាល់​បាប តែ​បាន​ក្លាយ​ជា​ឧបករណ៍​នៃ​មនោគមវិជ្ជា​និង​ម៉ាស៊ីន​កាប់​សម្លាប់​របស់​ខ្មែរ​ក្រហម។
មិន​ខុស​គ្នា​ប៉ុន្មាន លោក François Bizot ដែល​ធ្លាប់​ជា​អ្នក​ទោស​របស់​ឌុច​បាន​ប្រហែល​បី​ខែ​ដែរ​នៅ​ឆ្នាំ​១៩៧១ ធ្លាប់​បាន​និយាយ​ថា ឌុច​ជា​មនុស្ស​ធម្មតា ជា​មេកុម្មុយនិស្ត​ម្នាក់ ត្រៀម​ពលីជីវិត​ដើម្បី​បដិវត្តន៍ បាន​បំពេញ​បេសកកម្ម​ដែល​បក្ស​បាន​ដាក់​ទិស​ឲ្យ​ធ្វើ។

ប៉ុន្តែ​បើ​តាម​ការ​យល់​ឃើញ​របស់​សមិទ្ធិករ​ខ្មែរ ប៉ាន់ ឫទ្ធី ដែល​បាន​ជួប​ជាមួយ​ឌុច បាន​ថត​និង​បាន​ដេញ​ដោល​សួរ​ឌុច ជាង​៣០០​ម៉ោង​ គឺ​ថា​ កាំង ហ្កេកអ៊ាវ ហៅ​ឌុច មិនមែន​ជា​បិសាច​ ហើយ​ក៏​មិន​មែន​ជា​មនុស្ស​ធម្មតា​ដែរ។ ត្បិត​អតីត​មេគុក​ទួល​ស្លែង វ័យ​៧៤​ឆ្នាំ​រូប​នេះ មាន​បុគ្គលិក​លក្ខណៈ​ផ្លាស់​ប្តូរ​ បត់​បែន និង​លំបាក​តាម​ជាន់​ជើង​ណាស់​។

ព្រោះ​ថា កាល​ពី​ពេល​ជំនុំ​ជម្រះ​រូប​គាត់ ក្នុង​សំណុំ​រឿង​០០១ នៅ​ពេល​ដែល​ភស្តុតាង​ដាក់​បន្ទុក​លើ​រូប​គាត់​បាន​គាស់​កកាយ​ស្រេច​អស់​ហើយ​ ឌុច បាន​សហការ​ជាមួយ​តុលាការ បាន​សារភាព​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ​បាន​សម្តែង​វិប្បដិសារី​ ហើយ​ថែម​ទាំង​បាន​យំ សុំទោស​ជន​រងគ្រោះ​ថែម​ទៀត​។ លើស​ពីនេះ ឌុច បាន​សុំ​ឲ្យ​មនុស្ស​ជាតិ​ទុកទ្វារ​បេះដូង​ឲ្យ​ចំហ ដើម្បី​លោក​អាច​ចូល​ទៅ​សុំ​ទោស​ផង។
ក៏​ប៉ុន្តែ រួច​មក​ស្រាប់​តែ​ ឌុច​ បាន​សុំ​ចៅក្រម​លើក​លែង​ទោស ហើយ​មិន​សុខ​ចិត្ត​នឹង​​សេច​ក្តី​សម្រេច​របស់​សាលា​ដំបូង ហើយ​បន្ត​ប្តឹងសារ​ទុក្ខ​ទៅ​ទៀត​។ ត្រង់​ចំណុច​នេះ គេ​អាច​មើល​ឃើញ​ថា ឌុច​មិន​មែន​ជា​បិសាច​ទេ តែ​ជា​មនុស្ស​ដែល​ចង់​សុខ​កាយ មិន​ចង់​ដេក​នៅ​ក្នុង​គុក និង​ចង់​បាន​សេរីភាព​ដូច​មនុស្ស​ទូទៅ​ដែរ។

ដោយ​ឡែក​ចំពោះ​អ្នក​ដែល​រួច​ពី​ស្លាប់​នៅ​គុកទួល​ស្លែង​ យល់​ថា​ ឌុច ជា​មនុស្ស​ឆ្លាត​ តែ​កាច​សាហាវ ពូកែ​លាក់​ពុត ពូកែ​កុហក​ភូតភរ។ នៅ​ពេល​ដែល ឌុច ទ្រហោ​យំ​សុំ​ទោស​ជន​រងគ្រោះ ជា​ឆាក​លោ្ខន​សុទ្ធ​សាធ។

យ៉ាងណា​ក៏​ដោយ ទោះ​បី​ជា ឌុច ហាក់​បាន​សម្តែង​ថា ខ្លួន​ចង់​វិល​មក​រក​ឋាន​មនុស្ស​ជាតិ​វិញ​ក៏​ដោយ ក៏​សមិទ្ធិករ ប៉ាន់ ឫទ្ធី បាន​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​ខ្មែរ​ក្រហម​រូប​នេះ​ទុក​ក្នុង​ទំព័រ​ប្រវត្តិសាស្រ្ត​រួច​ស្រេច​ហើយ​ ថា​ជា គ្រូ​លត់​ដំ​នៅ​ឋាន​នរក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ