អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ស្ត្រី​​ខ្មែរ​​មិន​គួរ​​រង​គ្រោះ​​ព្រោះ​តែ​​រក​ប្រាក់​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើទោះបី​ជាមាន​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ស្ត្រី​ខ្មែរ​វ័យក្មេង​រងគ្រោះ​នៅឯ​បរទេស​ដោយ​បណ្តាញ​ជួញដូរ​មនុស្ស ឬ​ដោយ​ការកេងប្រវ័ញ្ចផ្សេង។ អ្នកខ្លះ​ត្រូវបាន​មេខ្យល់​នាំទៅ​លក់ អ្នក​ខ្លះទៀត​រងគ្រោះ​ព្រោះ​រៀបការ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចិញ្ចឹម​គ្រួសារ។ ក៏មានដែរ​ស្ត្រី​ខ្មែរ​ខ្លះ​ដែល​រងគ្រោះ​ព្រោះ​ការមិន​ទទួលខុសត្រូវ​របស់​ភ្នាក់ងារ​ជ្រើសរើស​ពលករ​មួយចំនួន។ ពួកគេ​បាន​ក្លាយជា​ជនរងគ្រោះ ព្រោះតែ​ស្វែងរក​ប្រាក់​ចិញ្ចឹម​គ្រួសារ។

ស្ត្រី​វ័យ​ក្មេង​ទាំងនេះ​ ចង់ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ ​តែត្រូវ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ដើម្បី​សាក​សួរ​ការ​ពីថ្ងៃ ​ទី ៣០ ខែ កក្តដា ឆ្នាំ២០១២។
ស្ត្រី​វ័យ​ក្មេង​ទាំងនេះ​ ចង់ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ ​តែត្រូវ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ដើម្បី​សាក​សួរ​ការ​ពីថ្ងៃ ​ទី ៣០ ខែ កក្តដា ឆ្នាំ២០១២។ ©channa/rfi
ផ្សាយពាណិជ្ជកម្ម

ជារឿយៗ ស្ត្រី​ខ្មែរវ័យក្មេងៗត្រូវបាន​គេ​ជួយសង្គ្រោះ​ឲ្យ​វិល​ត្រឡប់មក​ស្រុក​វិញ​បន្ទាប់ពី​បាន​ចាញ់បោក​គេ​ហើយ​ធ្លាក់​ក្នុង​បណ្តាញ​ជួញដូរ​មនុស្ស​គួរ​ឲ្យ​រន្ធត់។ នេះ​នៅ​មិនទាន់​រាប់​ស្រី្ត​ខ្មែរ​ជាច្រើន​ទៀត​ដែល​កំពុង​រងគ្រោះ​នៅក្រៅ​ប្រទេស​ដោយ​គ្មាន​អ្នកណា​ដឹងផង​នោះទេ។ ស្ត្រី​ទាំងនោះ ភាគច្រើន​បាន​ធ្លាក់​ក្នុង​បណ្តាញ​ជូ​ញ​ដូរ​មនុស្ស ឬ​ក្នុង​ស​ភាពជា​ទាសករ​តាមរយៈ​ពិធី​រៀបការ​បន្លំ​ភ្នែក​ជាមួយ​ជនបរទេស​ជាពិសេស​ជាមួយ​ជនជាតិ​ចិន និង កូរ៉េ។

គេ​នៅ​ចាំបាន​ថា កាលពីមុន ការប្រមូល​ស្ត្រី​ខ្មែរ​មក​ដាក់តាំង​ឲ្យ​បុរស​កូរ៉េ ឬ​ចិនតៃវ៉ាន់​ជ្រើសរើស​ធ្វើជា​ប្រពន្ធ​គឺជា​រឿង​ពេញនិយម។ ប៉ុន្តែ ក្រោយពី​អាជ្ញាធរ​បាន​ចាត់វិធានការ​មួយចំនួន​បន្ទាប់ពី​មាន​ស្ត្រី​ខ្មែរ​ជាច្រើន​ធ្លាក់​ក្នុង​បណ្តាញ​ជួញដូរ​មនុស្ស​មក​នោះ រឿងនេះ​ក៏បាន​ស្ងប់ស្ងាត់​បន្តិច​វិញ។ យ៉ាងណាក៏ដោយ ស្ត្រី​ខ្មែរ​ជាច្រើន​នៅតែ​បន្ត​រងគ្រោះ​ព្រោះតែ​ចង់បាន​ប្រាក់។

ជាការ​ពិត ការជ្រើសរើស​គូស្រករ​គឺជា​សេរីភាព​របស់​មនុស្ស​គ្រប់គ្នា ហើយក៏​គ្មាន​ការហាម​ប្រាម​មិន​ឲ្យ​ជាតិ​សាសន៍​មួយ​ស្រឡាញ់​ជាតិ​សាសន៍​មួយទៀត​នោះដែរ។ ប៉ុន្តែ ជាតិ​សាសន៍នីមួយៗសុទ្ធ​តែមាន​ប្រពៃណី និង​កិត្តិយស​ដែល​មិនអាច​បំពាន​បានជា​ពិសេស​គឺ​ស្ត្រី​តែម្តង។ សង្គម​ខ្មែរ និង​ស្ត្រី​ខ្មែរ​ក៏មាន​តម្លៃ​ជា​ប្រពៃណី និង​កិត្តិយស​របស់ខ្លួន​ដែរ។ ទោះបីជា បុរស​ខ្មែរ​ត្រូវ​ចូល​ស្តីដណ្តឹង និង​ជូន​បណ្ណាការ​ទៅ​ឲ្យ​ភាគី​ខាង​ស្រី ប៉ុន្តែ ទង្វើ​នេះ​ត្រូវបាន​គេ​ផ្តល់​អត្ថន័យ​ជា​កិត្តិយស គឺ​មិនមែន​ជាការ​ទិញដូរ​ឡើយ។ ម្យ៉ាងទៀត បច្ចុប្បន្ន ក៏​គ្មាន​បុរស​ខ្មែរ​ណា​មាន​សិទ្ធិ​ឲ្យ​គេ​ប្រមូលផ្តុំ​ស្ត្រី​មក​ឲ្យ​ខ្លួន​រើស​ធ្វើ​ប្រពន្ធ​នោះដែរ។ ប៉ុន្តែ ជា​អ​កុល​ស ស្ត្រី​ខ្មែរ​មួយចំនួន​បែរជា​ត្រូវបាន​ជនបរទេស​ដើរ​រើស​ធ្វើ​ប្រពន្ធ​ដូចជា​រើសមុខ​ទំនិញ។  

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​មួយចំនួន​ធ្លាក់​ក្នុង​សភាព​បែបនេះ៖
មូលហេតុ​ទី១ គឺ​ភាពក្រីក្រ ដែលជា​កត្តា​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ជាពិសេស​ស្ត្រី​តែម្តង​ធ្លាក់​ក្នុង​សភាព​ងាយ​រងគ្រោះ​ព្រោះ​ការជួញដូរ។ ពួកគេ​ប្រាថ្នា​ចង់​រៀបការ​ជាមួយ​ជនបរទេស​ពី​ព្រោះតែ​ហេតុផល​ម្យ៉ាង​គត់​គឺ«ប្រាក់»។ ប្រាក់​បានធ្វើ​ឲ្យ​ស្ត្រី​វ័យក្មេង​ជាច្រើន​ជាពិសេស​ឪពុកម្តាយ​របស់​ពួកគេ​តែម្តង​ភ្លេច​គិតពី​កិត្តិយស និង​គ្រោះថ្នាក់​ដល់​កូន។

មូលហេតុ​ទី២ គឺ​ផ្នត់គំនិត​របស់​ពលរ​ដ្ឋ​ខ្មែរ​ដែល​តែង​ផ្តល់​តម្លៃ​ហួសហេតុ​ដល់​អ្វី​ដែលជា​បរទេស មិន​ថា​ជា​មនុស្ស​ឬ​វត្ថុ​នោះឡើយ។ នេះ​មកពី​សង្គម​ខ្មែរ​បាន​ឆ្លងកាត់​សង្គ្រាម​វិនាសកម្ម​ច្រើនពេក​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាត់បង់​មោទនភាព​ជាតិ​របស់ខ្លួន ហើយ​បែរ​ទៅ​ផ្តល់​តម្លៃ​ខ្លាំង​ដល់​បរទេស​ពោលគឺ​រៀបការ​ជាមួយ​បរទេស​ត្រូវបាន​គ្រួសារ​ខ្មែរ​ជាច្រើន​គិតថា «មាន​ទាំង​លុយ មាន​ទាំង​កិត្តិយស»។
 
មូលហេតុ​ទី៣ គឺ​ភាពខ្វះ​ចន្លោះ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​ក្នុងការ​ការពារ​កិត្តិយស​ស្ត្រី និង​តម្លៃសង្គម​របស់ខ្លួន។ ភាពខ្វះ​ចន្លោះ​នេះហើយ​ដែលជា​បុព្វហេតុ​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​ជាច្រើន​ធ្លាក់ខ្លួន​ជា​ទាសករ​ផ្លូវភេទ ឬ​ជា​អ្នកបម្រើ​ដាច់​ថ្លៃ​នៅឯ​ស្រុក​គេ។ បន្ថែម​ពីលើ​នេះ តម្លៃ​ទឹកប្រាក់​និង​សម្ភារៈ​និយម​ដែល​កំពុងតែ​យកឈ្នះ​កាន់តែខ្លាំងឡើងៗទៅលើ​តម្លៃ​ខាង​សីលធម៌​ក៏​ជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ​រុញច្រាន​សង្គម​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដែរ។

ដើម្បី​ការពារ​ស្ត្រី​ខ្មែរ​កុំ​ឲ្យ​រងគ្រោះ​តទៅទៀត មាន​កិច្ចការ​ចំពោះមុខ​មួយចំនួន​ដែល​ត្រូវ​រួមគ្នា​ធ្វើ។ កិច្ចការ​សំខាន់​ទី១គឺ​ការលុបបំបាត់​ភាពក្រីក្រ និង​ការកសាង​មោទនភាព​ជាតិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា។ សន្តិភាព​មាន​ហើយ ការអភិវឌ្ឍ​ក៏មាន​ហើយ​ដែរ ប៉ុន្តែ អ្វីដែល​នៅ​សេសសល់​គឺ​ការ​ប្រែក្លាយ​សន្តិភាព និង​ការអភិវឌ្ឍ​នោះ​ឲ្យ​ទៅជា​ប្រយោជន៍​របស់​ពលរដ្ឋ​គ្រប់គ្នា​ដោយ​សមធម៌។ ការបង្កើត​ការងារ​ក្នុងស្រុក​ក៏​ជា​សំណាញ់​សុវត្ថិភាព​មួយទៀត​សម្រាប់​ស្ត្រី​ខ្មែរ។

ទន្ទឹមនឹងនោះ គ្រួសារ​ខ្មែរ​ក៏ត្រូវ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ដោយ​ឈប់​ផ្តល់​តម្លៃ​ហួសហេតុ​ទៅលើ​អ្វី​ដែលជា​បរទេស និង​ឈប់​ស្រឡាញ់​លុយ​ជាង​កូនចៅ​របស់ខ្លួន។ ក្រៅពីនោះ ការការពារ​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​ឲ្យ​បាន​គឺជា​កាតព្វកិច្ច​របស់​អា​ជ្ញា​ធរ​រដ្ឋាភិបាល។ ប្រសិនបើ​កត្តា​ទាំងនេះ​ត្រូវបាន​បំពេញ ស្ត្រី​ខ្មែរ​នឹងមិន​រងគ្រោះ​ព្រោះ​ការជួញដូរ​ដូចជា​ទំនិញ​តទៅទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ